ខេត្តព្រះស៊ីហនុ៖ រយៈកាលកន្លងមក សង្គេតឃើញថា ការដ្ឋានសំណង់ជាច្រើន មិនបានធ្វើរបងហ៊ំពទ្ធ័និងរៀបចំទុកដាក់សម្ភារៈសំណង់អោយបានត្រឹមត្រូវនៅឡើយ ដោយពួកគេបានដាក់រាយប៉ាយពាសពេញចំណីផ្លូវ។បញ្ហានេះបានធ្វើអោយខូចសោភណ្ឌភាពនិងសណ្តាប់សាធារណៈក្នុងទីក្រុងនិងបណ្តាលអោយមានការរិៈគន់ពីសារធាណរៈជននិងភ្ញៀវទេសចរជាបន្តបន្ទាប់។
ដើម្បីដោះស្រាយបញ្ហានេះ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ
បានព្រមានធ្ងន់ៗថា៖ ចាប់ពីថ្ងៃទី២០ខែធ្នូឆ្នាំ២០១៨នេះទៅ បើម្ចាស់ការដ្ឋានសំណង់ណាដែលលមិនគោរពតាមបទដ្ឋានបច្ចេកទេសនិងការណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយបន្តធ្វើប៉ះពាល់ដល់បរិស្ថាន និងសណ្តាប់ធ្នាប់ នឹងចាត់វិធានការក្តៅនឹងអាចឈានដល់បិទការដ្ឋានតែម្តង។
ការព្រមាននេះដែរត្រូវបានធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំមួយនារសៀលថ្ងៃទី១១ខែធ្នូឆ្នាំ២០១៨ ក្រោមវត្តមានមន្ត្រីក្រោមឱវាទមកពីគ្រប់មន្ទីរ អង្គភាព ជាច្រើនរូបចូលរួមផងដែរ។
ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា៖ កន្លងមករដ្ឋបាលខេត្តព្រះសីហនុ បានចំណាយពេលអប់រំណែនាំជាបន្តបន្ទាប់តែមានម្ចាស់ការដ្ឋានសំណង់ខ្លះហាក់មិនបានចូលរួមសហការជាមួយរដ្ឋបាលខេត្តសោះ។ហេតុនេះចាប់ពីថ្ងៃទី២០ខែធ្នូ២០១៨នេះតទៅនឹងប្រើកំលាំងគណៈបញ្ជាការឯកភាពខេត្តតែម្តងដើម្បីចាត់ការដោយលែងយោគយល់ទៀតឡើយ។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានរំលឹកអោយមន្ត្រីមានសមត្ថកិច្ចត្រូវរួមគ្នាបំពេញការងារនេះអោយបានពេញដៃពេញជើងដើម្បីធានាប្រសិទ្ធភាពខ្ពស់។
តែទន្ទឹមនេះដែរ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានថ្លែងកោតសរសើរក្រុមហ៊ុនសំណង់មួយ ឈ្មោះ DC View ថា ក្រុមហ៊ុនមួយនេះបានរៀបចំគ្រប់គ្រងការដ្ឋានសំណង់របស់ខ្លួនបានល្អប្រសើរ។រដ្ឋបាលខេត្តព្រះសីហនុ ក៏គ្រោងនឹងផ្តល់លិខិតថ្លែងអំណរគុណដល់ក្រុមហ៊ុននេះផងដែរ៕
ដោយ សាវ៉ុន




































