ខេត្តក្រចេះ៖ សមិទ្ធផលនានា នៅក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ដែលចំណាយ ថវិកាសាងសង់អស់ជិត៥ម៉ឺនដុល្លារ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាពឯកឧត្ដម ប៉ែន លីណាត អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពីសំណាក់ម្ចាស់ជំនួយ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនិងសិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
សមិទ្ធផលដែលត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់ នៅពេលនេះរួមមាន៖ ផ្លូវថ្នល់ ស្ពាន សាលារៀន ដែលបានសាងសង់នៅក្នុងសង្កាត់កោះទ្រង់ ចំណាយថវិកាសរុបអស់៤២.៥២២ដុល្លារ និង៤.៤៦៥.០០០៛ សមិទ្ធិផលនេះ បានមកពីឧបាសិកាកាង ស្រូយ និងបុត្រាបុត្រីដែលមកក្រៅប្រទេស និងមកពីភ្នំពេញ ដើម្បីធ្វើបុណ្យជូនលោកមានគុណនៅក្នុងស្រុកកំណើត ។
ឯកឧត្តម ប៉ែន លីណាត អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់សម្បុរសជនឧបាសិកា កាង ស្រូយ និងបុត្រាបុត្រីទាំងអស់ដែលជួយសាងសង់នូវសមិទ្ធផលនានាក្នុងសង្កាត់កោះទ្រង់ទាំងមូល សមិទ្ធផលទាំងអស់នេះ គឺកើតឡើងដោយមិនមានអ្នកណាចេះជប់នោះទេ គឺកើតឡើងពីការចេះស្រលាញ់ភូមិកំណើតដែលខ្លួនធ្លាប់រស់នៅ ក៏ដូចជាការជួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងសង្កាត់កោះទ្រង់ ដើម្បីចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលជាផលប្រយោជន៍ សម្រាប់ខេត្តក្រចេះ និងជួយទាក់ទាញភ្ញៀវទេសចរណ៍មកកំសាន្តផងដែរ។
ឯកឧត្តម ប៉ែន លីណាត ក៏បានធ្វើការផ្តាំផ្ញើ ចំពោះក្មួយៗត្រូវ ជៀសវាងឆ្ងាយពីឧបាយមុខនានាជៀសវៀងឆ្ងាយពីគ្រឿងញៀន ព្រោះវាជាឃាតករបិទមុខ នៅពេលយើងប៉ះពាល់ ឬប្រើប្រាស់វា ធ្វើអោយប៉ះពាល់សុខភាព ប៉ះពាល់ការសិក្សារៀនសូត្រ ក្រុមគ្រួសារ និងសង្គមជាតិ ។ មួយវិញទៀតត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ គ្រប់ពេលដែលក្មួយៗធ្វើដំណើរ ៕ម៉េង គាង ក្រចេះ







































