ខេត្តព្រៈវិហារ៖ មេឈ្មួញដុះស្លែ លោក ធឹម លាងស្រេង កំពុងដឹក ឈើយ៉ាងរលូនចេញពីខេត្តព្រះវិហារ ជារៀងរាប់យប់ យកមកលក់ឲ្យតាមបណ្ដាដេប៉ូផ្សេងៗ ក្នុងខេត្តសៀមរាប យ៉ាងរលូនពុំមានការរំខានដល់សមត្ថកិច្ចដែលតម្រៀបជួរគ្នា តាមដងផ្លូវនោះឡើយ ។
ប្រជាពលរដ្ឋ បានឲ្យដឹងថា ជារៀងរាល់យប់គេបានប្រទះឃើញ លោក ធឹម លាងស្រេង បានប្រើប្រាស់រថយន្ដ ចំនួនពីរគ្រឿង ម៉ាកសាំយ៉ុង ពណ៌ស្លែ ត កន្ទុយ និងកងឌុប សម្រាប់ដឹកឈើបន្ដចែកចាយទៅដល់បណ្ដាដេប៉ូផ្សេងក្នុងខេត្តសៀមរាប ដោយ លោក នៅ ចាន់គាង និងលោក ចេង ត្រូវជាបងថ្លៃរបស់ លោក ធឹម លាងស្រេង ជាអ្នកប្រមូលទិញឈើពីខេត្តព្រះវិហារ ហើយដឹកឈើយកមក មកស្ដុបទុកឃ្លាំងស្រុកស្វាយលើ ខេត្តសៀមរាប ព្រំប្រទល់ខេត្តព្រះវិហារ ។ ចំណែកនៅខេត្តសៀមរាប លោក ធឹម លាងស្រេង មានមេការម្នាក់ ឈ្មោះ ពៅ មើលការខុសត្រូវ។
បើតាមប្រភពច្បាស់ការ បានអះអាងថា លោក ធឹម លាងស្រេង គឺជាមេឈ្មួញដុះស្លែល្បីល្បាញច្រើនទសវត្សរ៍មកហើយ ប្រចាំខេត្តព្រះវិហារ និងខេត្តសៀមរាប ហើយក៏ជាឈ្មួញឆ្លងដែនជំនួញឈើប្រណីត ប្រចាំខេត្តសៀមរាប បានឃុបឃិតផ្តល់ប្រយោជន៍ ទៅឲ្យស្ថាប័នពាក់ព័ន្ធ នៅខេត្តទាំងពីរ គឺខេត្តព្រះវិហារ និងខេត្តសៀមរាបទើបអាចដំណើរការយ៉ាងរលូនមកទល់សព្វថ្ងៃ ។
ប្រភព បន្ដថា លោក ធឹម លាង ស្រេង បានប្រមូលទិញឈើនៅចំណុចភូមិពោទាប និងពោប្រមេ ឃុំម្លូរព្រៃ១ ស្រុកឆែប ខេត្តព្រវិហារ ដែលកាប់ក្នុងដែនអភិរក្សព្រៃព្រះរកា យកមកស្ដុបទុកឃ្លាំងស្រុកស្វាយលើ ខេត្តសៀមរាប ព្រំប្រទល់ខេត្តព្រះវិហារ យកលក់បន្តតាមបណ្ដាលដេប៉ូផ្សេងក្នុងខេត្តសៀមរាប ។
ប្រជាពលរដ្ឋ បានឲ្យដឹងថា បើសង្ឃឹម មន្ត្រីជំនាញ និងអាជ្ញាធរមានសមត្ថកិច្ចក្នុងខេត្ត ចុះបង្ក្រាប នោះរាប់រយឆ្នាំទៀត ក៏មិនអាចបង្ក្រាបបានដែរ? លុះត្រាតែមន្ត្រីក្រសួងមហាផ្ទៃ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យសមត្ថកិច្ចប្រដាប់អាវុធជួយទប់ស្កាត់បទល្មើសព្រៃឈើ ទើបមានប្រសិទ្ធភាព ៕