សៀមរាប៖ នារាត្រីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ សិល្បៈស្បែកធំខ្មែរនិងសិល្បៈ Arirang របស់កូរ៉េ ដែលជាបេតិកភណ្ឌវប្បធម៌អរូបីសម្រាប់មនុស្សជាតិត្រូវបានបង្ហាញរួមគ្នា ដើម្បីអបអរការបញ្ចប់គម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរជំហានទី១។
កម្មវិធីនេះអញ្ជើញចូលរួមក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកសាស្រ្តចារ្យ Azedine Beschaouch អគ្គលេខាធិការវិទ្យាសាស្រ្តអចិន្ត្រៃយ៍នៃគណៈកម្មាធិការអាយស៊ីស៊ី លោក JIN Oksub ប្រធានមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ លោក PARK Seunggyoo អគ្គនាយកកុងស៊ុលសាធារណៈកូរ៉េប្រចាំខេត្តសៀមរាប និងសហការី រួមទាំងបុគ្គលិក កម្មករ និងអ្នកភូមិជុំវិញប្រមាណ៣០០នាក់។
លោក JIN Oksub បានថ្លែងថា ការសម្តែងសិល្បៈរួមគ្នានៅឱកាសនេះ ក្នុងបំណងថ្លែងអំណរគុណដល់អ្នកជំនាញខ្មែរ-កូរ៉េ និងកម្មករដែលបានខិតខំបំពេញការងារកន្លងមក បានយ៉ាងល្អប្រសើរ។ ពិសេសដើម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការល្អទាំងទំនាក់ទំនងការទូតនិងវិស័យវប្បធម៌រវាងប្រទេសទាំងពីរផង។ លោកសង្កត់ធ្ងន់ថា ចំណុចសំខាន់នៃការបង្ហាញសិល្បៈរួមគ្នាថ្ងៃនេះគឺជាការផ្តល់ទឹកចិត្ត ក្តីស្រលាញ់ និងការចងចាំតាមរយៈការបង្ហាញសិល្បៈប្រពៃណីជាតិខ្មែរនិងរបាំArirang ក្នុងន័យថែរក្សាការពារឱ្យបានគង់វង្សនូវបេតិកភណ្ឌមនុស្សជាតិអរូបីដែលបញ្ជូលជាបេតិកភណ្ឌរបស់អង្គការយូនីស្កូ។ អ្វីដែលសំខាន់មិនត្រឹមតែអភិរក្សតែម្យ៉ាងទេ គឺមនុស្សជាតិផ្ទាល់ជាអ្នកថែរក្សា បើគ្នានអ្នកគ្រប់គ្រងឬអនុវត្តវានឹងក្លាយទៅជាសិល្បៈមួយគ្មានជីវិត។
ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ បានថ្លែងអំណរគុណនិងកោតសរសើរដល់ក្រុមការងារពាក់ព័ន្ធគ្រប់ផ្នែកដែលបានប្រឹងប្រែងបំពេញតួនាទី ភារកិច្ចយ៉ាងយកចិត្តទុកដាក់លើការសិក្សា អនុវត្តគម្រោងឈានដល់ការបញ្ចប់ការជួសជុលដំណាក់កាលទី១នេះ។
ឯកឧត្តមបន្ថែមថា ការប្រកាសបិទគម្រោងជួសជុលដំណាក់កាលទី១នេះបានបង្ហាញឱ្យឃើញកាន់តែច្បាស់ថែមទៀតពីជោគជ័យនៃការអនុវត្តគោលនយោបាយក្រៅប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងចំណងមិត្តភាពជាមួយបណ្តាប្រទេសនានា អង្គការអន្តរជាតិ ពិសេសជាមួយសាធារណៈរដ្ឋកូរ៉េ ទាំងអភិវឌ្ឍន៍វិស័យទេសចរណ៍តាមរយៈការពង្រឹងការងារអភិរក្ស ជួសជុល សំដៅធ្វើយ៉ាងណារក្សាបាននូវស្ថានភាពដើមនៃប្រាង្គប្រាសាទបុរាណនានា ជាកេរមរតកដ៏ថ្លៃថ្លារបស់ដូនតាខ្មែរដោយគៀងគរធនធានជំនួយពីខាងក្រៅ រួមផ្សំធនធានផ្ទាល់ខ្លួនរបស់កម្ពុជា។ ម្យ៉ាងទៀតការងារអភិរក្សប្រាសាទបុរាណមិនត្រឹមតែដើម្បីការពារថែរក្សាប្រាង្គប្រាសាទ តែថែមទាំងបានបង្កើតការងារជូនប្រជាពលរដ្ឋ ពិសេសលើកកម្ពស់ប្រកួតប្រជែងលើវិស័យទេសចរណ៍កម្ពុជាជាមួយប្រទេសនានាឱ្យមានកម្រិតកាន់តែខ្ពស់ថែមទៀត។
ឯកឧត្តមបញ្ជាក់ថា ជោគជ័យនៃការជួសជុលប្រាសាទព្រះពិធូរមិនមែនជាលទ្ធផលដំបូងនៃជំនួយរាជរដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េប៉ុណ្ណោះទេ កន្លងមកសាធរណៈរដ្ឋកូរ៉េបានផ្តល់គម្រោងជំនួយជាច្រើនសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅកម្ពុជា ដូចជាផ្លូវមិត្តភាពកម្ពុជា-កូរ៉េជាដើម និងសង្ឃឹមថា រាជរដ្ឋាភិបាលសាធរណៈរដ្ឋកូរ៉េ និងមូលនិធិបេតិកភណ្ឌវប្បធម៌អន្តរជាតិកូរ៉េ តាមរយៈទីភ្នាក់ងារនៃកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េនឹងបន្តពិនិត្យលទ្ធភាពក្នុងការលើកគម្រោងជួសជុលប្រាសាទនានាពេលអនាគត។
គួរបញ្ជាក់ថា គម្រោងសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរានិងមូលនិធិបេតិកភណ្ឌវប្បធម៌អន្តរជាតិកូរ៉េរយៈពេល៣ឆ្នាំកន្លងមកនេះ បានជួសជុលរានហាលប្រាសាទព្រះពិធូរ៖ បើកវគ្គបណ្តុះបណ្តាលនិងផ្លាស់ប្តូរបទពិសោធន៍លើកិច្ចការអភិរក្សនិងជួសជុលបេតិកភណ្ឌនៅប្រទេសកូរ៉េដល់អ្នកជំនាញការខ្មែរមកពីនាយកដ្ឋានពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរាបានចំនួន៥២នាក់ វគ្គខ្លីចំនួន២សប្តាហ៍បានចំនួន៤០នាក់ និងវគ្គខ្លី៣ខែបាន១២នាក់ បង្កើតមន្ទីរពិសោធន៍មួយនៅអាជ្ញាធរជាតិអប្សរាសម្រាប់ពិសោធន៍ការងារទាក់ទងនឹងការអភិរក្សប្រាសាទ។
សម្រាប់ជំហានបន្ទាប់ អាជ្ញាធរជាតិអប្សរានិងមូលនិធិបេតិកភណ្ឌវប្បធម៌អន្តរជាតិកូរ៉េ បានចុះអនុស្សារណៈយោគយល់គ្នាដើម្បីបន្តទៅដំណាក់កាលទីដើម្បីបន្តគម្រោងអភិរក្ស ជួសជុលប្រាសាទនៃក្រុមប្រាសាទព្រះពិធូរនិងព្រះលានជល់ដំរីនៅបរិវេណអង្គរធំបន្ត៕





































