ខេត្តព្រះស៊ីហនុ៖ នៅរសៀលថ្ងៃទី១១ខែធ្នូ២០១៨នេះ លោកយន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា សន្តិសុខជាផ្នែកសំខាន់ណាស់ដែលត្រូវគិតគូរជាចំបង។ដើម្បីពង្រឹងវិស័យនេះអោយកាន់តែមានភាពប្រសើរឡើងមួយកម្រឹតថែមទៀត រដ្ឋបាលខេត្តគ្រោងបំពាក់កាំមេរ៉ាសុវត្ថិភាពតាមទីតាំងសំខាន់ជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុ នាពេលឆាប់ៗខាងមុខនេះ។
ទាក់ទងនឹងបញ្ហានេះដែរ លោកយន្ត មីន បានបញ្ជាក់ថា នឹងផ្តល់ជូននូវកាំមេរ៉ាសុវត្ថិភាពទាំងតូចទាំងធំចំនួន៥៩គ្រឿងដល់សាលាខេត្តព្រះសីហនុ ។
លោក យន្ត មីន រំលេចថា ក្រៅពីកាំមេរ៉ាដែលលោកបានផ្តល់ជូននេះ ខាងភាគីចិន ខេត្តជាំងស៊ូ ក៏គ្រោងផ្តល់កាំមេរ៉ាសុវត្ថិភាពមួយចំនួនទៀតដល់សាលាខេត្តព្រះសីហនុ ផងដែរ ដើម្បីជាផ្នែកមួយក្នុងការពង្រឹងការងារសន្តិសុខសុវត្ថិភាពនៅក្រុងព្រះសីហនុស្របពេលដែលកំពុងមានការរីកចំរើនដ៏គំហុកនេះ។




































