មណ្ឌលគិរី៖ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី រួមនិងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៏មួយចំនួនផ្តល់ជូនគ្រួសារសពលោកយាយម្នាក់ដែលរងគ្រោះដោយសាក្រុមសមត្ថកិច្ចប្រដេញរថយន្តដឹកឈើបុកស្លាប់ក្នុងផ្ទះកាលពីពេលថ្មីៗ នៅចំណុចឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
លោក អាន សុឃីម នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក នួន សារ៉ន ប្រធានកិត្តិយសអនុសាខាស្រុក បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិកាសាខាកាកបាទកម្ពុជាខេត្ត ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសារសព លោកយាយ លី ណារី ដែលរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ដោយរថយន្ត០៥គ្រឿងបើកប្រដេញរថយន្តសាំយ៉ុងដឹកឈើ រួចក៏ប៉ះទង្គិចគ្នា ធ្វើឲ្យរថយន្តសាំយ៉ុងរ៉េចង្កូតខាងស្តាំទៅបុកផ្ទះប្រជាពលរដ្ឋមួយខ្នងបណ្តាលឲ្យស្ត្រីម្ចាស់ផ្ទះម្នាក់បានស្លាប់ ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ។
លោកបានបន្តរថា អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែល ផ្តល់ជូននាពេលនោះរួមមាន៖ គ្រួសារសពទទួលបាន អង្គរ៦០គីឡូក្រាម ឃីត១កញ្ចប់ ត្រីខ មី និងថវិកា៤០ម៉ឺនរៀល ដោយឡែក លោក ណយ ចន្ទដារ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានឧបត្ថម្ភថវិកា៥៥ម៉ឺនរៀល និងអង្គរ៦០គីឡូក្រាម រីឯអនុសាខាស្រុក បានបន្ថែមថវិកា ២៩ម៉ឺនរៀលទៀត។
ចំណែកគ្រួសារក្រីក្រចំនួន០២គ្រួសារទៀត ក៏ទទួលបាន អំណោយមួយចំនួនពីសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តផងដែរ។បន្ទាប់មកក្រុមការងារកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាស្រុក បានចុះត្រួតពិនិត្យការសាងសង់របងរបស់វិហារឥស្លាម ដែលជាអំណោយរបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕ ដោយ រដ្ឋា






































