យោងតាមទីប្រឹក្សាការពារជាតិរបស់នាយករដ្ឋមន្ត្រីម៉ាលិគី នៅអ៊ីរ៉ាក់ នៅថ្ងៃសៅរ៍នេះ យន្តហោះយោធាអ៊ីរ៉ាក់បានបាញ់ប្រហារតាមផ្លូវអាកាស សំដៅលើក្រុមជីហាត នៅទីក្រុងទីគ្រីត ដើម្បីដណ្តើមយកទីក្រុងទីគ្រីត មកវិញ។ នៅទីក្រុងបា
កដាតវិញ យន្តហោះដ្រូនអាមេរិកជាច្រើនគ្រឿងបានហោះហើរត្រួតពិនិត្យ សន្តិសុខ ប្រឈមនឹងក្រុមជីហាត ទោះជានាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ធានាថា ក្រុងបាកដាតមានសុវត្ថិភាពសន្តិសុខក្តី។ គឺតាំងតែពីថ្ងៃសុក្រមកម្ល៉េះ ដែលយោធាអ៊ីរ៉ាក់បានប្រាប់ពីការចាប់ផ្តើមប្រតិបត្តិការ នៅក្រុងទីគ្រីត ដើម្បីកំចាត់ក្រុមជីហាតជ្រុលនិយម និកាយស៊ុននីត ឈ្មោះថា រដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ ដណ្តើមយកក្រុងទីគ្រីតពីក្រុមជីហាតមកវិញ។
ក្រុងទីគ្រីត ជាក្រុងរបស់អតីតមេដឹកនាំសាដាំ ហ៊ូសេន។ ក្រុងនេះ ត្រូវបានក្រុមជីហាតវាយយកបានកាលពីថ្ងៃ១១មិថុនា។ អ៊ីរ៉ាក់ប្រាប់ថា កំពុងទំនាក់ទំនងគ្នាជាមួយអាមេរិក ទប់ក្រុមជីហាតមិនអោយវាយទៅមុខបាន។ នៅក្រុងបាកដាតវិញ យន្តហោះដ្រូនអាមេរិកជាច្រើនគ្រឿង ប្រដាប់ដោយមីស៊ីល បានហោះហើរត្រួតពិនិត្យសន្តិសុខ ទោះជានាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ម៉ាលិគី ធានាថា ក្រុងបាកដា
តស្ថិតក្រោមសុវត្ថិភាពសន្តិសុខក៏ដោយចុះ។ យោងតាមអ្នកការទូតអាមេរិកមួយរូប យន្តហោះដ្រូនអាមេរិកទាំងនេះ នឹងការពារយោធា និងអ្នកការទូតអាមេរិក ករណីមានហេតុការណ៍ណាមួយកើតឡើង។ ច្រើនសប្តាហ៍មកនេះ អ៊ីរ៉ាក់បានទទូចអោយអាមេរិកវាយប្រហារតាមផ្លូវអាកាស កំចាត់ក្រុមជីហាត តែអាមេរិកបានត្រឹមតែបញ្ជូនទីប្រឹក្សាយោធា៣០០នាក់ និងប្រកាសគម្រោង៥០០លានដុល្លារប៉ុណ្ណោះ ដើម្បីជួយអ៊ីរ៉ាក់ ជួយបណ្តុះបណ្តាលក្រុមឧទ្ទាមនៅប្រទេសស៊ីរីក្បែរនោះ អោយក្រុមឧទ្ទាមទាំងនោះ ជួយកងទ័ពអ៊ីរ៉ាក់ប្រយុទ្ធក្រុមជីហាត។ ប្រឈមនឹងការគំរាមរបស់ក្រុមជីហាត ប្រមុខសាសនានិកាយស្ហ៊ីអ៊ីតដ៏មានឥទ្ធិពលនៅអ៊ីរ៉ាក់ គឺអាយ៉ាតូឡា អាល់ ស៊ិសស្តានី បានអំពាវនាវអោយមេដឹកនាំនានា ប្រជុំគ្នាបង្កើតរដ្ឋាភិបាលថ្មី រកដំណោះស្រាយវិបត្តិ។
មេដឹកនាំបរទេសជាច្រើនរូបក៏បានលើកឡើងពីសារៈសំខាន់នៃសកម្មភាពយោធា និងដំណោះស្រាយនយោបាយរវាងសហគមន៍និកាយស៊ុននីត ស្ហ៊ីអ៊ីត និងជនជាតិកៀកឌីស្ថានផងដែរ។ ទីភ្នាក់ងារអន្តរជាតិនានាក៏ឆ្លៀតក្រើនរំលឹក ពីផលវិបាកមនុស្សធម៌ កើតចេញពីការប្រយុទ្ធរវាងកងទ័ពនិងក្រុមជីហាត ដែលបានជំរុញអោយប្រជាជន១លាន២សែននាក់ ភៀសខ្លួនពីលំនៅដ្ឋាន។
នៅថ្ងៃសៅរ៍នេះ ប្រមុខការទូតរុស្ស៊ី ស៊ែរហ្កី ឡាវ្រ៉ូវ បានបំពេញទស្សនកិច្ចនៅក្រុងដាម៉ាស ប្រទេសស៊ីរី និងបានប្រកាសថា រុស្ស៊ីមិននៅអោបដៃមើល ការវាយលុករបស់ក្រុមជីហាតនៅអ៊ីរ៉ាក់ទេ។ ប្រមុខការទូតរុស្ស៊ីលើកឡើងថា ដូចជានៅស៊ីរីដែរ មានតែការចរចាថ្នាក់ជាតិអ៊ីរ៉ាក់ប៉ុណ្ណោះ ដែលអាចរកដំណោះស្រាយវិបត្តិនៅអ៊ីរ៉ាក់បាន៕