ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២២ខែធ្នូឆ្នាំ២០១៨ រដ្ឋបាលស្រុកស្ទឹងហាវបានដឹកនាំកំលាំង ចំរុះចុះចាត់វិធានការក្តៅចំពោះក្រុមអនាធិបតេយ្យមួយក្រុមដែលមានខ្នងបង្អែកធ្វើសកម្មភាពឈូសឆាយដីយ៉ាងគឃ្លើននៅតំបន់វត្តអូរដំរី បណ្តាលអោយពលរដ្ឋជាច្រើនគ្រួសារដែលមានដីមានផ្ទះ នៅទីនោះមានក្តីព្រួយបារម្ភជាខ្លាំងព្រោះខ្លាចដីរបស់ពួកគាត់ត្រូវគេយកអស់។
បើតាមលោក ឆាយ សុគន្ធដារ អភិបាលស្រុកស្ទឹងហាវ បញ្ជាក់ថា ក្រុមនេះបានចូលមកឈូសឆាយដីដោយគ្មានច្បាប់និងប៉ះពាល់ដីប្រជាជនដែលបានកាន់កាប់នៅទីនោះផងដែរ។ការចុះបង្ក្រាបនេះតបតាមបញ្ជារបស់ខេត្តដើម្បីទប់ស្កាត់រងចាំការដោះស្រាយតាមផ្លូវច្បាប់។
លោក អភិបាលស្រុកបានអោយដឹងថា៖ ពេលចុះបង្ក្រាបក្រុមអនាធិបតេយ្យទាំងនេះបានរារាំងអាជ្ញាធរនិងសមត្ថកិច្ចយ៉ាងច្រងេងច្រង៉ាងផងដែរ តែក្រោយមក ខេត្តបានដាក់កំលាំងនគរបាលនិងអាវុធហត្ថប្រមាណ៥០នាក់មកទៀតទើបក្រុមនេះដកខ្លួន។ក្នុងប្រតិបត្តិការនេះដែរបានកដកហូត គ្រឿងចក្រ (អាប៊ុល) មួយគ្រឿង យកមករក្សាទុក ចំណែកគ្រឿងចក្រ អ៊ិចកាយដីមួយគ្រឿងទៀតមិនអាចយកចេញបានដោយម្ចាស់វាធ្វើអោយមិនដំណើរការ(អូសមិនចេញ)។
ជុំវិញបញ្ហានេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់យ៉ាងដាច់ខាតថា៖រាល់អំពោះអនាធិបតេយ្យទាំងអស់ត្រូវតែបង្រ្កាបអោយបានដោយគ្មានយោគយល់ឡើយ។លោក អភិបាល មានប្រសាសន៍បន្តថា៖ប្រទេសមានច្បាប់ ត្រូវតែគោរពច្បាប់ អ្នកដែលបំពានច្បាប់ដាច់ខាតត្រូវតែចាត់វិធានការជាបន្ទាន់ទោះជាអ្នកណា មកពីណាក៏ដោយ ជាពិសេសក្រុមអានាធិបតេយ្យដីធ្លីតែម្តងត្រូវតែបង្ក្រាបអោយខាងតែបានដោយមិនអាចបណ្តែតបណ្តោយអោយក្រុមអនាធិបតេយ្យក្រៅច្បាប់ទាំងនេះដើរធ្វើព្យុះ ភ្លៀង ផ្គរតាមអំពើចិត្តទៀតឡើយ។
យោងតាម ការបញ្ជាក់របស់ក្រុមប្រជាសហគមអូដំរីស្ថិតក្នុងភុមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទីតាំងដីដែលកំពុងមានទំនាស់មួយកន្លែងនេះមានភាគីទំនាស់ចំនួន០៣ក្រុម បាននឹងកំពុងដណ្តើមគ្នាកាន់កាប់ដោយសំអាងហេតុតែរៀងៗខ្លួន។
១.ខាងក្រុមប្រជាជនចំនួន១៤៩គ្រួសារថាដីពួកគាត់ស្ថិតនៅក្នុងដែនដីរដ្ឋបាលឃុំអូរត្រេះស្រុកស្ទឺងហាវ មានអាជ្ញាធរមូលដ្ឋានបញ្ជាក់ដឹងឮត្រឹមត្រូវ។
២.ក្រុមលោកស្រី ហ៊ឹម សុវណ្ណារី គាត់អះអាងថាដីគាត់ទិញពីគេមានបណ្ណ័ ស្ថិតនៅក្នុងដែនរដ្ឋបាលសង្កាត់លេខ១ ក្រុងព្រះសីហនុ ។
៣.ភាគី លោក លី ហុងស៊ីន អះអាងថា ដីគាត់មានបណ្ណ័ ដែរ ហើយស្ថិតនៅក្នុងដែនដីរដ្ឋបាលឃុំអូរត្រេះ ស្រុកស្ទឹងហាវ ។
ករណីនេះ យោងតាមសេចក្តីបញ្ជាក់របស់ លោក សំរិទ្ធ កុសល ប្រធានភូមិបាលស្រុកស្ទឹងហាវ ជូនសាលាឧទ្ធរណ៍ អោយដឹងថា ទីតាំងដីនេះគឺពិតជាស្ថិតនៅក្នុងទឹកដីឃុំអូរត្រេះស្រុកស្ទឹងហាវមិនមែននៅក្នុងទឹកដីសង្កាត់លេខ១ក្រុងព្រះសីហនុ នោះឡើយ។
ស្រដៀងគ្នានេះដែរ លោក មាស ហាន់ អតីតចៅហ្វាយស្រុកស្ទឹងហាវដំបូងគេបង្អស់ និងលោក ឆាយ សុគន្ធដារ អភិបាលស្រុកស្ទឹងហាវបច្ចុប្បន្ន បានអះអាងថាទីតាំងដីដែលកំពុងមានការដណ្តើមគ្នានេះគឺស្ថិតនៅក្នុងឃុំអូរត្រេះស្រុកស្ទឹងហាវ ដោយមានទទួលស្គាល់ដោយក្រសួងមហាផ្ទៃទៀតផង។
ចំណែក លោក ហ៊ូ សុផាត មេភូមិ៤នៃឃុំអូរត្រេះ បញ្ជាក់ថា ទីតាំងនេះប្រជាជនរបស់លោក បានរស់នៅកាប់អុស ដុតធ្យូងតាំងពីនៅមានព្រៃ មានដំរី ខ្លា (១៩៩៤)បន្តបន្ទាប់មក។ ប្រជជននៅទីនេះត្រូវបានបែងចែកជា១៤ក្រុមបក្សនៃគណៈប្រជាជន តែក្រោយមកក៏ត្រូវបានគេបំបែកខ្ចាត់ខ្ចាយអស់បន្ទាប់ពីមានទំនាស់ដណ្តើមដីគ្នានេះ។
ដោយឡែក លោក ឈិត សូផាត ចៅសង្កាត់លេខ១ និងលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ វិញ លោក បានអះអាងថាទីតាំងកំពុងមានជំលោះដណ្តើមដីគ្នានេះគឺជាទឹកដីរបស់សង្កាត់លេខ១ក្រុងព្រះសីហនុ។
គួរកត់សំគាល់ថា ដោយសារបញ្ហាដណ្តើមដែនដីរដ្ឋបាលគ្រប់ឬការដែនដីរដ្ឋបាលជាន់គ្នានេះ រដ្ឋបាលទាំងសង្ខាងកន្លងមកបានចេញលិខិតបញ្ជាក់ផ្សេងៗជាន់គ្នា បញ្ហានេះបានបង្កភាពស្មុគស្មាញប្រទាក់ប្រទិនគ្នា នាំអោយភាគីទាំងបីខាងលើនេះឈ្លោះគ្នារ៉ាំរ៉ៃរហូតដល់សព្វថ្ងៃនេះ។
តែករណីនេះ លោក អភិបាលខេត្តព្រះសីហនុ បានក្រើនរំលឹកប្រាប់ថ្នាក់ដឹកនាំក្រោមឱវាទក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ ថាត្រូវគោរពតាមផែនទីដែនដីរដ្ឋបាលដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ៕




































