ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យចំនួន២នាក់ ដែលលួចដុតអាត្រាក់របស់ក្រុមហ៊ុនត្រូវបានសមត្ថកិច្ចប៉ូលីសខេត្តបន្ទាយមានជ័យសហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យចុះធ្វើការស្រាវជ្រាវឈានដល់
ការឃាត់ខ្លួន នៅកន្លែងកើតហេតុ ការឃាត់ខ្លួនជនសង្ស័យដែលលួចដុតអាត្រាក់របស់ក្រុមហ៊ុននោះ គឺនៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៤ នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ឯលោក អ៊ឹង ម៉េងទី (ជនជាតិចិន) នៃក្រុមហ៊ុនជាតិអភិវឌ្ឍន៍អោយដឹងថា: មុនកើតហេតុត្រាក់ទ័រភ្ជួរទាំង ៦គ្រឿង ព្រមទាំងត្រាក់ទ័រអេស្កាវ៉ាទ័រ ១គ្រឿង , ត្រាក់ទ័រឈូសប៊ូលឡូស័រ ១គ្រឿង និងត្រាក់ទ័រភ្ជួរផ្សេងទៀត ៤គ្រឿង បានចតស្ងៀមលើដីចម្ការ ព្រោះដី សើមពេកភ្ជួរមិនកើត ។
លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា៖ ជនសង្ស័យទាំង២ដែលលួចដុតអាត្រាក់របស់ក្រុមហ៊ុននោះ ១មានឈ្មោះ ថុន ថុនា ភេទប្រុស អាយុ២១ឆ្នាំនិងឈ្មោះ រិទ្ធិ ប៊ុនរាជ ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំង២នាក់នោះ ជាកម្មករបើកបរត្រាក់ទ័រភ្ជួរចម្ការឲ្យក្រុមហ៊ុនជាតិអភិវឌ្ឍន៍ និងជាអ្នកនៅយាមត្រាក់ទ័រឲ្យក្រុមហ៊ុនទាំងយប់ទាំងថ្ងៃទៀតផង ជនសង្ស័យទាំង២នោះ គឺអ្នកជក់គ្រឿងញៀនយ៉ាងសកម្ម ។
លោក អាត់ ខែម បាននិយាយបន្តថា៖ ក្រោយពេលដែលឃាត់ខ្លួនជនសង្ស័យទាំង២នាក់នោះ ជនសង្ស័យទាំង២នាក់បានឆ្លើយនៅមុខសមត្ថកិច្ចថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៤នោះ ពួកគេទាំង២នាក់មានការអន្ទះអន្ទេងយ៉ាងខ្លាំងដោយសារតែពុំបានជក់គ្រឿងញៀន ព្រោះគ្មានលុយទិញ ក្រោយពេលដែលទ្រាំមិនបានក៏ដាច់ចិត្តយកប៊ីដុងយកទៅបូម
ប្រេងម៉ាស៊ូតពីត្រាក់ទ័រ១ បានចំនួន៣០លីត្រ យកទៅលក់បានលុយចំនួន៤០០បាត ក៏យកទៅទិញថ្នាំយកមកជក់ក្រោយពេលដែលជក់ហើយ លុះពេលយប់ខ្លួនក៏បានយកបំនូកភ្លើងអុសដើម្បីបំភ្លឺនិងដើម្បីស្វែងរកចាប់សត្វកណ្ដុរយកមកដុតហូបផង លុះចូលម៉ោង១២យប់ខ្លួនបានដេកយ៉ាងស្កប់ស្កល់ លុះឈានចូលម៉ោង១យប់ថ្ងៃទី ១៦ ខែមិថុនា រលឹកបត់ជើងតូចក៏ធំក្លិនប្រេងម៉ាស៊ូតខ្លាំងពេកក៏ទៅយកពិល តែបានរបួតធ្លាក់ទឹក ខូច ។
គេបានទៅយក អង្កត់អុសមានភ្លើង កាន់ឆួលមើលពីក្រោមត្រាក់ទ័រ ៦គ្រឿង ដែលលេចប្រេងព្រោះ មួលបិទឆ្នុកមិនជិតល្អ ។ ក្នុងនោះ កំទេចរងើកភ្លើងបានជ្រុះលើ គំនរស្មៅស្ងួតនៅក្រោមត្រាក់ទ័រទី១ ដែលលេចធ្លាយប្រេងម៉ាស៊ូតលើ តែមិនចាប់អារម្មណ៍ក៏បន្តទៅមើលដល់ក្រោមត្រាក់ទ័រ ទី៦ ក៏ស្រាប់តែ ភ្លើងពីស្មៅស្ងួតឆាបឆេះសន្ធោសន្ធៅឡើង ។ រិទ្ធិ ប៊ុនរាជ និយាយថា: ពេលនោះ ខ្លួននៅយាមម្នាក់ឯង ស្លន់ស្លោរ ពុំអាចពន្លត់ភ្លើងឆាបឆេះរាលឆេះពីត្រាក់ទ័រទី១ដល់ទី៦ដែលចតតម្រៀបគ្នាមិនបានទេ ហើយបានរត់ចេញទៅស្រែកហៅអ្នកចម្ការក្បែរៗនោះអោយជួយ ។
ប៉ុន្តែ ចំហេះពេញបន្ទុក ហើយទីបំផុតត្រូវឆេះខ្ទេច ត្រាក់ទ័រ ៦គ្រឿង ។ លោកឧត្តមសេនីយ៍ អាត់ ខែម អោយដឹងថា: ចំលើយសារភាពរបស់ជនល្មើសឈ្មោះ រិទ្ធិ ប៊ុនរាជ គឺគេធ្វេសប្រហែស បង្កអោយអង្កត់អុសបង្កជាភ្លើងឆេះអន្តរាយត្រាក់ទ័រភ្ជួរដីដល់ទៅ ៦គ្រឿងតម្លៃជាង ១៥ម៉ឺនដុល្លាស.រ.អា ក្នុង១ពព្រេចភ្នែក ។ បច្ចុប្បន្នកម្លាំងនគរបាលខេត្តបន្ទាយមានជ័យកំពុងកសាងសំនុំរឿងបញ្ជូនសង្ស័យទាំង២នាក់នោះបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមនិតិវិធីច្បាប់ ៕