ខេត្តកំពង់ធំ សមត្ថកិច្ចនគរបាល ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានតាមឃាត់ខ្លួន ជនសង្ស័យម្នាក់ ដែលបានប្រើហិង្សា ដោយចេតនា មានអាវុប្រើប្រាស់ជាកាំបិតប៉ាំងតោ កាប់លើជនរងគ្រោះ ជាដៃគូជម្លោះត្រូវចំនួន ៤កន្លែង រួចរត់គេចខ្លួន។
សមត្ថកិច្ចតាមក្របួច ជនសង្ស័យខាងលើបាន នៅវេលាម៉ោង១០យប់ថ្ងៃទី៣១ខែធ្នូឆ្នាំ ២០១៨ បន្ទាប់ពីជនសង្ស័យ មានជម្លោះហិង្សា ក្នុងពេលផឹកស៊ី ជាមួយជនរងគ្រោះ កាលពីវេលាម៉ោង៣ៈ០០ រសៀលថ្ងៃកើតហេតុ នៅចំណុចតូបលក់ស្រានៅភូមិទួលទំពូង ឃុំជ្រលង ស្រុកបារាយណ៍។
របាយការណ៍សមត្ថកិច្ចបានអោយដឹងថា៖ ជនរងគ្រោះឈ្មោះ ជួប វួច ភេទប្រុស អាយុ៣៨ឆ្នាំនៅភូមិ៍អណ្ដូងពោធិ៍ ឃុំអណ្ដូងពោធិ៍ ស្រុកបារាយណ៍របួសក្បាល១កន្លែង ,ចុងមាត់ខាងស្ដាំ០១កន្លែង, ភ្លៅខាង ឆ្វេង ០១កន្លែង, កដៃស្ដាំ០១កន្លែង។រីឯជនសង្ស័យឈ្មោះ ស្រុង ស៊្រែ ភេទប្រុស អាយុ២៧ឆ្នាំនៅភូមិ-ឃុំជាមួយគ្នា។
សមត្ថកិច្ចបានដកស្រង់ប្រភពសំដីនៅកន្លែង កើតហេតុអោយដឹងថា៖
ហេតុការណ៍ដំបូងមុននឹង កើតហេតុជនសង្ស័យអង្គុយផឹកស្រា នៅកន្លែងកើតហេតុ បន្ទាប់មកជនរងគ្រោះមកផឹកជាមួយ ហើយក៏បានទំនាស់ពាក្យសំដីគ្នា រហូត ជនរងគ្រោះវាយជនសង្ស័យ០១ដៃចំភ្នែកឆ្វេង ទើបជនសង្ស័យយកកាំបិតប៉ាំងតោ របស់ម្ចាស់តូបអ្នកលក់ កាប់ទៅលើជនរងគ្រោះ បណ្ដាលអោយរបួសចំនួន៤កន្លែងតែម្ដង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសាច់ញ្ញាតិសែងជូនទៅពេទ្យឯកជននៅឃុំទ្រៀល ។ ចំណែកជនសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួន រួមទាំងវត្ថុតាងរក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកបារាយណ៍ដើម្បីចាត់ការតាមនីយិវិធីច្បាប់។



































