កំពង់ចាម: ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម រួមនឹងមន្ត្រីជំនាញថ្នាក់ក្រសួង ថ្នាក់ខេត្ត នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញចុះពិនិត្យទីតាំងបាក់ស្រុតច្រាំង សិក្សាបច្ចេកទេស និងចរន្តខ្សែទឹកហូរ ដើម្បីពិនិត្យលទ្ធភាព និងបច្ចេកទេស ក្នុងការរៀបចំស្ថាបនាស្តារឡើងវិញនូវអ្វីដែលខូចខាត ឲ្យបានរឹងមាំ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ជៀសវាងការបាក់ស្រុតសារជាថ្មី។ 
គួររំលឹកផងដែរថា បន្ទាប់ពីទឹកជំនន់ទន្លេមេគង្គ ចាប់ផ្ដើមស្រកចុះ ស្រាប់តែមានករណីបាក់ស្រុតច្រាំងទន្លេជាបន្តបន្ទាប់ ដែលជាក្តីកង្វល់របស់អាជ្ញាធរខេត្ត ក៏ដូចជាស្ថាប័នជំនាញ ក្នុងការរិះរកវិធីទប់ស្កាត់ និងជួសជុលឬសាងសង់ឡើងវិញផងដែរ។ 
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានឲ្យដឹងថា ការបាក់ច្រាំងទន្លេជាថ្មីនេះ បានកើតមានឡើង បន្ទាប់ពីទឹកជំនន់ទន្លេមេគង្គ ចាប់ផ្ដើមស្រកផុតច្រាំង ដោយការបាក់ស្រុតច្រាំងទន្លេដែលបានកសាងឡើងក្នុងអំឡុងឆ្នាំ២០១៣នេះ គឺស្ថិតនៅក្នុងភូមិទី១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលមានចំនួន២កន្លែង បណ្ដាលឲ្យខូចខាតខឿនច្រាំងទន្លេសម្រាប់ការពារទឹកជំនន់ និងសួនច្បារ ក្នុងនោះបានបាក់ស្រុតរហូតដល់រូបចម្លាក់សត្វដំរី និងសត្វតោសម្រាប់លម្អ ផងដែរ។ 
លោកប្រធានមន្ទីរធនធានទឹក បានបន្តទៀតថា បើយោងតាមការសិក្សាស្រាវជ្រាវជាបឋម របស់មន្ត្រីជំនាញ នៃក្រសួងធនធានទឹកនិងឧតុនិយម បានបង្ហាញថា ការបាក់ស្រុតច្រាំងទន្លេខាងលើជាថ្មីនេះ គឺបណ្ដាលមកពីការប្រែប្រួល នៃចរន្តទឹកទន្លេមេគង្គនារដូវវស្សាកន្លងមក។ បើយោងតាមការពិនិត្យជាក់ស្ដែងស្ថានភាពនេះទំនងជាមិនអាចជួសជុលលើសំណង់លើកទី១បាននោះទេ។ លុះត្រាតែសាងសង់ថ្មីឡើងវិញ។ ហើយនេះក៏ជាគម្រោងធំរបស់ថ្នាក់ជាតិ ដែលត្រូវរកលទ្ធភាពសាងសង់ឡើងវិញនារដូវទឹកស្រកខាងមុខនេះ ៕






































