លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ធំ មិនបណ្ដែតបណ្ដោយ ឲ្យមន្ត្រីនគរបាល រូបណាមានជម្ងឺដោយគ្មានការយកចិត្តទុក្ខដាក់ឡើយ
ខេត្តកំពង់ធំ ថ្ងៃ អាទិត្យ ៨រោច ខែ មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៨ វេលាម៉ោង ១៥ និង ០០ នាទី បន្ទាប់ពីទទួលពត៌មាន មន្ត្រីនគរបាលម្នាក់ មានជម្ងឺ ភ្លាមនោះលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញចុះសាក
សួរសុខទុក្ខ ចំពោះលោកអនុសេនីយ៍ទោ ខាត់ សុខៃ អាយុ ២៨ ឆ្នាំ មានតួនាទីជាមន្ត្រីនគរបាល ប៉ុស្តិ៍នគរបាលរដ្ឋបាលសំព្រោចនៃអធិការដ្ឋាននគរបាលស្រុកស្ទោង ដែលមានជម្ងឺ កង្វះសារធាតុជាតិកាល់ស្យូម ក្នុងរាងកាយហើយបណ្ដាលអោយរូបលោកមានអាការៈងងឹតមុខជាដើម ហើយក៍ទើបប្រញ៉ាប់ប្រញ៉ាល់មកសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង ដើម្បីអោយលោកគ្រូពេទ្យជួយព្យាបាលជម្ងឺទាន់ពេលវេលា។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បាននាំយកប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខជាពិសេសប្រសាសន៍ របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ។
ឯកឧត្តមតែងតែផ្ដាំផ្ញើរសួរសុខទុក្ខដល់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ទូទាំងខេត្តកំពង់ធំ ដែលឯកឧត្តម ចង់ដឹងអំពីបញ្ហាសុខុមាលភាព របស់មន្ត្រីនគរបាល ។ 
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានណែនាំ សូមអោយលោកអនុសេនីយ៍ទោ ខាត់ សុខៃ ថែរក្សាសុខភាពអោយបានល្អ ធ្វើការពិនិត្យតាមដានសុខភាពជារៀងរាល់សប្ដាហ៍ តាមការវិភាគរបស់វេជ្ជបណ្ឌិតដែលកំនត់ ហើយព្យាយាម ហាត់ប្រាណកាយសម្បទា ការរស់នៅមានអនាម័យ ការបរិភោគម្ហូបអាហារចម្អិនអោយឆ្អិនល្អ សំរាកក្នុងមុងជ្រលក់ថ្នាំ ដើម្បីជៀសផុតពីមុសខ្លា ខាំ ដែលបណ្តាលអោយមានជម្ងឺគ្រុនឈាមជាដើម ។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ស្នងការបានប្រគល់អំណោយទឹកបរិសុទ្ធ ១ កេះមីយើងចំនួន ០១ កេះ ទឹកដោះគោឆៅចំនួន ០១ កេះ ,ទឹកស៊ីអ៊ីវ ០១ យួរ និងថវិកាមួយចំនួនទៀត ។លោកវរសេនីយ៍ឯក យ៉ង សំ អធិការនគរបាលស្រុកស្ទោង តំណាងអោយមន្ត្រីក្រោមឱវាទ បានថ្លែង អំណរគុណ ចំពោះលោកស្នងការ ដែលឆ្លៀតឱកាស ដ៍មានតម្លៃ ចុះសាកសួរសុខទុក្ខ ដល់មន្ត្រីថ្នាក់ក្រោម ។
លោកអធិការនគរបាល បានមានមតិ គោរពជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ កើតមានដល់ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងលោកស្រី ព្រមទាំងបុត្រី បុត្រា ក្នុងឱកាសឆ្នាំថ្មី ២០១៩ ដែលកាន់តែខិតចូលមកដល់ថ្ងៃខាងមុខនេះ ។ក្នុងវេលានោះដែរលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានសំណេះសំណាល និងប្រគល់ថវិកាមួយចំនួនចំពោះ អ៊ុំ ពូ មិញចំនួន ៧គ្រួសារ ដែលសម្រាកព្យាបាលជម្ងឺ រួមអាគារជាមួយលោក
អនុសេនីយ៍ទោ ខាត់ សុខៃ ផងដែរ ៕




































