បន្ទាយមានជ័យ ៖ ក្រុមអាជីវករលក់ដូរក្នុងផ្សារចំការគរ (ផ្សារថ្មី) បានសម្តែងនូវក្តីសប្បាយរីករាយជាខ្លាំង នៅពេលឃើញក្រុមការងារសាលាក្រុងសិរីសោភ័ណ ដែលលោក ហ៊ឹល រ៉ាយ៉ាអភិបាលក្រុង រួមនឹងលោក នាង ហាវ អភិបាលរងក្រុង បានដឹកនាំក្រុមការងារ មានសមត្ថកិច្ច ប្រជាការពារ រួមនឹងក្រុមហ៊ុនប្រមូលសំរាម ប្រមាណជាង៣០នាក់ បានធ្វើការបាញ់ទឹកលាងសម្អាតនៅមុខផ្សារ ដែលមានក្លិនស្អុយប៉ះពាល់ដល់សុខភាពអាជីវករ ដែលលក់ដូរក្បែរនោះ ។ 
តំណាងអាជីវករមួយរូបនៅក្នុងផ្សារ បានលើកឡើងថា ៖ កន្លងមកពួកគាត់មានជួបការលំបាកជាខ្លាំងដោយសារតែសំរាមបានជះក្លិនស្អុយ ធ្វើឲ្យពួកគាត់ពិបាកដកដង្ហេីមមួយវិញទៀត វាអាចប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ ។ ពេលខ្លះពួកគាត់ដែលជាអាជីវករបានប្រមូលលុយគ្នាដើម្បីទិញកំបោរមកបាចដើម្បីបំបាត់ក្លិនស្អុយ ក៏នៅតែមានក្លិនស្អុយដដែល ។ អាជីវករ បន្តថា៖ ពេលខ្លះសំរាមមានការស្តុបទុកយូរ ដោយក្រុមហ៊ុនដែលប្រមូលសំរាមមិនសូវមកទៀងទាត់ទេជាហេតុធ្វើឲ្យមានក្លិនស្អុយបែបនេះ ។ ទន្ទឹមគ្នានោះក្រុមអាជីវករក៏បានថ្លែងអំណរគុណចំពោះលោកអភិបាលក្រុងដែលតែងតែចុះមកដល់ទីតាំងផ្ទាល់ ជាក់ស្តែងលោកបានដឹកនាំក្រុមការងារចុះមកសម្អាតទីនេះ ដែលធ្វើឲ្យពួកគាត់លែងមានក្តីព្រួយបារម្ភពីរឿងក្លិនស្អុយទៀតហើយ ។ ហើយពួកគាត់ក៏បានសំណូមពរដល់លោកអភិបាលក្រុង មេត្តាជួយបន្តសកម្មភាពបែបនេះឲ្យបានជាប្រចាំ ពិសេសជម្រុញឲ្យក្រុមហ៊ុនប្រមូលសំរាមសូមមកយកឲ្យបានទៀងទាត់ផង ។ 
ក្នុងឱកាសចុះសម្អាតផ្សារលោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានបញ្ជាក់ឲ្យដឹងថា ៖ សកម្មភាពនៃការចុះសម្អាតនេះមិនមែនតែផ្សារចំការគមួយនោះទេ គឺនឹងធ្វើគ្រប់ផ្សារនៅក្នុងក្រុង ដើម្បីជាសោភណ្ឌភាពផ្សារ និងក្រុងផង ។ លោកបន្តថា ក្រៅពីការសម្អាតតាមផ្សារ ក្រុងនឹងធ្វើការរៀបចំសណ្ឋាបធ្នាប់តាមផ្សារ ពិសេសផ្សារចំការគ ដែលកន្លងមក មិនមានការរៀបចំបានរៀបរយ ដោយការចតឡាតមិនមានសណ្ឋាប់ធ្នាប់ ដែលជាហេតុអាចបង្កជាគ្រោះថ្នាក់ផ្សេងៗតាមដងផ្លូវ ៕ អត្ថបទ ៖ ឃិន គន្ធា






































