សមាគមអតីតយុទ្ធជនមន្រ្តីរាជការ កងកម្លាំងចូលរួមបុណ្យសពលោក នួន វណ្ណៈ ជាអតីតយុទ្ធជនគំរូ

0

កំពង់ធំៈ សមាគមអតីតយុទ្ធជន មន្រ្តីរាជការ កងកម្លាំង ប្រជាពលរដ្ឋ និងសិស្សនុសិស្ស បានសម្តែងនូវការសោកស្តាយ និងបានចូលរួមក្នុងពិធីបុណ្យសពលោក នួន វណ្ណៈ ជាអតីតយុទ្ធជនគំរូ និងមានស្នារដៃជាច្រើន ក្នុងការបំរើសង្គមជាតិ បំរើប្រជាពលរដ្ឋ និងបានចូលរួមជាកងកម្លាំងប្រដាប់អាវុធ បូជាសាច់ស្រស់ ឈាមស្រស់ ចូលរួម​ចំណែក​ការ​ពារ​មិន​ឲ្យ​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ពត​ វិល​ត្រឡប់​មក​វិញ​ដណ្តើមសន្តិភាពជូនដល់ប្រជាពលរដ្ឋខ្មែររហូតមកដល់ពេលនេះ ដែលពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១៨ នៅឃុំបារាយ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

លោកអនុសេនីយ៍ឯក នួន វណ្ណៈ រស់នៅជាត្រកូលកសិករនៅភូមិកំញ៉ាត ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ​ជាកូនទី២ ក្នុងចំណោមបងប្អូន​៥នាក់ ធ្លាប់ជា​មន្ត្រី​នគរបាល​ ផ្នែក​ពេទ្យ​បានចូលបម្រើក្នុងជួរកងទ័ព អស់រយៈពេល១៦ឆ្នាំ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៧៩​ នៅអង្គភាព​យោធា​ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​ មានសរសើរមាន​ឥស្សរិយស ៦គ្រឿងនិងប័ណ្ណសរសើរ លិខិតសរសើរ៣១ប័ណ្ណ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមគមអតីតយុទ្ធជនខេត្តកំពង់ធំ បានមានប្រសាសន៍ថា លោកអនុសេនីយ៍ឯក នួន វណ្ណៈ បានមរណៈភាពនៅវេលាម៉ោង ០០.៥២នាទី ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០១៨ ដោយរោគគាពាធ ក្នុងជន្មយុ ៧៨ឆ្នាំ នៅមន្ទីរពេទ្យរាជធានីភ្នំពេញ បន្ទាប់ពីការមរណៈភាព មន្រ្តីរាជការ កងកម្លាំង ប្រជាពលរដ្ឋដែលស្រឡាញ់រាប់អាន បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ដោយសារតែកន្លងមកធ្លាប់មានគុណបំណាច់មកលើប្រទេសជាតិ ដែលជាអតីតយុទ្ធជនគំរូ ក្នុងបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសគឺទទួលបានស្នាដៃ និងប័ណ្ណសរសើរជាច្រើន ពីរដ្ឋាភិបាល និង ក្រសួងការពារជាតិ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្រ្តីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ ជាទីស្រឡាញ់ទាំងអស់ ដែលបានអញ្ជើញមកចូលរួម ជូនដំណើរលោកអនុសេនីយ៍ឯក នួន វណ្ណៈ ជាលើកចុងក្រោយ ដោយក្តីអាឡោះអាល័យ និងអធឹកអធ័ម ដែលត្រូវបានដង្ហែរសពទៅបច្ចុះនៅវត្តពោធិ ហត្ថី ស្ថិតនៅឃុំទ្រាល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ដោយ  ប៊ុន  រដ្ឋា