ខេត្តកំពង់ធំ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិនៃអ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ “អ្នកស្ម័គ្រចិត្តដើម្បីសហគមន៍យើង” នៅបរិវេណប្រាសាទសំបូរព្រៃគុក ស្ថិតនៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព រួមជាមួយ អ្នកស្ម័គ្រចិត្ត និងយុវជន យុវតី កាកបាទក្រហមកម្ពុជា មកពីស្រុកសណ្តាន់ ប្រាសាទបល្ល័ង្ក និងប្រាសាទសំបូរ ប្រមាណ ជាង ៤០០នាក់ ក្នុង
ផោគោលបំណងដើម្បីជាការដឹងគុណ និងកិច្ចខិតខំប្រឹងប្រែងទាំងកំលាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងពេលវេលាដើម្បីសកម្មភាពមនុស្សធម៌ ដែលជាផ្នែកមួយនៃការការសំរាលទុក្ខលំបាក និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានធ្វើការកោតសរសើរ ដល់ក្មួយៗ សមាជិក សមាជិកា ទាំងអស់ ដែលបានលះបង់ពេលវេលា ទាំងកំលាំងកាយចិត្ត ចូលរួមស្ម័គ្រចិត្ត អស់ពីដួងចិត្ត បំរើការងារដល់សាខាកាកបាទក្រហមកម្ពុជាកន្លងមក។ ឯកឧត្តមបន្ថែមទៀតថា អ្នកស្ម័គ្រចិត្តគឺជាប្រតិបត្តិករដែលចុះមុនគេបង្អស់ ដោយធ្វើការងារមនុស្សធម៌ដោយផ្ទាល់ជាមួយអ្នកងាយរងគ្រោះទាំងឡាយ នៅក្នុងសហគមន៍របស់ខ្លួន និងជាអ្នកដែលប្រើជំនាញរបស់ខ្លួន ដោយឈរលើកគោលការណ៍ទាំង៧ចំណុច របស់កាកបាទក្រហមកម្ពុជា ដើម្បីឲ្យក្លាយខ្លួនជាឆ្អឹងខ្នង របស់ចលនាពិតៗ។
ឯកឧត្តម បានបញ្ជាក់ទៀតថា តួនាទីរបស់អ្នក១ស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ដែលមានជាអាទិ៍ គឺត្រូវឲ្យមានតំណាង កាកបាទក្រហមកម្ពុជា មាននៅក្នុងសហគមន៍ រៀបចំផែនការ និងអនុវត្តផែនការណ៍ ដើម្បីជួយដល់សហគមន៍ ដោយស្ម័គ្រចិត្ត និងមិនទាមទាកំរៃ និងត្រូវផ្តល់ការជួយសង្គ្រោះមាននៅក្នុងភូមិ ត្រូវចេះផ្តល់ការអប់រំសុខភាព ដើម្បីឲ្យមានភាពប្រសើរឡើង នូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ ប្រមូលព័ត៌មានពីគ្រោះមហន្តរាយ និងព័ត៌មានផ្សេងៗដែលពាក់ព័ន្ធ និងត្រូវបញ្ជូនព័ត៌មាន ទាំងអស់ទៅអនុសាខាកាកបាទក្រហមកម្ពុជា ដែលនៅជិតបំផុត។
ចុងបញ្ចប់ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអំពាវនាវដល់សប្បុរសជនទាំងក្នុងប្រទេស និងក្រៅប្រទេសទាំងអស់ សូមបន្តរជួយផ្តល់អំណោយមនុស្សធម៌ដល់ជនទីទ័លក្រ ចាស់ជរាបន្តទៀត និងសំណូមពរដល់ក្មួយៗ ក៏ដូចជាបងប្អូនទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន និងចែកជូនលិខិតសរសើរ ប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តផងដែរ៕





































