លោក យន្ត មីន និងសហការី ចុះជួបសំណេះសំណាលជាមួយកសិករគំរូ

0

ខេត្តព្រះស៊ីហនុ  ព្រឹកថ្ងៃសៅរិ៍ទី២២ខែធ្នូ២០១៨ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន និងសហការី ចុះជួបសំណេះសំណាលជាមួយកសិករគំរូនៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់និងបានចុះទៅមើលកសិដ្ឋានចិញ្ចឹមបង្គារ/ក្តាមសេះរបស់ក្រុមហ៊ុនហេងអភិវឌ្ឍន៍ផងដែរ។

ថ្លែងទៅកាន់ក្រុមប្រជាកសិករគំរូជាច្រើនគ្រួសារដែលបានដាំដុះដំណាំបន្លែជាលក្ខណៈគ្រួសារទាំងនោះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានលើកទឹកចិត្តអោយកសិករតាមមូលដ្ឋានគួរងាកមកចាប់អារម្មណ៍បង្កើនការដាំដុះដំណាំនិងចញ្ចឹមមាន់/ទា/ ត្រីឬបង្គារទៅតាមលក្ខណៈបច្ចេកទេសកសិកម្មដើម្បីបង្កើនជីវភាពគ្រួសារស្របពេលតម្រូវការទីផ្សារនៅខេត្តព្រះសីហនុកំពុងកើនឡើងខ្លាំងនាពេលបច្ចុប្បន្ន។ឯកឧត្តម យន្តមីន រំលេចថា៖ចំពោះគ្រួសារកសិករដែលមានដីស្រែអាចចិញ្ចឹមបង្គារ ក្តាម បានគូរតែងារកការចញ្ចឹមបង្គារក្តាមវិញព្រោះវាបានចំណេញលុយច្រើនជាងគ្រាដែលទីផ្សារខេត្តព្រះសីហនុសព្វថ្ងៃនេះមានតម្រូវការច្រើនរហូតដល់មានការនាំចូលពីប្រទេសជិតខាងថែមទៀតដើម្បីបំពេញសេចក្តីត្រូវការប្រចាំថ្ងៃ។

បើតាម លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុ អោយដឹងថាបន្លែសំរាប់ផ្គត់ផ្គង់នៅក្រុងព្រះសីហនុ ក្នុងមួយថ្ងៃមានចំនួនរហូតដល់៥០តោន ដោយឡែកគ្រឿងសាច់មួយថ្ងៃត្រូវការប្រមាណជា២តោនក្នុងមួយថ្ងៃ។
លោក នេន ចំរើនបានបញ្ជាក់ថា សំរាប់ឃុំសំរុង ឆ្នាំ២០១៨នេះមានកសិករចំនួនជាង៤០គ្រួសារដែលបានកំពុងបង្កើនការដាំដុះដំណាំបន្លែជាលក្ខណៈគ្រួសារតាមបែបធម្មជាតិ។

ឯកឧត្តម យន្ត មីន លោក ថាគ្រោងនឹងបង្កើតស្ថានីយ៍ពិសោធន៍កសិកម្មមួយនៅស្រុកព្រៃនប់ដើម្បីជួយបង្ហាត់ជំនាញតម្រង់ទិសជូនកសិករនូវបច្ចេកទេសកសិកម្ម សំរាប់អោយប្រជាកសិករយកទៅអនុវត្តដើម្បីលើកកំពស់ជីវភាពពួកគាត់អោយកាន់តែប្រសើរឡើងនៅថ្ងៃអនាគត់។
ជាមួយនេះលោក បន្តថានឹងស្វែងរកទំនាក់ទំនងជាមួយក្រុមហ៊ុនដែលមានជំនាញក្នុងការអភិវឌ្ឍវិស័យកសិកម្មអោយមកវិនិយោគនិងជួយប្រជាកសិករនៅខេត្តព្រះសីហនុនេះផងដែរ។

សូមបញ្ជាក់ថានៅស្រុកព្រៃនប់ខេត្តព្រះសីហនុ ក្រុមហ៊ុនហេងហេងអភិវឌ្ឍន៍ បាននឹងកំពុងដំណើរការចិញ្ចឹមបង្គារ/ក្តាមសេះ នៅលើផ្ទៃ៥០ហិចតា នៃតំបន់ទំនាបនៃភូមិសាស្រ្តឃុំសំរុង។ក្រុមហ៊ុននេះមានស្ថានីយ៍បង្កាត់ពូជន៍ដោយខ្លួនឯងផ្ទាល់។
(សាវ៉ុន)