កំពង់ធំ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្ត , អនុប្រធានក្រុមការងារជួយស្រុកស្ទោង និងជាប្រធានក្រុមការងារជួយឃុំបន្ទាយស្ទោង ស្រុកស្ទោង បានដឹកនាំក្រុមការងារ អញ្ជើញទៅពិនិត្យទីតាំងជួសជុលផ្លូវលំ និងការដាក់ប្រព័ន្ធលូបង្ហូរទឹក ព្រមទាំងបានផ្តល់ថវិកាមួយចំនួន សម្រាប់ជួយសម្រួលដល់ការសាងសង់នេះ ស្ថិតនៅភូមិរលួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩ ។
ការជួសជុលនឹងដាក់ប្រពន្ឋលូនេះ ត្រូវបានធ្វើឡើង ក្រោយពីទទួលបានការសំណូមពររបស់ប្រជាជន ដែលជាការឆ្លើយតបនិងយកចិត្តទុកដាក់ពីសំណាក់ ប្រធានក្រុមការងារជួយឃុំបន្ទាយស្ទោង បានស្វែងយល់ពីសុខទុក្ខពីការលំបាករបស់បងប្អូនប្រជាជននៅមូលដ្ឋាន ក៏ដូចជាការអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ធ្លាប់បានថ្លែងថា គ្រប់មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវបន្តចុះពិនិត្យនិងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យបានច្រើនទ្វេដងបន្ថែមទៀត ។
ឯកឧត្តម សោម ស៊ុន បានលើកឡើងស្តីពី ការរីកចម្រើនរបស់ប្រទេសជាតិ ដែលមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន ប្រព័ន្ធធារាសាស្ត្រ មន្ទីរពេទ្យ តំបន់អេកូទេសចរណ៍ និងមានសន្តិភាពពេញលេញរយៈពេល ២០ ឆ្នាំ ក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ហើយនិងកំពុងតែបន្តការអភិវឌ្ឍប្រទេសជាតិ បន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ 
ឯកឧត្តម និងក្រុមការងារចុះជួយឃុំបន្ទាយស្ទោង បានធ្វើការថ្លែងអំណរគុណយ៉ាងក្រៃលែងដល់ បងប្អូនប្រជាជនទាំងអស់ ដែលបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ក្នុងគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសន្តិភាព ការអភិវឌ្ឍប្រទេស និងសូមជូនពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបប្រទះនូវពុទ្ធិពរទាំងបួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ដោយ ប៊ុន រដ្ឋា




































