VIDEO សកម្មភាព​​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ​ បន្ត​សាងសង់​ផ្ទះ​លើកទី១០៦ជូន​អតីត​យុទ្ធ​ជនខេត្តកំពង់ធំ ​

0

 កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានចាត់តាំងឲ្យ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដឹកជញ្ជូនឈើគ្រឿងផ្ទះ ដែលជាខ្នងទី១០៦ អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនដល់អតីតយុទ្ធជន ឈ្មោះ នួន សាខន។

សកម្មភាពដឹកឈើគ្រឿងផ្ទះ ដើម្បីទៅសាងសង់ជូនលោក នួន សាខន ដែលជាអតីតយុទ្ធជន មានអាយុ៦៤ ឆ្នាំ មានកូនចំនួន០៤ នាក់ កូនម្នាក់នៅក្នុងបន្ទុក និងទទួលភារៈចិញ្ចឹមចៅចំនួន ០២ នាក់ថែមទៀត អតីតជាមន្ត្រីនគរបាលចូលនិវត្តន៍ ចូលបម្រើនរគបាល នៅឆ្នាំ១៩៨៨ មានឋានន្តរស័ក្តិថ្នាក់ អនុសេនីយ៍ឯក បច្ចុប្បន្នរាជរដ្ឋាភិបាលផ្តល់ជូនគាត់ប្រាក់បៀវត្សក្នុងមួយខែ ៨៣០,០០០រៀល មានភរិយាឈ្មោះ សូ រិយា ដោយសារតែមានជំងឺប្រចាំកាយ ត្រូវបានចំណាយថវិកាជាច្រើន ធ្វើឲ្យមានជីវភាពខ្វះខាតមិនអាចប្រកបមុខរបរអ្វីធ្ងន់ៗបានទេ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ក្រោយពីបានពិនិត្យស្ថានភាពដ៏លំបាកបែបរបស់អតីតយុទ្ធជន ទើបស្នើរសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអនុញ្ញាតិឲ្យដឹកឈើគ្រឿងផ្ទះទៅសាងសង់ផ្ទះ មានទំហំ ៦មx៤ម សាងសង់ខ្ពស់បំផុតពីដី រនាប និងជញ្ជាំង ក្តារ ប្រក់ស័ង្កសី មានជណ្តើរកាច់ ជូនលោក នួន សាខន ជាបន្ទាន់នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨រស់នៅភូមិកំពង់រទេះ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដើម្បីជាការដឹងគុណចំពោះអតីតយុទ្ធជន ដែលបានចូលរួមចំណែកក្នុងការការពារកុំឲ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត វិលត្រឡប់មកវិញ ក៏ដូចជាការពារ សុខសន្តិភាព និងការអភិវឌ្ឍន៍ជូនព្រះរាជាណាចក្រកម្ពុជា ឲ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ  ដែលជាការយកចិត្ត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន គ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ។

ដោយឡែកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ គិតមកដល់ពេលនេះ បានសាងសង់ផ្ទះ និងប្រគល់ជូន អតីតយុទ្ធជន ដែលមានដី-គ្មានផ្ទះ និងមានផ្ទះរស់នៅមិនសមរម្យ នៅទូទាំងខេត្ត បានចំនួន ១០៤ ខ្នងផ្ទះរួចហើយ និងកំពុងតែសាងសង់ផ្ទះខ្នងទី១០៥ និងទី១០៦ បន្ថែមទៀតជូនអតីតយុទ្ធជនខេត្ត​កំពង់ធំ។

ដោយ  ប៊ុន រដ្ឋា