ការ​បាក់​ច្រាំង​ទន្លេ​ក្នុង​ក្រុង​កំពង់ចាម​ ហេីយ​ក៏មាន​ដុះ​ដី​កោះ​តូច​ៗ​ ដោយ​មិន​មាន​ការ​បូម​ខ្សាច់​នៅ​ក្បែរ​ទី​នោះ​ឡេីយ

0

កំពង់ចាម​:​ ​ ក្រោយ​ពី​រងផលប៉ះពាល់​ ដោយ​ការ​បាក់​ស្រុត​ដី​ច្រាំង​ទន្លេ​ ជាបន្តបន្ទាប់​ នា​រដូវ​ទឹក​ជំនន់ន ហេីយ​ក៏មាន​ការ​ដុះដី​កោះ​តូច​ៗ​ចំនួន​៣កន្លែង​ នៅ​ក្នុង​ទន្លេ​មេគង្គ​ខេត្តកំពង់ចាម​ទៀត​ផង​ ដែល​មិន​មាន​ការ​បូម​ខ្សាច់​នៅ​ក្បែរ​ទីនោះទេ ជាមួយគ្នានោះ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០១៨នេះ​ អាជ្ញាធរខេត្ត​កំពង់ចាម​ បាន​យក​គ្រឿង​ចក្រ​​ស្ទូច​យក​រូប​សំណាក​សត្វ​ដំរី​ និង​សត្វ​តោ​​ ដ៏ធំ​ ដែល​អាច​រងការ​ខូចខាត​ដោយ​ការ​បាក់​ស្រុត​ដី​ច្រាំង​ទន្លេ​ យក​ទៅ​រក្សា​ទុក​ ​នៅ​មន្ទីរ​រៀបចំ​ដែនដី​ នគរ​រូបនីយកម្ម​ ​សំណង់​ និង​សុវិយោដី​ ​ខេត្ត​កំពង់ចាម​ ដើម្បី​រង់ចាំ​ការ​សិក្សា​បច្ចេកទេស​​ របស់​ថ្នាក់​ជាតិ​ និង​សាងសង់​ឡើង​វិញ​ រួចរាល់​ ទេីប​យក​ទៅ​ដាក់​នៅ​កន្លែង​ដេីមនោះ​វិញ​។
គួររំលឹកផងដែរថា បន្ទាប់ពីទឹកជំនន់ទន្លេមេគង្គ ចាប់ផ្ដើមស្រកចុះ ស្រាប់តែមានករណីបាក់ស្រុតដីច្រាំងទន្លេជាបន្តបន្ទាប់ ដែលជាក្តីកង្វល់របស់អាជ្ញាធរខេត្ត ក៏ដូចជាស្ថាប័នជំនាញ ក្នុងការរិះរកវិធីទប់ស្កាត់ និងជួសជុលឬសាងសង់ឡើងវិញផងដែរ។
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម បានឲ្យដឹងថា ការបាក់ស្រុតច្រាំងទន្លេដែលបានកសាងឡើងក្នុងអំឡុងឆ្នាំ២០១៣នេះ គឺស្ថិតនៅក្នុងភូមិទី១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលមានចំនួន២កន្លែង បណ្ដាលឲ្យខូចខាតខឿនច្រាំងទន្លេសម្រាប់ការពារទឹកជំនន់ និងសួនច្បារដែល​មាន​ទទឹង​៤ម៉ែត្រ​ និង​បណ្តោយ​១៥០ម៉ែត្រ​ ហើយបច្ចុប្បន្នបានបាក់ស្រុតមានទំធំជ្រៅ ក្នុងនោះបានបាក់ស្រុតរហូតដល់រូបចម្លាក់សត្វដំរី និងសត្វតោ​ ទៀត​ផង​។
លោកប្រធានមន្ទីរធនធានទឹក បានបន្តទៀតថា បើយោងតាមការពិនិត្យជាក់ស្ដែងស្ថានភាពនេះទំនងជាមិនអាចជួសជុលលើសំណង់លើកទី១បាននោះទេ លុះត្រាតែសាងសង់ថ្មីឡើងវិញ ហើយនេះក៏ជាគម្រោងធំរបស់ថ្នាក់ជាតិ ដែលត្រូវរកលទ្ធភាពសាងសង់ឡើងវិញនារដូវទឹកស្រកខាងមុខនេះ។
ដោយ​ប្រឈម​នឹង​ការ​បាក់​ស្រុត​ដី​ច្រាំង​ទន្លេ​នេះ ទើបអាជ្ញាធរខេត្ត​កំពង់ចាម​ បាន​យក​គ្រឿង​ចក្រ​​ស្ទូច​យក​រូប​សំណាក​សត្វ​ដំរី​ និង​សត្វ​តោ​​ ដ៏ធំ​ ដែល​អាច​រងការ​ខូចខាត​ដោយ​ការ​បាក់​ស្រុត​ដី​ច្រាំង​ទន្លេ​ យក​ទៅ​រក្សា​ទុក​ ​នៅ​មន្ទីរ​រៀបចំ​ដែនដី​ នគរ​រូបនីយកម្ម​ ​សំណង់​ និង​សុវិយោដី​ ​ខេត្ត​កំពង់ចាម​ ដើម្បី​រង់ចាំ​ការ​សិក្សា​បច្ចេកទេស​​ របស់​ថ្នាក់​ជាតិ​ និង​សាងសង់​ឡើង​វិញ​ រួចរាល់​ ទេីប​យក​ទៅ​ដាក់​នៅ​កន្លែង​ដេីមនោះ​វិញ​។
សូម​បញ្ជាក់​ផង​ដែរថា​ សម្រាប់​ខេត្ត​កំពង់ចាម​ ក្រោយ​ពី​រងផលប៉ះពាល់​ ដោយ​ការ​បាក់​ស្រុត​ដី​ច្រាំង​ទន្លេ​ ជាបន្តបន្ទាប់​ នា​រដូវ​ទឹក​ជំនន់នោះ​ ហេីយ​ក៏មាន​ការ​ដុះដី​កោះ​តូច​ៗ​ចំនួន​៣កន្លែង​ នៅ​ក្នុង​ទន្លេ​មេគង្គ​ខេត្តកំពង់ចាម​នេះ​ ដែល​មិន​មាន​ការ​បូម​ខ្សាច់​នៅ​ក្បែរ​ទី​នោះទេ ៕