តើពិតទេ បច្ចុប្បន្ននេះ លោក ឆាង ម៉ៅ ជាមន្ត្រីនគរបាលផង ជាមេឈ្មួញឈើដ៍ធំប្រចាំស្រុកក្រគរ និងស្រុកវាលវែង ខេត្តពោធិ៍សាត់?

0

ពោធិសាត់៖សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់បានឲ្យដឹងថាបច្ចុប្បន្ន បទល្មើសកាប់ឈើប្រណិត(ប្រភេទឈើធ្នង់) និង ដឹកជញ្ជូនឈើចេញពីខេត្តពោធិ៍ សាត់បានកើតឡើងយ៉ាងគំហុក ឯមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាននិងសមត្ថកិច្ចពាក់ ព័ន្ធគ្រប់លំដាប់ថ្នាក់មិនចាត់វិធានការបង្ក្រាបតាមតួនាទីនិងភារកិច្ចរបស់ខ្លួនឡើយ។

ប្រភពខាងលើបានអោយឲ្យដឹងទៀតសកម្ម ភាពនៃការកាប់និងដឹកជញ្ជូនឈើប្រណិត (ប្រភេទឈើធ្នង់)នោះមានការពាក់ព័ន្ធជាមួយមន្ត្រីនគរបាលខេត្តពោធិ៍សាត់ម្នាក់ ឈ្មោះ ឆាង ម៉ៅដែលប្រភពបានអះអាងថា គឺជាឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើប្រណិតខុសច្បាប់ជាយូរមក ហើយមេឈ្មួញរូបនេះមានការត្រូវរ៉ូវគ្នាជាមួយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធបានយ៉ាងល្អទើបដំណើរការក្នុងមុខជំនួញឈើប្រណិតនេះបានដោយរលូនគ្មានការរាំងស្ទះបែបនេះ។

ប្រភពបានអោយដឹងថាមេឈ្មួញឈើ ឆាង ម៉ៅ រូបនេះបានក្លាយជាមេឈ្មួញជើងខ្លាំងក្នុងវិស័យជំនួញឈើប្រណិតចាប់ពីចាប់ចំណុចឃុំឈើតុំ ស្រុកក្រគរ ស្រុកក្រវាញរហូតដល់ស្រុកវាលវែង នៃខេត្តពោធិសាត់។ តាមប្រភពបង្ហើបប្រាប់ថា នៅតំបន់ខាងលើនេះលោកឆាង ម៉ៅ បានទិញម៉ៅការឈើប្រណិតផ្ដាច់មុខម្នាក់ឯងជ្រកក្រោមឡេសក្រុមហ៊ុន(MDS) សូម្បីតែប្រជាពល រដ្ឋរកស៊ីតូចតាចដឹកតាមម៉ូតូក៍មិនអាចចូលតំបន់ នោះបានដែរ។

ប្រភពព័ត៌ខាងលើបានបញ្ជាក់បន្ថែមទៀតថា មន្ត្រីនគរបាលឈ្មោះ ឆាង ម៉ៅ បានដាក់កូនចៅនិងគូកនបក្សពួកឈរទិញឈើស្តុបទុកដើម្បីឡើងរថយន្តខ្នាតធំដឹកយកទៅលក់អោយឃ្លាំងដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ ត្រូវបានគេស្គាល់ថៅកែឃ្លាំងឈ្មោះ វណ្ណ ជាមន្ត្រីកងរាជអាវុធហត្ថ ឈ្មោះស្មី ឈ្មោះគ័ង និងឈ្មោះទី ទិញយកឈើទាំងអស់ពីមេឈ្មួញឈើឆាង ម៉ៅ ស្តុបក្នុងឃ្លាំងទុកលក់បន្តអោយក្រុម ហ៊ុនចិន។

ប្រភពបានបន្តអោយដឹងទៀតថាអ្នកដែលឈរទិញឈើអោយមេឈ្មួញឈើ ឆាង ម៉ៅ ត្រូវបានគេស្គាល់ឈ្មោះ ខ្លឹង និងគូកនមួយចំនួនទៀត បច្ចុប្បន្នឈរទិញនៅតំបន់ពងពុង អូរលាក់មាស អូរបាក់ទូក និងចំណុចរវៀង ក្នុងឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិសាត់ និង ឈ្មោះផាន់នី ឈរទិញនៅចំណុចមុល ក្នុងឃុំសន្រ្ទែ , ឈ្មោះ ណុប ឌី ឈរជើងប្រមូលទិញនៅភីមិក្សេត្របូរី , ឈ្មោះចែភក្តិឈរជើងទិញនៅចំណុចស្ទឹងទី៥ខ្សាច់ពូក ក្នុងភូមិសាស្ត្រស្រុកភ្នំក្រវ៉ាញ ។

យោងតាមប្រភពមួយផ្សេងទៀតពីខេត្តពោធិ៍ សាត់បានបង្ហើបអោយដឹងថា មេឈ្មួញឈើ ឈ្មោះ ឆាង ម៉ៅ និងជាមន្ត្រីនគរបាលផងនោះ ត្រូវបានតុលាការចេញដីកាកោះហៅពាក់ព័ន្ធ និងករណីជំនួញឈើរបស់ខ្លួនក្នុងខេត្តពោធិ៍ សាត់នាពេលកន្លងមកផងដែរ។ តែគេមិនដឹងថាយ៉ាងម៉េចយ៉ាងណានៅឡើយទេ មកដល់បច្ចុប្បន្ននេះឈ្មួញឈើរូបនេះបានបន្តធ្វើសកម្ម ភាពពាក់ព័ន្ធនិងជំនួញព្រៃឈើក្នុងខេត្តពោធិ៍ សាត់ដដែល។

ប្រភពខ្លះបានឲ្យដឹងថា ការដែលមន្ត្រីនគរ បាលឈ្មោះ ឆាង ម៉ៅ ហ៊ានធ្វើអ្វីៗតាម អំពើចិត្តដោយសារបុគ្គលរូបនេះមានការត្រូវត៉ូវគ្នាជាប្រពន្ធជាមួយសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមួយ ចំនួនក្នុងខេត្តពោធិ៍សាត់។ ដោយមានការត្រូវរ៉ូវគ្នា ឃុបឃិតជាប្រព័ន្ធបែបនេះហើយទើបលោក ឆាង ម៉ៅ ហ៊ានប្រើអំណាច និងតួនាទីរបស់ខ្លួនធ្វើសកម្មភាពជំនួញព្រៃឈើ និងដឹកជញ្ជូនឈើធ្វើអាជីវកម្មខុសច្បាប់ដោយគ្មានញញើតអ្វីទាំង អស់ ។

ពាក់ព័ន្ធនិងករណីខាងលើនេះ អង្គភាពសារ ព័ត៌មានយើង មិនអាចសុំការបំភ្លឺណាមួយពីលោក ឆាង ម៉ៅ បាននៅឡើយទេ ដោយគ្មានលេខទូរស័ព្ទ សម្រាប់ទំនាក់ទំនង ។

យ៉ាងណាមិញការលើកឡើងនូវប្រភពព័ត៌មាន ដែលប្រជាពលរដ្ឋផ្តល់អោយខាងលើមកចុះ ផ្សាយ ដើម្បីជាសារមួយជូនដល់ថ្នាក់លើ មន្ត្រីជំនាញ ជាពិសេសអាជ្ញាធរខេត្តពោធិ៍សាត់បានជាពន្លឺមួយធ្វើការតាមដាន និងបង្ក្រាបអោយមានប្រសិទ្ធិភាព ដើម្បីចូលរូមចំណែកថែរក្សាព្រៃឈើអោយបានគងវង្ស ។ដោយលោកចេង ពុំ