អាកាសធាតុក្នុងខេត្តរតនគិរី ស្ថិតនៅសីតុណ្ហភាពធម្មតានៅឡើយ ខណ:នៅឯរាជធានីភ្នំពេញ សីតុណ្ហភាពត្រជាក់បង្គួរ

0

ខេត្តរតនគិរី÷ លោក ចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានអះអាងថា អាកាសធាតុនៅខេត្តរតនគិរី ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សីតុណ្ហភាពស្ថិតនៅចន្លោះពី ២៨ អង្សារសេ ទៅ១៨ អង្សារសេ ក្នុងកម្រិតធម្មតានៅឡើយ ។

នេះបើតាមការបញ្ជាក់របស់ លោក ចាន់ ប៊ុនធឿន ដែលបានឲ្យ ខេមរា ដឹងនៅ នារសៀលថ្ងៃទី២ ខែមករា ដើមឆ្នាំ២០១៩នេះ ។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរីរូបនេះ បានឲ្យដឹងទៀតថា កម្រិតសីតុណ្ហភាពក្នុងខេត្ត នាពេលនេះ ស្ថិតនៅកម្រិតដូចធម្មតានៅឡើយ ខណ:ដែលរយ:ពេលដើមឆ្នាំដូចគ្នាកាលពីឆ្នាំកន្លងទៅ ឃើញថា សីតុណ្ហភាពចុះត្រជាក់ដល់ ១៣ °C ដែលសីតុណ្ហភាពត្រជាក់ខ្លាំងដូចនោះ គឺជាលើកទី១ ហើយសម្រាប់ខេត្តរតនគិរី បន្ទាប់ពីខកខានអស់រយៈពេលជិត២០ ឆ្នាំចុងក្រោយនេះ ។

ទន្ទឹមហ្នឹឹងនោះ លោក ចាន់ ប៊ុនធឿន បានធ្វើការសន្និដ្ឋានថា អាកាសធាតុក្នុងខេត្តរតនគិរីនាឆ្នាំនេះ ពុំត្រជាក់ខ្លាំងដូចឆ្នាំកន្លងទៅ ដែលបានធ្វើឲ្យប៉ះពាល់ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសចំពោះមនុស្សចាស់ និងកុមារ រួមទាំងបានធ្វើឲ្យប៉ះពាល់ដល់ទិន្នផលផលដំណាំកសិកម្មមួយចំនួនទៀតផងដែរ ជាពិសេសដំណាំស្វាយចន្ទីរ ដែលធ្វើឲ្យម្ចាស់ចំការនីមួយៗមានការថ្អូញថ្អែរ និងខាតបង់ចំណូលជាច្រើន ដោយសារការប្រមូលផល បានតិចតួចខុសប្លែកពីសព្វមួយដង ៕ យក្ខឡោម