សន្និបាតបូកសរុបលទ្ធផលការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំឆ្នាំ២០១៨ និងលើកទិញដៅអនុវត្តឆ្នាំ២០១៩

0

ខេត្តកំពង់ធំ: នៅបញ្ហាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលការងារ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានអនុវត្តក្នុងឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩បន្ត ក្រោមអធិបតីភាព ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ និងឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមទាំងសមាជិកគណៈកម្មាធិការសមាគមអតីតយុទ្ធជន ស្រុក ក្រុងចូលរួម ១០៥នាក់ នាព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៨។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានគិតគូរយកចិត្តទុកដាក់លើអតីតយុទ្ធជនកម្ពុជាគ្រប់រូបទូទាំងប្រទេស ដើម្បីផ្តល់ផលប្រយោជន៍ដល់អតីតយុទ្ធជន ដោយ​សារតែ ពួកគាត់សុទ្ធសឹងតែជាអ្នកបូជាកម្លាំងកាយចិត្ត អាយុជីវិត ក្នុងបុព្វហេតុចូលរួមធ្វើអោយប្រទេសជាតិ ទទួលបានសន្តិភាព ជាពិសេសទទួលបានការចង្អុរបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានជម្រុញសកម្មភាពការងារ សមាគមបានយ៉ាងផុសផុលក្រោមការចង្អុលទិស ពីសម្តេចតេជោ ហ៊ុនសែន ជាប្រធាន បានធ្វើឲ្យការងារអតីតយុទ្ធជន មានការប្រែប្រួលល្អប្រសើរគួរជាទីមោទនៈ។

លោក ឧត្តមសេនីយ៍ត្រី ង៉ាង ស ប្រធានក្រុមលេខាធិការដ្ឋាន ស.អ.ក បានអានរបាយការណ៍ លទ្ធផលការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលសម្រេចបាន សំខាន់ៗ គឺ ការងារសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះ និងមានផ្ទះមិនសមរម្យបានចំនួន៥៥ខ្នងផ្ទះ ជូនគ្រួសារអតីតយុទ្ធជន ដែលរស់នៅក្នុងខេត្តកំពង់ធំ ក្នុងឆ្នាំ២០១៨ និងសរុបចំនួនខ្នងផ្ទះដែលសាងសង់រួច និងបានប្រគល់ជូនអតីតយុទ្ធជន ចាប់តាំងពីបង្កើតសមាគម សរុបចំនួន ១០៧ ខ្នងផ្ទះ ចំណែកប្រាក់បេឡារណៈសង្រ្គោះក្នុងឆ្នាំ២០១៨ បានបើកជូនគ្រួសារសពសមាជិក ស.អ.ក ចំនួន៦២សព សមាជិកសមាគមអតីតយុទ្ធជន ដែលទទួលបានរបបពីរដ្ឋ មានចំនួន ៣៥០៩នាក់ ក្នុងនោះមានជនពិការ ១៣៩៥នាក់ ពលីជីវិត១០៨២នាក់ មរណៈភាពចំនួន ២០៤នាក់ និវត្តជន ៦៧០នាក់ បាត់បង់សមត្ថភាពចំនួន១៥៨នាក់។

លោក ឧត្តមសេនីយ៍ត្រី ង៉ាង ស បានបញ្ជាក់ពីលទ្ធផល​សំខាន់ៗ​ក្នុង​ឆ្នាំ​២០១៨​ មានបំពាក់មេដាយការពារជាតិជូនអតីតយុទ្ឋជនបានចំនួន ៣,៤៤៧នាក់ ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​វៀតណាម​បាន​ចំនួន​៤៩៣​ នាក់​  និង​ឧបត្ថម្ភ​ថវិកា​ធ្វើ​ដំណើរ​ចំនួន​ ៨៧២០​ $ បានបើក​ប្រាក់​បេឡាមរណសង្គ្រោះ​ ជូនគ្រួសារសពអតីតយុទ្ធជនបានចំនួន៦២ នាក់​  សរុប​បាន​បើក​ចំនួន​១៩៦​ សព បានបើកប្រាក់ធានារ៉ាប់រងសង្គមបានចំនួន​ចំនួន​៤៤ នាក់ និងបានចុះសំណេះសំណាលសាកសួរសុខទុក្ខ តាម​ខ្នង​ផ្ទះ​បាន​ចំនួន​ ២៩៧គ្រួសារ​  ផ្តល់​ជូន​អង្ករ​ចំនួន​ ៨,៨២៥គីឡូ​ក្រាម​ មីយើងចំនួន​ ៥៩៤កេស​  ថវិកា​ចំនួន​២៧,៥៧០,០០០រៀល​  និង​ស្បៀងអាហារ​ សម្ភារៈ​មួយ​ចំនួន​ទៀត​  ក្នុងនោះក៏បាន​ប្រគល់​ប័ណ្ណ​បេឡាជាតិរបបសន្តិសុខសង្គម ប​ ស​ ស​ ជូន​ដល់​បង​ប្អូន​អតីត​យុទ្ធ​ជន​បាន​ចំនួន​ ២,២០៦​ នាក់​ សម្រាប់​ជូន​បងប្អូន​យើង​ទៅ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​រដ្ឋ​នានា​នៅ​ទូទាំង​ប្រទេស​ដោយ​មិន​អស់​ប្រាក់​  ។

ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹង ប្រែងរបសគណកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ជាពិសេសការខិតខំយកចិត្តទុកដាក់ យ៉ាងសកម្ម និងមមាញឹករបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបានដឹកនាំសមាជិកគណកម្មការស្រុក ក្រុង ចុះជួយដល់អតីតយុទ្ធជន និង ប្រជាពលរដ្ឋក្រីករ គ្រប់ទិសទីនៅក្នុងទឹកដីខេត្តកំពង់ធំ ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ទៅលើសកម្មភាពជួយដល់ អតីតយុទ្ធជន ដែលជាបុគ្គលមានគុណបំណាច់លើប្រទេសជាតិ និងសុំឲ្យរួមសាមគ្គីគ្នារក្សាសន្តិភាព និងធ្វើការផ្សព្វផ្សាយពីអត្តប្រយោជន៍របស់ប័ណ្ណបេឡាមរណៈសង្រ្គោះ ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនឲ្យបាន ទូលំទូលាយ ។

ដោយ ប៊ុន  រដ្ឋា