អភិបាលខេត្ត​កំពង់ចាម​ ជំរុញ​ឲ្យ​កសិករ​ ​ម្ចាស់​ចំការ​ធូរ៉េន​ បែកអន្លូង​ ឯកភាព​គ្នា​បង្កើតជាសហគមន៍​

0

កំពង់ចាម​:​ ធូរ៉េន​ បែកអន្លូង​ នឹងកាន់តែល្បីល្បាញ​ នៅពេលដែលកសិករទាំង​៩០នាក់​ ឯកភាពគ្នា​ បង្កើតជាសហគមន៍​ នេះជា​ការ​ថ្លែង​របស់​ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ចាម​​ គ្រា​ដែល​លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ នៃ​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ អញ្ជើញ​ចុះ​ជួបសំណេះសំណាល ជាមួយ​ប្រជាកសិករ​ប្រមាណ​ជា​៩០គ្រួសារ​ ដែល​ធូរ៉េន​របស់​ពួក​គាត់​កំពុង​មាន​បញ្ហា​ ស្ថិតនៅក្នុងភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​ កាលពី​ព្រឹក​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៨​ ។
ឯកឧត្ដម​ គួច​ ចំរើន​ អភិបាលខេត្ត​កំពង់ចាម​ បាន​ថ្លែង​ថា​ ការ​បង្កើត​សហគមន៍​ឡើង​ គឺ​មាន​ផលប្រយោជន៍​ជា​ច្រើន​ សម្រាប់​កសិករ​យើង​ ដែល​អាច​ផ្តល់​ព័ត៌មាន​ឲ្យ​មន្ត្រី​ជំនាញ​ ចុះ​ជួយ​សង្គ្រោះ​ផល​ដំណាំ​បងប្អូន​បាន​ទាន់​ពេល​វេលា​ នៅពេល​ដែល​ជួប​បញ្ហា​ផ្សេងៗ​ ដូចជា​មេរោគ​ផ្សិត​កំពុងតែ​វាយលុក​ដំណាំ​ធូរ៉េន​បងប្អូន​ក្នុង​ពេល​នេះ​ ពិសេស​ជាង​នេះ​ទៀត​នោះ​ គឺ​​ធូរ៉េន​បែក​អន្លូង​នឹង​កាន់តែ​មាន​ភាព​ល្បីល្បាញ​ ដោយ​ពុំ​មាន​អ្នក​យក​ធូរ៉េន​ផ្សេងមក​ក្លែងបន្លំ​បាន​ទៀត​ឡើយ​។ ហើយ​ក៏អាច​កែប្រែតំបន់​ចំការ​ធូរ៉េន​ទាំងមូល​ ឲ្យ​ក្លាយ​ទៅជា​ តំបន់​កសិកម្មទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ មកទស្សនាកំសាន្ត ដែលជា​ឱកាស​ សម្រាប់សហគមន៍​យើង​ រក​ប្រាក់​កម្រៃ​ផងដែរ។
បើយោង​តាម​របាយការណ៍​របស់​លោក​ គឹម សាវឿន ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បាន​ឲ្យដឹងថា​ នៅ​ក្នុង​ស្រុកស្ទឹងត្រង់ មានផ្ទៃដីដាំ​ធូរ៉េន​ ចំនួន ៣០៣,៧៨ហិកតា​ ក្នុងនោះ ធូរ៉េន​ ដែល​ដល់​អាយុ​ត្រូវ​ប្រមូលផលមានផ្ទៃដី ២៣០,៥០ហិកតា​ ដោយ​ក្នុង​១ឆ្នាំ​ៗមាន​តែ​ជាង​២ខែ​ទេ​ ដែល​ម្ចាស់​ចំការ​ធូរ៉េន​បែក​អន្លូង​​ត្រូវ​ទទួល​ផល​ ៕