កំពង់ធំ៖ អាគារផ្នែកសឹករងស្រុកប្រាសាទសំបូរ មួយខ្នងកំពុងតែត្រូវបានបញ្ចុះបឋមសិលាសាងសង់ ក្នុងចំណោមអាគារ១០ខ្នង ដែលជាអំណោយជំនួយរបស់ភាគគីមិត្ត យោធភូមិភាគទី៧ នៃសាធារណៈរដ្ឋសង្គមនិយមប្រជាជនវៀតណាម តាមរយៈឯកឧត្ត ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ពិធីបញ្ចុះបឋមសិលាសាងសង់អាគារស្នាក់នៅ និងធ្វើការ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុត វណ្ណរា អភិបាលស្រុកប្រាសាទសំបូរ និងលោកវរសេនីយ៍ត្រី អ៊ូ ឆេងកន នាយរងសេនាធិការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទទួលស្រុកប្រាសាទសំបូរ តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោក វរៈសេនីយ៍ត្រី រួមទាំងកងកម្លាំងទាំង៣ប្រភេទចូលរួន លោកតា លោកយាយ ចូលរួមយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅ ក្នុងទីបញ្ជាការផ្នែកសឹករងស្រុកប្រាសាទសំបូរ ស្ថិតនៅភូមិសំរិទ្ធ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ត្រី អ៊ិន ប៉ូ មេបញ្ជាការផ្នែកសឹករងស្រុកប្រាសាទសំបូរ បានបញ្ជាក់ថា អគារដែលកំពុងតែសាងសង់មានទំហំ ២៥គុណ៨.៥០ សាងសង់ពីបេតុង ប្រក់ក្បឿង និងបន្ទប់ទឹកមួយខ្នងបន្ថែមទៀត ដែលមានតម្លៃជាទឹកប្រាក់ចំនួនជាង ៤៣,០០០ ដុល្លារ ការបញ្ចុះបឋមសិលានេះ ជាអគារខ្នងទី៥ហើយ ក្នុងចំនួនអគារ១០ខ្នង ដែលជាអំណោយរបស់គណៈបញ្ជាការយោធា ទីក្រុងហូជីមិញ នៃកងទ័ពប្រជាជនវៀតណាម ផ្តល់ជូនដល់ កងឯកភាព ផ្នែកសឹករង ក្រុងស្រុកទាំង ០៨ និងវរសេនាតូច ទាំង ០២ ចំណុះបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ។ 

លោកវរសេនីយ៍ត្រី អ៊ូ ឆេងកន នាយរងសេនាធិការ មានប្រសាសន៍ថា នេះជាមោទនភាពរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានឯឧ ឧត្ដមសេនីយ៍ទោសោម ស៊ុន បានខឹតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ទំនាក់ទំនងល្អជាមួយភាគីមិត្តវៀតណាម ដើម្បីកសាងអង្គភាព មានកន្លែងធ្វើការងារ និងកន្លែងស្នាក់នៅសមរម្យ ដើម្បីឲ្យអង្គភាពឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របពេលទៅនឹង ប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចម្រើនអាគារតូចធំរីកដុះដាលដូចផ្សិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ដោយ ប៊ុន រដ្ឋា




































