ឧត្តមសេនីយ៍ទោ សោម ស៊ុន ឆ្លៀតឳកាសចុះសួរសុខទុក្ខអតីតយុទ្ធជនជនពិការក្នុងថ្ងៃឈប់សម្រាក

0

កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អមដំណើរដោយលោក ម៉ាក ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ក្រុងស្ទឹងសែន បានដឹកនាំសហការី រួមជាមួយអាជ្ញាធរ ភូមិ-សង្កាត់ បានឆ្លៀតឳកាសចុះសួរសុខទុក្ខអតីតយុទ្ធជនពិការ ០១ គ្រួសារ រស់នៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ការចុះសាកសួរសុខទុក្ខអតីតយុទ្ធជនពិការ ដែលជាអតីតពលទោ​ ជួន វន​ អាយុ ៥៧​ឆ្នាំ​ បានធ្វើឡើងនៅ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៨ អតីតយុទ្ធជន ធ្លាប់ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​នៅ​ថ្ងៃទី​១៥​ ខែ​ ឧសភា​ ឆ្នាំ​១៩៨៥​​ នៅ​អង្គភាព​វរសេនាតូចលេខ​៥៥​ នៃយោធាខេត្តកំពង់ធំ​ ហើយ​បាន​ត្រូវ​របួស​ដាច់​ជើងខាងឆ្វេងត្រឹមភ្លៅ​ នៅ​សមរភូមិ​តំបន់​អូរកូនមាន់​តាម​បណ្ដោយ​ដងស្ទឹងសែន​ខេត្ត​កំពង់ធំ​ នៅឆ្នាំ​១៩៨៦​   ។

លោកពលទោ​ ជួន វន​ មាន​ភរិយា​ឈ្មោះ​ ជា ឡូន​ អាយុ៦០ ឆ្នាំ​ មាន​កូន​ចំនួន​ ០២ នាក់​  ពុំ​មាន​ប្រកបមុខរបរ​អ្វី​ទេ​  ដោយ​សារ​មាន​ជម្ងឺ​ប្រចាំ​កាយ​ទាំង​ពីរ​នាក់​ភរិយា​  (ពី​មុន​ប្រកប​មុខរបរ​ប៉ះកង់)​ ហើយ​មាន​ជីវភាព​លំបាក​ខ្វះខាត​ ដោយ​រស់នៅ​ជាមួយ​កូន​  ដែល​ប្រកប​របរ​លក់​ជី​ និង​បន្លែ​បង្ការ​ផ្សេងៗ​ គ្រាន់​បាន​ប្រាក់​ចិញ្ចឹម​ជីវិត​  គួបផ្សំ​និង​ប្រាក់​បៀវត្ស​ប្រចាំ​ខែ​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ជូន​ចំនួន​៤១០,០០០​ ៛ផងដែរ​  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ដោយទទួលបានព័ត៌មាន ពីជីវភាពរស់នៅ របស់អតីតយុទ្ធជនពិការ ដែលកំពុងតែ ជួបនឹងការលំបាកខ្វះខាត ទើបឆ្លៀតឳកាស នាំយកអំណោយរបស់សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ តាម​រយៈ ឯកឧត្តម ឧត្ដមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត​ អគ្គ​លេខាធិការ​រង​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ នូវ​អង្ករ​ចំនួន​ ៥០​ គីគីឡូក្រាម , មីយើងចំនួន​ ០២​ កេស​ , ទឹក​ត្រី​ ទឹក​ស៊ីអ៊ីវ​ចំនួន​ ០២ យួរ  និង​ថវិកា​ចំនួន​ ២០០,០០០ រៀល​  ។

អាជ្ញាធរនិងប្រជាពលរដ្ឋរួមទាំងក្រុមគ្រួសារអតីតយុទ្ធជន បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់ជួយដល់គ្រួសារអតីតយុទ្ធជនគ្រប់រូប ដោយមិនបាន បោះបង់ចោល ឬមិនអើពើនោះឡើយ ធ្វើឲ្យក្រុមគ្រួសារអតីតយុទ្ធជន ទទួលបាននូវភាពកក់ក្តៅ ពីក្រុមការងារសមាគមរបស់សម្តេច ដែលប្រចាំនៅតាមរាជធានីខេត្តក្រុង ជាពិសេសអាជ្ញាធរមូលដ្ឋាន ។

ដោយ  ប៊ុន រដ្ឋា