សៀមរាប៖ មានប្រសាសន៍នៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៩ របស់មន្ទីរព័ត៌មាន ខេត្តសៀមរាប នារសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ លោកលីវ សុខុន បានលើកឡើងថា អស់ពេលពេញមួយឆ្នាំ២០១៨ ដែលទើបកន្លងផុតនេះ ក្រោមការខិតខំប្រកៀកស្មា សាមគ្គីរវាងគ្នានិងគ្នា
របស់មន្ត្រីមន្ទីរ បានធ្វើឲ្យយើងសម្រេចបានការងារធំៗជាច្រើន។
ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប លោកលីវ សុខុន បានលើកឡើងបន្តថា ដូចដែលអនុសាសន៍របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសបិទសន្និបាតបូកសរុបសមិទ្ធផលវិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០១៧ និង ទិសដៅការងារសម្រាប់អនុវត្តន៍ឆ្នាំ២០១៨ របស់ក្រសួងព័ត៌មាន ដែលឯកឧត្ដម បានដាក់ចេញនូវគោលការណ៍សំខាន់របស់ក្រសួង គឺការពង្រីកប្រព័ន្ធផ្សព្វផ្សាយឲ្យទៅដល់មូលដ្ឋាន និង បានជម្រុញដល់គ្រប់មន្ទីរព័ត៌មានរាជធានី ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទដែលខ្លួនមានស្រាប់ ជារបៀបបណ្ដាក់គ្នាដូចខ្យង ឲ្យដល់មូលដ្ឋាន ។
លោកប្រធានមន្ទីរបានលើកឡើងថា ដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់នេះ និង ដោយមានការជួយឧបត្ថម្ភជាថវិកា សម្ភារបច្ចេកទេស និងអ្នកបច្ចេកទេស ពីឯកឧត្តម ខៀវ កាញារីទ្ទ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់ឆ្នាំ២០១៨នេះ មន្ទីរព័ត៌មានខេត្តសៀមរាប បានដំណើរការផ្សាយទូរទស្សន៍អនឡាញបន្ថែមទៀត។ កន្លងមកមន្ទីរមានស្ថានីយវិទ្យុFMជាតិនគរភ្នំ ១០៣MHz ដែលមានកំលាំងផ្សាយ ៥KW ធ្វើការផ្សព្វផ្សាយបាន១៧ម៉ោងកន្លះក្នុងមួយថ្ងៃ ចាប់ពីម៉ោង៥:៣០នាទីព្រឹក រហូតដល់ម៉ោង១១យប់។ កាលពីចុងឆ្នាំ២០១៧កន្លងមក ឯកឧត្តមរដ្ឋមន្ត្រីផ្ដល់ថវិកា សម្រាប់សាងសង់បន្ទប់ស្ទូឌីយោផ្សាយផ្ទាល់ ចំនួន០១ បន្ទប់ចាក់ផ្សាយ ចំនួន០១ និងបន្ទប់អានព័ត៌មាន ចំនួន០១។
ស្ថានីយទូរទស្សន៍ នៃមន្ទីរព័ត៌មានខេត្តសៀមរាប មានឈ្មោះថា ទូរទស្សន៍ជាតិខេត្តសៀមរាប ផ្សាយតាមប្រព័ន្ធអ៊ិនធើណិត មានបន្ទប់ស្ទូឌីយោផ្សាយផ្ទាល់ ០១, បន្ទប់ចាក់ផ្សាយ ០១ និងបន្ទប់កាត់ត ចំនួន ០១ ដែលបានចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ២០១៧ និង បានដំណើរការផ្សាយពេញលេញនៅដើមឆ្នាំ២០១៨ ផ្សាយពេញ២៤ម៉ោងក្នុងមួយថ្ងៃ តាមបណ្ដាយសង្គម ហ្វេសប៊ុក យូធូប គេហទំព័រ និងស្ថានីយទូរទស្សន៍ខ្សែកាបអង្គរខេត្តសៀមរាបប៉ុស្ដិលេខ៩៥ ហើយក្រៅពីកម្មវិធីផ្សាយផ្ទាល់របស់ខ្លួន ទូរទស្សន៍ជាតិខេត្ត ក៏បានធ្វើការផ្សាយបន្តផ្ទាល់ពីទូរទស្សន៍ជាតិកម្ពុជាផងដែរ។ សូមជម្រាបជូនថា មន្ទីរព័ត៌មានខេត្តសៀមរាប មិនទាន់មានស្ថានីយទូរទស្សន៍រលកធាតុអាកាស ផ្សាយនៅឡើយទេ។
តាមរបាយការណ៍របស់មន្ទីរព័ត៌មានខេត្តសៀមរាប បានឲ្យដឹងថា ក្រោមកិច្ចសហការគ្នា រវាងមន្ត្រីការិយាល័យវិទ្យុ និង មន្ត្រីការិយាល័យទូរទស្សន៍ យើងបានធ្វើការរួមគ្នា លើកម្មវិធីផ្សាយផ្ទាល់ តាមប្រព័ន្ធផ្សព្វផ្សាយពីរ វិទ្យុផង ទូរទស្សន៍ផង ក្នុងពេលតែមួយ លើកម្មវិធីសំខាន់ៗចំនួន៤ គឺៈ
កម្មវិធីសន្ទនាមតិ , កម្មវិធីយើងធ្វើបាន , កម្មវិធីសំឡេងយុវវ័យ និង កម្មវិធីរួមគ្នាដើម្បីសង្គម ហើយក្នុងកម្មវិធីនិមួយៗ យើងបានចាត់ចែង រៀបចំ និង បែងចែកមន្ត្រីចុះជួបសម្ភាសន៍ផ្ទាល់ ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្នុងទូទាំងខេត្ត ដើម្បីស្រង់យកនូវទស្សនៈ មតិចម្រុះ យោបល់ សំណូមពរ និង តម្រូវការចាំបាច់ ដែលបម្រើឲ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីធ្វើការផ្សព្វផ្សាយ ទៅតាមប្រធានបទនីមួយៗ ដែលទាក់ទងទៅនឹងអភិបាលកិច្ចល្អ , ការលុបបំបាត់អំពើហឹង្សាលើស្ត្រី និងកុមារ , ការលុបបំបាត់អំពើហឹង្សាក្នុងគ្រួសារ, ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស , ការប្រយុទ្ធប្រឆាំងការជួញដូរ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន , ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ , ការងារអប់រំ , ការងារសុខាភិបាល , ការងារវប្បធម៌ , ការងារសេដ្ឋកិច្ច , ការងារសង្គមកិច្ច និង ការងារអភិវឌ្ឍន៍ក្នុងខេត្តជាដើម ។
វិទ្យុFMជាតិនគរភ្នំ បានសហការផ្សព្វផ្សាយ ជាមួយវិទ្យុFM ជាតិកម្ពុជា ៩៦MHz រៀងរាល់ថ្ងៃ ដោយ៖ ភាសាចិន ផ្សាយនៅម៉ោង០៣:៥០នាទី ដល់ម៉ោង៤រសៀល មានរយៈពេល១០នាទី ភាសាវៀតណាម ផ្សាយនៅម៉ោង០៤:៥០នាទីរសៀល ដល់ម៉ោង៥ល្ងាច មានរយៈពេល១០នាទី បន្ទាប់ពីកម្មវិធីព័ត៌មានភាសាជាតិ។ជាមួយគ្នានេះ មន្ទីរបានសហប្រតិបត្តិការផ្សាយបន្តផ្ទាល់ វិទ្យុFM មិត្តភាពកម្ពុជា-ចិន ពីរាជធានីភ្នំពេញ និងរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយធ្វើការផ្សាយក្នុងមួយថ្ងៃ ១៨ម៉ោង ចាប់ពីម៉ោង០៦ព្រឹក ដល់ម៉ោង១២យប់ តាមរយៈស្ថានីយវិទ្យុFM មិត្តភាពកម្ពុជា-ចិន ១០៥MHz ខេត្តសៀមរាប ដែលមានកំលាំងផ្សាយ ៥KWជាមួយគ្នានេះដែរ មន្ទីរក៏បានបែងចែក និង ចាត់ចែងឲ្យមន្ត្រីផ្នែកព័ត៌មាន ចុះយកព័ត៌មានពីព្រឹត្តិការណ៍សំខាន់ៗ ដែលបានរៀបចំ និង ប្រារព្ធធ្វើឡើងនៅក្នុងខេត្តសៀមរាប ទាំងព្រឹត្តិការណ៍ថ្នាក់អន្តរជាតិ, ព្រឹត្តិការណ៍ថ្នាក់ជាតិ, ទាំងព្រឹត្តិការណ៍ថ្នាក់ខេត្ត និង ព្រឹត្តិការណ៍របស់ថ្នាក់ ក្រុងស្រុក ឃុំសង្កាត់ ដើម្បីយកមកផលិតជាអត្ថបទព័ត៌មាន ហើយធ្វើការផ្សព្វផ្សាយក្នុងម៉ោងកម្មវិធីផ្សាយព័ត៌មានប្រចាំថ្ងៃរបស់ទូរទស្សន៍ជាតិខេត្តសៀមរាប ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង៧យប់ និង ផ្សាយនៅវិទ្យុFMជាតិនគរភ្នំ ១០៣ MHz ចាប់ពីម៉ោង៤រសៀលដល់ម៉ោង៥ល្ងាច រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសៅរ៏ និងកម្មវិធីសរុបព័ត៌មានប្រចាំសប្ដាហ៍ផ្សាយនៅថ្ងៃអាទិត្យ ជូនដល់ប្រជាពលរដ្ឋ ឲ្យពួកគាត់មានការយល់ដឹងអំពីសកម្មភាពនានារបស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ អំពីការអភិវឌ្ឍប្រទេសជាតិ ។
ក្រៅពីនោះ ស្ថានីយវិទ្យុនិងទូរទស្សន៍បានធ្វើការផ្សាយបន្តផ្ទាល់ទាំងស្រុង នូវព្រះរាជសកម្មភាពរបស់ព្រះមហាក្សត្រ ប្រសាសន៍សម្ដេចប្រធានព្រឹទ្ធសភា ប្រសាសន៍សម្ដេចប្រធានរដ្ឋសភា ប្រសាសន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ពីទូរទស្សន៍ជាតិកម្ពុជា ឬ ទូរទស្សន៍បាយ័ន និងវិទ្យុជាតិកម្ពុជា ព្រមទាំងបានដកស្រង់នូវខ្លឹមសារសំខាន់ៗ ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីយកមកផលិតជាព័ត៌មានបន្ថែម ហើយធ្វើការផ្សព្វផ្សាយក្នុងម៉ោងផ្សាយព័ត៌មានរបស់ខ្លួន។
របាយការណ៍ដដែលក៏បានលើកឡើងផងដែរអំពីការពង្រឹងសមត្ថភាព មន្ត្រីក្រោមឧិវាទ។ របាយការណ៍លកឡើងថា ដើម្បីពង្រឹងនូវសមត្ថភាព គុណភាព នៃការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយជាតិនៅក្នុងខេត្ត ថ្នាក់ដឹកនាំមន្ទីរ តែងតែបានបញ្ជូនមន្ត្រីរបស់ខ្លួន ទៅចូលរួមសិក្ខាសាលា ការផ្លាស់ប្ដូរបទពិសោធន៍ និង វគ្គបណ្ដុះបណ្ដាលសរសេរព័ត៌មាន និងគ្រប់គ្រងគេហទំព័រទាំងនៅក្នុងខេត្ត នៅក្នុងប្រទេស និងនៅក្រៅប្រទេស បានជាច្រើនវគ្គផងដែរ។
បើទោះបីជាក្នុងរយៈពេលពេញមួយឆ្នាំនេះ ថ្វីត្បិតតែមន្ទីរព័ត៌មានទទួលបានលទ្ធផលរបស់យើងមានការឆ្លើយតបយ៉ាងល្អប្រសើរយ៉ាងនេះក្តី ក៏ប៉ុន្តែមន្ទីរនៅជួបបញ្ហាប្រឈមខ្លះៗ គួរឲ្យកត់សំគាល់ដែរ ក្នុងនោះ៖ ខ្វះខាតមន្រ្តីក្របខណ្ឌបម្រើការងារ ខណៈបច្ចុប្បន្នយើងមានមន្រ្តីក្របខណ្ឌត្រឹមតែ ២៩នាក់ ស្ត្រី ១៣នាក់ ដោយឡែក មន្ត្រីដែលបម្រើការងារវិទ្យុមានចំនួន ០៥នាក់ និង មន្ត្រីបម្រើការងារទូរទស្សន៍មានចំនួន ០៦នាក់ប៉ុណ្ណោះ មន្ទីរនៅខ្វះខាតធនធានមនុស្សផ្នែកបច្ចេកទេស សម្រាប់បម្រើការងារវិទ្យុ និងទូរទស្សន៍ ខ្ញុំសូមអនុញ្ញាតជម្រាបជូនថា ខេត្តសៀមរាបជាគោលដៅរៀបចំព្រឹត្តិការណ៍ធំៗ ទាំងថា្នក់ជាតិ និងអន្តរជាតិជាច្រើន បន្ទាប់ពីរាជធានីភ្នំពេញ។ ខ្វះខាតថវិកា និងសម្ភារបច្ចេកទេស សម្រាប់គាំទ្រនូវប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន និងចុះយកព័ត៌មាន ទាំងវិទ្យុនិងទូរទស្សន៍។ខ្វះទីតាំងដីសម្រាប់សាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍រលកធាតុអាកាស។
លោកលីវ សុខុន លើកឡើងថា ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងារ មន្ទីរបានលើកទិសដៅសម្រាប់អនុវត្តន៍ឆ្នាំបន្ត ក្នុងនោះមាន៖ សកម្មភាពផ្សព្វផ្សាយវិទ្យុ FM ជាតិនគរភ្នំ និង ទូរទស្សន៍ជាតិខេត្តសៀមរាប ឲ្យបានទូលំទូលាយ ព្រមទាំងបន្តសហប្រតិបត្តិការ ផ្សព្វផ្សាយវិទ្យុមិត្តភាព កម្ពុជា-ចិន និងវិទ្យុ-ទូរទស្សន៍ឯកជនក្នុងខេត្ត។ ជម្រុញការចុះយកព័ត៌មានគ្រប់ព្រឹត្តិការណ៍ទាំងអស់ ផលិតព័ត៌មាន ផ្សព្វផ្សាយព័ត៌មាន និងតាមដានព័ត៌មានគ្រប់សកម្មភាពក្នុងខេត្ត។ បង្កើនការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញវិជ្ជាជីវៈសារព័ត៌មាន ។ បន្តការងារគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងសោតទស្សន៍ក្នុងខេត្ត ឲ្យមានប្រសិទ្ធភាព និងតម្លាភាព៕




































