កំពង់ធំៈ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី បំពាក់ឯកសណ្ឋាន ជូនប្រជាការពារចំនួន៦ភូមិ ស្មើរនឹង៣៨ នាក់ ជូនប្រជាការពារក្នុងចំណោម១៥ ភូមិស្ថិតនៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩។
ប្រជាការពារចំនួន០៦ ភូមិ ដែលត្រូវបានបំពាក់ឯកសណ្ឋាន ក្នុងនោះមានភូមិ ពោធិ ចំនួន ០៧ នាក់ ភូមិឈើទាល ចំនួន០៧ នាក់ ភូមិបេង ចំនួន០៦ នាក់ ភូមិតាម៉ើចំនួន ០៤ នាក់ និងភូមិរលួសចំនួន ០៩ នាក់ និងភូមិដូនប៉ុក ចំនួន០៥ នាក់ សរុបចំនួន៣៨ នាក់ ឯកសណ្ឋានប្រជាការពារនេះ ត្រូវបានបំពាក់ជាលើកទី២ ក្នុងគោលបំណង ឲ្យប្រជាការពារដែលជាសេនាធិការឲ្យសមត្ថកិច្ច បំពេញនូវតួនាទី និងភារកិច្ចចូលរួមការពារសុខសុវត្តិភាពជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់គាត់ ក៏ដូចជាការរួមគ្នាគោរគោលនយោបាយ ភូមិមានសុវត្តិភាពទាំង៩ចំនុចរបស់រាជរដ្ឋាភិបាលផងដែរ ។
ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តំណាគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងអមដំណើរដោយដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងប្រជាការពារ សរុបចំនួនប្រមាណ២៩៥ នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តបន្ទាយស្ទោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ
ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត បានណែនាំដល់បងប្អូនប្រជាការពារទាំងអស់ដែលបានចូលរួម ១/ អនុវត្តន៍ឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល ២/ ត្រូវស្មោះត្រង់បម្រើប្រជាជនឲ្យអស់ពីចិត្តពីថ្លើម មិនត្រូវធ្វើអ្វីឲ្យប្រជាជនមានការថ្នាំងថ្នាក់ ៣/ ចូលរួមជាមួយមន្រ្តីនគរបាលប៉ុស្តរដ្ឋបាលឃុំ ដើម្បីផ្សព្វផ្សាយ និងចូលរួមអនុវត្តន៍ច្បាប់នានារបស់រដ្ឋ ធ្វើឲ្យប្រទេសជាតិយើងក្លាយជានិតិរដ្ឋ ៤/ពង្រឹងរបៀបរបបការងារ និងរក្សាការសាមគ្គីភាពឯកភាពគ្នា ដើម្បីបម្រើប្រជាជនយើង ៥/ ប្រជាការពារយើង មិនត្រូវប្រើប្រាស់ ឯកសណ្ឋានខុសច្បាប់ ដូចជា ឯកសណ្ឋានកងយោធពលខេមរភូមិន្ទ ឯកសណ្ឋាននគរបាលជាតិ ដែលនាំធ្វើឲ្យមានទោសដល់ខ្លួន ស្តីពីបទក្លែងឯកសណ្ឋាន ។
ប្រជាការពារទាំង១៥ ភូមិ នៅឃុំបន្ទាយស្ទោង មានសរុបចំនួន១៤៥ នាក់ ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន និងថ្នាក់ដឹកនាំ នៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបំពាក់ឯកសណ្ឋាន និងផ្តល់វិទ្យុទាក់ទងដៃចំ៦២ គ្រឿងផងដែរ ដើម្បីបម្រើប្រជាជនក្នុងការអនុវត្តន៍នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិ នៅក្នុងមូលរដ្ឋាន ។
ដោយ ប៊ុន រដ្ឋា




































