ខេត្តព្រះស៊ីហនុ៖ ថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋបាលខេត្តព្រះសីហនុ និងមន្ទីរ ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត ប្រារព្ធពិធីទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខួបលើកទី១២ ។
ឯកឧត្ដម យន្ដ មីន អភិបាលនៃគណៈអភិបាលខេត្ដព្រះសីហនុ ថ្លែងថា (អំពើជួញដូរមនុស្ស គឺជាបទឧក្រិដ្ឋ ដែលប្រឈមនឹងច្បាប់។ក្រុមជនល្មើសខិតខំប្រឹងប្រែងកេងប្រវ័ញ្ចលើការជួញដូរមនុស្សនេះដោយមិនគិតពីសេចក្ដីសុខរបស់មនុស្ស ក្រុមគ្រួសារ ដែលជាអំពើអសីលធម៌ ដែលមនុស្សជាតិស្អប់ខ្ពើម។ តែទោះជាយ៉ាងណាក្ដីក៍មិនអាចគេចផុតអំពីសំណាញ់ច្បាប់បានឡើយ។ កន្លងមកអាជ្ញាធរខេត្ដ និងកងកម្លាំងសមត្ថកិច្ចមិនត្រឹមតែបានថែរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋខ្លួនប៉ុណ្ណោះទេ គឺបានជួយសង្គ្រោះស្រីជនជាតិម៉ុងគូលីចំនួន ៥នាក់ឲ្យរួចផុតពីការជួញដូរពីខេត្ដព្រះសីហនុ ហើយត្រឡប់ទៅប្រទេសវិញដោយសុវត្ថិភាព។
ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា៖មនុស្សមិនមែនជាទំនិញសំរាប់លក់ដូរឡើយ។រដ្ឋបាលខេត្តប្រឆាំងដាច់ខាតរាល់សកម្មភាពជួញដូរមនុស្សគ្រប់រូបភាពនិងស្នើអាជ្ញាធរដែនដី កងកម្លាំងសមត្ថកិច្ច អង្គការដៃគូនានា និងប្រជាពលរដ្ឋគ្រប់ភូមិដ្ឋានត្រូវសហការគ្នា បន្ដអនុវត្តគោលការណ៍យុទ្ធសាស្រ្ដទាំងបួនរបស់ថ្នាក់ជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខុសច្បាប់ឲ្យបានល្អប្រសើរ និងឈានទៅរកការលុបបំបាត់ទាំងស្រុង។
ឆ្នាំ២០១៨នេះ សម្រាប់ខេត្ដព្រះសីហនុ អត្រានៃការជួញដូរមនុស្សមានការកើនឡើងប្រមាណ ៦ករណី ធៀបទៅនឹងឆ្នាំមុន (២០១៧) ការកើនឡើងនេះ ដោយសារលម្ហូរនៃចំនួនមនុស្សចូលមករកការងារធ្វើនៅក្នុងខេត្ដព្រះសីហនុនិងលម្ហូរនៃចំនួនភ្ញៀវទេសចរផងដែរ។ នេះជាការលើកឡើងបញ្ជាក់ពី លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ដព្រះសីហនុ។
លោកស្រី បន្ដថា អំពើជួញដូរមនុស្ស គឺជាបទឧក្រិដ្ឋប្រឈមុខច្បាប់ជាប់ទោសទណ្ឌដាក់ពន្ធនាគារពី ៥ ទៅ ១៥ឆ្នាំ។ ទន្ទឹមនោះដែរ លោកស្រីអភិបាលខេត្ដរង ក៍បានអំពាវនាវឲ្យសាធារណៈជន អង្គការសង្គមស៊ីវិល អង្គការនានា និងប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចបុស្ដ៍មូលដ្ឋានដែលនៅជិតក្នុងករណីថាមានការសង្ស័យមានការជួញដូរមនុស្សនេះ។




































