ឈើកែច្នៃទ្វារបង្ហូរដឹកចេញពីបាតអាងត្រូវបានសមត្ថកិច្ចចម្រុះបង្ក្រាប

0

ខេត្តស្ទឹងត្រែង:សមត្ថកិច្ចចម្រុះក្រោមការបញ្ជាផ្ទាល់ពីលោកអនចាន់សុជាតិនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តដឹកនាំដោយលោកហ៊ុនសំអឿននាយរងសង្កាត់អូរពងមាន់បានចុះបង្ក្រាបឈើកែច្នៃខុសច្បាប់ទ្វារបង្អួតដែលដឹកចេញពីទំនប់វារីអគ្គិសនីសេសានក្រោម 2(បាតអាង)ត្រូវបានបង្ក្រាបរឹបអូសយកទៅរក្សាទុកនៅសង្កាត់អូរពងមាន់។

ករណីបង្ក្រាបបទល្មើសឈើខុសច្បាប់ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង 7 និង 30 នាទីយប់ថ្ងៃទី 29 ខែធ្នូឆ្នាំ 2018 ត្រង់ចំណុចចំការចេកខាងចំងាយពីផ្លូវជាតិលេខ 78ប្រហែល 200 ម៉ែត្រជិតទល់មុខផ្លូវចូលទំនប់វារីអគ្គិសនីសេសានក្រោម 2 ស្ថិតក្នុងភូមិអូរលាងគ្រួស ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថាឈើដែលសមត្ថកិច្ចបង្ក្រាបនេះ ត្រូវបានគេដឹកចេញពីភូមិស្រែគរថ្មីឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យជាច្រើនកន្លែងនិងកាត់ទំនប់វារីអគ្គិសនីសេសានក្រោម 2 ជារៀងរាល់យប់តាមរថយន្តសាំយ៉ុងបើកគូទក្នុងមួយយប់មួយយប់ប្រមាណ 7គ្រឿងដល់ 10 គ្រឿងដែលមានមេឈ្មួញឈ្មោះចែពុយនិងចែពៅដែលមានផ្ទះនៅទល់មុខផ្លូវចូលទំនប់វារីអគ្គិសនីសេសានក្រោម 2 ដែលជាអ្នកប៉ាវរត់ការដឹកចេញពីទីតាំងខាងលើយកទៅដាក់ក្នុងព្រៃចំការចេកចំណុចខាងលើសាងដាក់រថយន្តកែច្នៃដឹកបន្តកាត់តាមចំការក្រុមហ៊ុនជាច្រើនទៅដាក់នៅចំណុចអូរមួយជាប់នឹងក្រុមហ៊ុនចំការកៅស៊ូ ដុណាយដុងហ្វូ ខេត្តក្រចេះ។

ប្រភពបានបន្តទៀតថាបន្ទាប់ពីដល់ចំណុច អូរមួយជាប់និងព្រំប្រទល់ខេត្តក្រចេះស្ទឹងត្រែងមានគោយន្តឆេវយកទៅដាក់រថយន្តសាំយុងជាច្រើនគ្រឿងដែលរង់ចាំដឹកបន្តឆ្លងកាត់តាមក្រុមហ៊ុនដុងណាយដុងហ្វូចេញតាមច្រកភ្នំខៀវដែលមានសន្និសុខក្រុមហ៊ុនជាអ្នកអនុញ្ញាតឲ្យធ្វើចរាចរណ៍កាត់តាមនោះចេញទៅផ្លូវជាតិលេខ 7 បន្តទៅកាន់ខេត្តក្រចេះនិងទៅដល់ទីផ្សាគោលដៅ។

ប្រភពបន្តថាទីតាំងសិប្បកម្មកែច្នៃខាងលើធ្លាប់បានបង្ក្រាបម្តងរួចមកហើយតែនៅពេលបច្ចុប្បន្នសិប្បកម្មកែច្នៃខុសច្បាប់នៅទីតាំងនោះបានកើនលើសដើមដែលគេដឹងថាមានប្រមាណទៅរហូតទៅដល់ 10 កន្លែងឯណ្ណោះ ដែលមួយថ្ងៃមួយថ្ងៃគេបានកែច្នៃឈើទ្វារបង្អួចរាប់រយវង់ដឹកចេញតាមរថយន្តសាំយ៉ុងមួយយប់មួយយប់មិនក្រោមពី 10 គ្រឿងនោះឡើយ។
នៅក្នុងការបង្ក្រាបនេះដែរ ស្ត្រីជាមេឈ្មួញឈ្មោះពុយ ក៏បានចេញមុខមកសំរួលជាមួយសមត្ថកិច្ចក្នុងទឹកប្រាក់ចំនួន 8 រៀនលានរៀលជាថ្នូរ មិនបង្ក្រាបតែសមត្ថកិច្ចបានអនុវត្តទៅតាមច្បាប់ស្តីពីព្រៃឈើមិនត្រូវបានធ្វើការសម្រុះសម្រួលនោះឡើយ ឈើទាំងនោះត្រូវបានសមត្ថកិច្ចចម្រុះយករថយន្តស្ទូចដឹកជញ្ជូនយកទៅកាន់សង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់រក្សាទុកចាត់ការទៅតាមនីតិវិធី។

សូមបញ្ជាក់ថា ការដែលរថយន្តកែច្នៃដឹកកាត់តាមចំការជាច្រើនទៅកាន់ចំណុច ខាងលើនោះដោយសារតែ តាមផ្លូវជាតិមានប៉ុស្តិ៍ត្រួតពិនិត្យទប់ស្កាត់បទល្មើសព្រៃឈើទើបមិនហ៊ានរត់កាត់តាមផ្លូវជាតិ។
ក្នុងការបង្រ្កាបនេះផងដែរ ទោះជាមានមេឈ្មួញដែលគេដឹងថាជាស្ត្រីជើងខ្លាំងចេញមុខរត់ការមកសុំសម្រួលយ៉ាងណាក្តីក៏មិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះទេ បានត្រឹមតែប្រមូលវត្ថុតាងបទល្មើសតែប៉ុណ្ណោះ៕