កំពង់ចាម: គណៈកម្មការអាចារ្យវត្ត ជ្រោយថ្មរ ខេត្តកំពង់ចាម នាពេលថ្មីៗនេះ បានសម្តែងការព្រួយបារម្មណ៍ ចំពោះបច្ច័យ របស់សម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានប្រគេនមកអោយអតីតៈព្រះមេគុណខេត្តកំពង់ចាមនិងជាចៅអធិការវត្តជ្រោយថ្មរ លោក អន ធាងអាន ដើម្បីទុកកសាងសាលាបាលី ក្នុងវត្តជ្រោយថ្មរ។ការព្រួយបារម្មណ៍របស់តាអាចារ្យគណៈកម្មការវត្ត ជ្រោយថ្មរនេះ គឺកើតឡើងបន្ទាប់ពីអតីតៈព្រះមេគុណខេត្តកំពង់ចាម និងជាចៅអធិការវត្តជ្រោយថ្មរ បានលាចាកសិក្ខាបថ ជាង១ខែនេះ ហើយនិងរៀបចំមង្គលការនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។
ប្រភពពីអាចារ្យវត្តជ្រោយថ្មរ បានអោយដឹងថា កាលពីល្ងាចថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៨ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញី ថ្វាយព្រះ និងនាំយកទេយ្យវត្ថុជាច្រើន ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តទុស្សនារាម (ហៅវត្តជ្រោយថ្ម) និងវត្តខេមវ័ន បឹងស្នាយ ដែលស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។ដែលជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគេនថវិកាចំនួន៥ម៉ឺនដុល្លាផងដែរទុកអោយ លោក អន ធាងអាន អតីតៈព្រះមេគុណខេត្ត និងជាចៅអធិការវត្តជាអ្នកកាន់កាប់ ដើម្បីកសាងសាលាបាលី ។ប៉ុន្តែ នៅពេលដែល លោក អន ធាងអាន បានលាចាកសិក្ខាបថ រយៈពេលជាងមួយខែ
ខាងគណៈកម្មការអាចារ្យវត្ត មិនបានទទួល ព័ត៌មានជាក់លាក់អំពីថវិកានោះទេ ។ដោយមិនដឹងថា តើ អតីតៈមេគុណខេត្ត អន ធាងអាន យកថវិកានោះចាត់ចែងទៅលើអ្វី និងទុកនៅឯណានោះទេ ដែលប្រការនេះ ធ្វើអោយកើតមានមន្ទិលសង្ស័យនោះ ។បើតាម លោក តាអាចារ្យដដែលថា ដោយឡែកនៅមានថវិកាចំនួនជាង១ម៉ឺនដុល្លាផ្សេងទៀតដែលបានមកពីសប្បុរសជន ចូលបច្ច័យទុកទិញដី ជាប្រយោជន៍វត្ត ហើយថវិកានេះ ក៏ លោក អន ធាងអាន ជាអ្នកកាន់កាប់ដែរ ហើយលុយនោះ មិនទាន់បានចាត់ចែងក្នុងការទិញដីនោះទេ ។
ទាក់ទិនទៅក្តីកង្វល់របស់អាចារ្យវត្តជោយថ្មរ នោះ អតីតៈព្រះមេគុណខេត្តកំពង់ចាមនិងជាចៅអធិការវត្តជ្រោយថ្មរ លោក អន ធាងអាន បានបំភ្លឺថា លុយចំនួន៥ម៉ឺនដុល្លា ដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគេន គឺលោក បានផ្ញើនៅក្នុងធនាគារ មិនទាន់បានចាត់ចែងសាងសង់អ្វីទេ ។ដោយឡែក ចំពោះថវិកាជាង ១ម៉ឺនដុល្លាទៀត លោក បានយកទៅជួយកសាងសាលាបាលី នៅភូមិទួលបី ក្នុងស្រុកកងមាស ដែលជាស្រុកកំណើតរបស់លោក ហើយថវិកានេះ លោកសន្យា និងសងមកវត្តជ្រោយថ្មរវិញ ប៉ុន្តែ គ្មានថ្ងៃកំណត់នោះទេ។
ដោយមានពាក្យចរចាមអារាមថា ការលាចាកសិក្ខាបថរបស់លោក អន ធាងអាន អាចមានការបង្ខិតបង្ខំ ក្នុងរឿងស្នេហា ពីព្រោះ វាជាការកម្រ ដែល មានព្រះសង្ឍ ឋានៈជា ព្រះមេគុណខេត្ត និងជាចៅអធិការវត្តផងនោះ លាចាកសិក្ខាបថដូច្នេះ ។ប៉ុន្តែយ៉ាងណាក៏ដោយ ចំពោះរឿងរ៉ាវស្នេហា លោក អន ធាងអាន បានបំភ្លឺថា បានកើតឡើងក្រោយពីលោក បានសឹក ហើយមង្គលការនេះ គឺគ្មានការបង្ខិតបង្ខំពីភាគីណាមួយនោះទេ ។លោកថា ប្រការដែលលោក លាចាកសិក្ខាបថនេះ មូលហេតុមកពីអស់និស្ស័យ និងមានជម្ងឺប្រចាំកាយ មិនអាច អត់អាហារល្ងាចបាន។ហើយក្រោយពីសឹក ម្តាយរបស់លោក បានស្តីដណ្តឹងប្រពន្ធអោយតែម្តងទៅ ដែលនិងត្រូវចូលរោងការនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ។




































