បុរសម្នាក់ ត្រូវបានគេលួចចាក់ចំពោះធ្លាយពោះវៀនមកក្រៅរងរបួសធ្ងន់

0

ខេត្តរតនគិរី៖ បុរសម្នាក់ បានរងរបួសធ្ងន់ធ្ងរធ្លាយពោះវៀនចេញមកខាងក្រៅ បន្ទាប់ពីជនរងគ្រោះបានឈរមើលគេរាំធុងបាស់ខនសឺតមួយកន្លែង ក៏ឈានដល់ការប្រើអំពើហិង្សាដោយចេតនា។

ករណីប្រើអំពើហិង្សានេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃសៅរ ១៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ នៅត្រង់ចំណុចក្បែរការ៉ាស់សាំង ស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ។

មន្ត្រីអាវុធហត្ថស្រុកកូនមុំបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ស៊យ ចិន្តា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ/ឃុំកើតហេតុខាងលើ បានរងរបួសធ្ងន់ធ្លាយពោះវៀនចេញមកខាងក្រៅគួរឲ្យសង្វេគណាស់។

មន្ត្រីអាវុធហត្ថបានបញ្ជាក់ទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅឈរមើលគេរាំធុងបាស់ខនសឹតហើយក៏មានជនមិនស្គាល់អត្តសញ្ញាណប្រហែលជា៤នាក់ជិះម៉ូតូចំនួន២គ្រឿងមិនស្គាល់ម៉ាកបានយកវត្ថុរឹងចុងស្រួចចាក់ទៅលើជនរងគ្រោះចំពោះផ្នែកខាងឆ្វេងរបួសធ្ងន់។ ក្រោយពីបានធ្វើសកម្មភាពរួច មកជនដៃដល់និងបក្ខពួកទាំងនោះបាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់អស់ ហើយគេសង្ស័យថារឿងនេះជារឿងគំនុំ។

ក្រោយកើតហេតុអាវុធហត្ថមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗបានដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះបន្ទាន់។

បច្ចុប្បន្នកម្លាំងអាវុធហត្ថស្រុកកូនមុំកំពុងស្រាវជ្រាវរកមុខសញ្ញាជនដៃដល់និងបក្ខពួកទាំងនេះចាប់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះសង្ឃឹមថា សមត្ថកិច្ចអាវុធហត្ថស្រុកកូនមុំតាមចាប់ជនដៃដល់ទាំងនោះយកមកផ្តន្ទាទោសឲ្យខានតែបាន៕ យក្ខឡោម