កំពង់ធំ៖ នៅបញ្ជាការដ្ឋានផ្នែកសឹករងស្រុកសន្ទុក បានធ្វើពិធីបញ្ជុះបឋមសិលាសាងសង់អាគាធ្វើការ និងស្នាក់នៅរបស់កងកម្លាំង ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អាគារថ្មីនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៨ ស្ថិតភូមិតាញ៉ោក ឃុំ ប្រសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ពិធីបញ្ជុះបឋមសិលា សាងសង់អាគារថ្មីនេះ ស្ថិតក្រោមអធិបតីភាព លោក ទូច សុខា អភិបាលនៃគណៈអភិបាលស្រុកសន្ទុក អមដោយលោក ហេង ជា មេបញ្ជាការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយនិងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមជាង២០០នាក់។
លោកទូច សុខា អភិបាលស្រុកសន្ទុក បានសំណេះសំណាលជាមួយលោកតា លោកយាយ រួមទាំងសិស្សា នុសិស្ស ថាប្រទេសជាតិយើងបានរួចផុតពីគំនរផេះផង់ នៃរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្រ្គាមដ៏រ៉ាំរ៉ៃ បានបំផ្លាញគ្រប់វិស័យ សូម្បីតែសាលារៀន វត្តអារាម មន្ទីរពេទ្យ តែក្រោមការដឹកនាំដ៏ឆ្លាតវ៉ៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្តារ ហេដ្ឋារចនាសម្ព័ន្ឋឡើងវិញ ចាប់តាំងពីបាតដៃទទេ ពីចំណុចសូន្យ រហូតមកដល់បច្ចុប្បន្ន បាននាំមកនូវសន្តិភាពជូនប្រជាពលរដ្ឋទូទាំប្រទេស ដោយសារកក្តាសន្តិភាព យើងបានកសាងហេដ្ឋារចនាសម្ព័ន្ឋឡើងវិញ មានសាលារៀន មានវត្ត មានមន្ទីរពេទ្យ ផ្លូវថ្នល់ រួមទាំងការអភិវឌ្ឍន៍គ្រប់វិស័យ ។
លោកវរសេនីយ៍ត្រី ប៊ន វណ្ណី មេបញ្ជាការផ្នែកសឹករងស្រុកសន្ទុក បានឲ្យដឹងថា អាគារដែលបានបញ្ជុះបឋម សិលាសាងសង់នាពេលនេះ មានទំហំ៨.៥ម គុណ ២៥ម ស្មើរ២១២ម៉ែត្រការ៉េ គឺជាអំណោយរបស់ ខេត្តតឹងប៊ិញនៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញកងទ័ពសាធារណៈរដ្ឋប្រជាជនវៀតណាម អំណោយអាគារនេះបានមកតាមរយះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ ក្នុងចំណោមអាគារទាំង១០ ដែលជាអំណោយរបស់ភាគគីមិត្ត វៀតណាម បានផ្តល់ជូនដល់វរសេនាតូចទាំង២ និងផ្នែកសឹករងស្រុកក្រុងទាំង៨ ចំណុះឲ្យបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ធ្លាប់បានមានប្រសាសន៍ថា បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយប្រទេសភាគគីមិត្តវៀតណាម នៃបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ និងខេត្តមួយចំនួន ដែលជាខេត្តសម្ព័ន្ឋមិត្ត ក្នុងកិច្ចសហប្រតិការ ជួយគ្នាទៅវិញទៅមក ទាំងផ្នែកយោធា មនុស្សធម៌ និងការ កសាងបន្ទាយ រួមទាំងកិច្ចសហការការពារបទល្មើសឆ្លងដែនខុសច្បាប់ លទ្ធផលនៃការចង់សម្ព័ន្ឋមិត្តនេះបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទទួលបាននូវផ្លូវខ្វាត់ខ្វែង អាគារគិលានដ្ឋាន អាគាររដ្ឋបាល សាលប្រជុំ អាគារផ្ទះភ្ញៀវ អាគារស្នាក់នៅ រួមទាំងតាមបណ្តាផ្នែកសឹករងស្រុកក្រុងទៀតផង។
ដោយ ប៊ុន រដ្ឋា 





































