ក្រចេះ៖ កម្លាំងកងរាជអាវុធហត្ថ សហកាជាមួយជំនាញរដ្ឋបាលព្រៃឈើស្រុកស្នួល និងមន្ត្រីបរិស្ថានខេត្ត បានចុះបង្ក្រាបបិទទីតាំងឡ
ធ្យូងរបស់ជនជាតិវៀតណាមមួយកន្លែងស្ថិតនៅចំណុចឃុំឃ្សឹមស្រុកស្នួលខេត្តក្រចេះ កាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ ។
ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងឡធ្យូងខាងលើកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សចំនួន 2នាក់ក្នុងនោះមានជនជាតិវៀតណាមម្នាក់ព្រមទាំងរឹបអូសបានខ្យូងចំនួន 500បេ ស្មើនិង១៥តោន ប្រគល់ជូនទៅខាងមន្ត្រីបរិស្ថានរក្សាទុកនិងកសាងសំណុំរឿងចាត់កាបន្តរ ។
បើតាមប្រភពពីសមត្ថកិច្ចនៅស្រុកស្នួលបានបង្ហើបឲ្យដឹងថាទីតាំងឡធ្យូងខាងលើនេះត្រូវបានក្រុមជនជាតិវៀតណាមធ្វើសកម្មភាព
ចាប់តាំងពីអំឡុងខែមេសាមកម្ល៉េះ ហើយឈើដែលគេកាប់យកមកប្រើនោះ សុទ្ឋតែជាឈើមិនគ្រប់អាយុ ដែលកាប់ចេញពីក្នុងតំបន់ដែនអភិរក្សជីវៈចម្រុះកែវសីមា ។
ប្រភពបានបង្ហើបឲ្យដឹងទៀតថាជុំវិញសកម្មភាពនៃការកាប់អុសចាប់ឈើតូចៗចូលឡធ្យូងលើនេះគឺហាក់មានភាពមិនប្រក្រតីដោយសារមានកាបើកអោយកម្មករវៀតណាមនៅបម្រើការក្នុងទីតាំងមួយនេះ។
មន្ត្រីរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា ទីតាំងសិប្បកម្មឡធ្យូងនេះ គឺជាតំបន់គ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តក្រចេះ ហើយឡធ្យូងមាន ចំនួន១២ឡធំៗ មន្ត្រីដ៍ដែលថាកន្លងមកជំនាញរដ្ឋបាលព្រៃឈើក៌បានចុះធ្វើកិច្ចសន្យាម្ដងរួចមកហើយដល់ម្ចាស់ទីតាំងសិប្បកម្មនាពេលថ្មីៗនេះ ។ 
លោក ដួង ឆាយ សាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានបញ្ជាក់ថាសិប្បកម្ម ឡធ្យូង មួយកន្លែងនេះពិតជានៅក្នុងរង្វង់ផែនទីរបស់ដែនជម្រកពិតប្រាកដមែន រួមទាំងស្នាក់ការរដ្ឋបាលព្រៃឈើសួនអាពាហ៍ពិពាហ៍ឃ្សឹមផងដែរ បើមើលនៅក្នុងផែនទីរបស់ក្រសួងបរិស្ថាន ប៉ុន្តែមិនគួរទំលាក់រឿងដាក់មន្ទីរបរិស្ថានឲ្យទទួលខុសត្រូវម្នាក់ឯងនោះទេ ត្រូវជួយគ្នាចូលទប់ស្កាត់ទាំងអស់គ្នាទើបបាន។
ជាមួយប្រតិបត្តិការចុះត្រួតពិនិត្យនិងបង្ក្រាបដោយកម្លាំងចម្រុះ គឺឃាត់ខ្លួនបានជនជាតិ វៀតណាមម្នាក់ ឈ្មោះ ហូ សឹងតឿង ប្រុស អាយុ៣២ឆ្នាំ និងម្នាក់ទៀតឈ្មោះ គាំ សុបិន្ដ ប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរ បច្ចុប្បន្នជនទាំង២នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់ទីបញ្ជាការដ្ឋាន អាវុធហត្ថខេត្តក្រចេះ ដើម្បីអនុវត្តតាមនិតិវិធី ។ ម៉េង គាង ក្រចេះ





































