សិក្ខាសាលាផ្សព្វផ្សាយស្តីពីការរៀបចំធ្វើផែនការប្រើប្រាស់ដីធ្លី ឃុំ សង្កាត់ ឆ្នាំ២០១៨

0

ក្រចេះ :សិក្ខាសាលាផ្សព្វផ្សាយអំពីដំណើរការរៀបចំផែនការប្រើប្រាស់ដី នៅក្នុងឃុំ សង្កាត់ រៀបចំដោយមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី សហការជាមួយអង្គការ WWF និងអញ្ជើញជាអធិបតីពីឯកឧត្តម ខ័ណ ចំណាន អភិបាលរងខេត្តនិងសិក្ខាកាមប្រមាណជាង ៤០០នាក់ កាលពីព្រឹកថ្ងៃ០៦ ខែធ្នូ ឆ្នាំ២០១៨ នៅសាលមហោស្រព្វខេត្តក្រចេះ។

លោកបណ្ឌិត កៅ ម៉ាឌីឡែន ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី បានគូសបញ្ជាក់ពី គោលបំណងសិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ គឺដើម្បីពង្រឹងដំណើរការរៀបចំផែនការប្រើប្រាស់ដីនៅក្នុងឃុំ សង្កាត់ ឲ្យបានត្រឹមត្រូវ និងផ្តល់ប្រយោជន៍ជាអតិបរិមាដល់សង្គមជាតិ ស្របតាមគោលការណ៍ច្បាប់ស្តីពីការរៀបចំយុទ្ធសាស្រ្តគ្រប់គ្រងដីធ្លីដោយផ្តោតសំខាន់លើវិធានការពង្រឹងប្រព័ន្ធគ្រប់គ្រងការលុបបំបាត់ភាពអនាធិបតេយ្យ ក្នុងការកាន់កាប់ដីរបស់រដ្ឋ សំដៅកាត់បន្ថយទំនាស់ដីធ្លី និងធានាសុវត្ថិភាពក្នុងការកាន់កាប់ដី បន្តដោះស្រាយវិវាទដីធ្លីក្រៅប្រពន្ធ័តុលាការ ដោយសហការជាមួយក្រុមការងារដោះស្រាយវិវាទដីធ្លីរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
ជាមួយគ្នានេះលោក ហម ចាន់ដេត តំណាងអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) កម្ពុជា បានបញ្ជាក់ថា ៖ ទន្ទឹមនិងការអនុវត្តន៍ការងារលើជីវៈចម្រុះ និងធនធានធម្មជាតិទាំងនេះផងដែរ ក៏ទទួលនូវការគំរាមគហែងពីសកម្មភាពផ្សេងៗ ដូចជា ៖ ការទន្រ្ទានដីព្រៃដោយខុសច្បាប់សម្រាប់ធ្វើកសិកម្មនិងការតាំងលំនៅដ្ឋាន ការកាប់ឈើខុសច្បាប់ក្នុងព្រៃសហគមន៍ ការប្រមាញ់សត្វព្រៃ ការនេសាទដោយនេសាទដោយប្រើឧបករណ៍ខុសច្បាប់ និងសំណើរគម្រោងអភិវឌ្ឍន៍ទនប់វារីអគ្គីសនី នៅលើដងទន្លេមេនៃទន្លេមេគង្គជាដើម ។
មានប្រសាសន៍បន្ថែម ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលខេត្តស្តីទី បានមានប្រសាសន៍ថា ៖ ការរៀបចំផែនការប្រើប្រាស់ដីធ្លីនេះ គឺផ្អែកលើគោលការណ៍នៃភាពជាម្ចាស់របស់មូលដ្ឋាន ព្រមទាំងការត្រួតពិនិត្យដំណើរការធ្វើផែនការដោយមានការចូលរួមពីក្រសួង និងមន្ទីររៀបចំដែនដីខេត្ត រួមទាំងក្រុមការងារអន្តរក្រសួងក្នុងការធ្វើផែនការប្រើប្រាស់ដីធ្លីដូចដែលបានចែងក្នុងគោលការណែនាំ ។
ឯកឧត្តមបន្តថា ៖ បច្ចុប្បនេះ មន្ទីររៀបចំដែនដីខេត្តក្រចេះ បាននឹងកំពុងរៀបចំដំណើរការនៃការរៀបចំផែនការប្រើប្រាស់ដីធ្លីថ្នាក់ឃុំចំនួនពីររួមមាន៖ ឃុំជ្រោយបន្ទាយ ស្ថិតនៅក្នុងស្រុកព្រែកប្រសព្វ និងឃុំអូរគ្រៀង ក្នុងស្រុកសំបូរ ខេត្តក្រចេះក្រោមជំនួយថវិការបស់រដ្ឋាភិបាល ប៊ែល ហ្សិក តាមរយៈ អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ ប្រចាំនៅកម្ពុជា ហៅកាត់ថា អង្គការ WWF-កម្ពុជា ។ ទាំងអស់នេះហើយ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជន ព្រមទាំងកែលម្អសេវាសាធារណៈផ្តល់ជូនប្រជាជនអោយមានភាពកាន់តែល្អប្រសើរឡើង និងស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ៕