ប្រជាកសិករខេត្តក្រចេះ ងាកមកដាំដំណាំដំឡូងមី កើនឡើងប្រមាណជាង៧ម៉ឺនហិកតា នៅឆ្នាំ ២០១៨

0

ក្រចេះ៖ ប្រជាកសិករ ខេត្តក្រចេះ ងាកមកដាំដំណាំដំឡូងមី មានការកើនឡើង ប្រមាណជា៧ម៉ឺនហិកតា ខណះដំឡូងម៉ីឆ្នាំនេះមានតម្លៃខ្ពស់ជាងសព្វដង ប៉ុន្តែរអ្វី ដែលជាក្តីកង្វល់របស់ពួកគាត់ គឺត្រូវមានវិធានការគ្រប់គ្រង ទប់ស្កាត់នូវជម្ងឺម៉ូសាអ៊ិច ដែលមានលើដំឡូងមី ឬជ្រើសរើសពូជដែលធន់និងជម្ងឺដាំដុះសមស្របទៅតាមបទដ្ឋានបច្ចេកទេស ។
ដើម្បីឆ្លើយតបទៅនឹងបញ្ហាក្តីកង្វល់របស់ប្រជាកសិករខាងលើនេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមនិងមន្ទីរកសិកម្មខេត្ត សហការគាំទ្រដោយអង្គការ ស្បៀងនិងកសិកម្មនៃសហប្រជាជាតិ“FAO” បានប្រារព្វទិវា ចម្ការដំឡូងមី កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅក្នុងភូមិកំពង់ដរ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពជាតិការពារដំណាំក្នុងការគ្រប់គ្រងការរាត្បាតជម្ងឺសាម៉ូអ៊ិច លើដំណាំដំឡូងមី និងកសាងសមត្ថភាពក្នុងការអង្កេតតាមដាន់ជម្ងឺ ការបំពាក់ឧបករណ៍ក្នុងមន្ទីរពិសោធន៍ ដើម្បីអាចវិភាគរកមេរោគជម្ងឺ និងការការពារទប់ស្កាត់ពីជម្ងឺនេះ ។

លោក ឱម ពេជ្រ អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ មានប្រសាសន៍បញ្ជាក់ថា ៖ ជម្ងឺសាម៉ូអ៊ិចនេះ កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៥ ចេញពីក្រុមហ៊ុនមួយកន្លែង ។ ហើយបញ្ហាជម្ងឺនេះ វាបង្ករឡើងទៅលើតែដើមដំឡូង និងស្លឹក តាមរយៈប្រភពពូជនិងភ្នាក់ងារចម្លងគឺរុយសរ បង្ករឲ្យដើមក្រិន ងាប់ ស្លឹករួញ ចេញព៌ណលឿង និងប្រភេះ បាត់បង់ទិន្នផលប្រមាណជា៨០% នៃដំណាំ ។
លោកបន្តថា ៖ វិធានការនៃការទប់ស្កាត់នេះ គឺក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញនូវចរាចរណ៍ណែនាំតាមរយៈមន្ទីរជំនាញ ដើម្បីផ្សព្វផ្សាយដល់ប្រជាកសិករ និងការទប់ស្កាត់រឹតបន្តឹងការនាំចេញនិងចូលពីគ្រប់ក្រុមហ៊ុននានាពីប្រទេសមួយទៅប្រទេសមួយ ឬតំបន់មួយទៅតំបន់មួយ ចូលមកប្រទេសកម្ពុជា និងការចុះធ្វើបង្ហាញជាក់ស្តែងតាមមន្រ្តីជំនាញ និងអង្គការដៃគូរ ។

ក្នុងនោះដែលលោកអនុប្រធាននាយកដ្ឋាន ក៍បានជម្រុញលើកទឹកចិត្តប្រជាកសិករទាំង អស់ សូមឲ្យចេះជ្រើសរើសនិងរក្សាទុកនូវពូជដែលគ្មានជម្ងឺម៉ូសាអ៊ិចនេះ និងធន់ទ្រាំនិងជម្ងឺនេះ ហើយសម្រាប់ចម្ការដែលមានកើតនូវជម្ងឺនេះ ត្រូវមានការគ្រប់គ្រង និងវិធានការកម្ចាត់នូវភ្នាក់ងារចម្លង់ គឺរុយសរតែម្តង។ ហើយសូមឲ្យមានការជឿរជាក់មកលើកការធ្វើបង្ហាញទៅតាមបច្ចេកទេសរបស់គម្រោង ដើម្បីកែប្រែកំណើនទិន្នផលរបស់យើងទាំងអស់គ្នា ៕ដោយ ម៉េងគាង