កំពង់ចាម: ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩នេះ បានអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់ក្រុមកីឡាករចំណុះទូក ដែលមានឈ្មោះថា ចំរើនសែនជ័យបារមីទន្លេអ៊ុ ដែលជាទូកខ្នាតអន្តរជាតិ ដើម្បីត្រៀមចេញទៅប្រកួត ជាលក្ខណៈកីឡាទូក ប្រពៃណី ខ្នាតអន្តរជាតិ ទូកកាណូត ទូកកាយ៉ាក់ ជម្រើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅទន្លេក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីអបអរថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ -៧ មករា ឆ្នាំ២០១៩ ។ 
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងលើកទឹកចិត្តដល់ក្រុមកីឡាករទូកទាំង១៤នាក់ និងគ្រូបង្ហាត់ ដេីម្បីឲ្យក្លាយខ្លួនទៅជាកីឡាករល្អ និងមានជំនាញយ៉ាងពិតប្រាកដ និងមានសុខភាពរឹងមាំផងនោះ គឺត្រូវខិតខំបន្ថែមទៀត ក្នុងការហ្វឹកហាត់ និងគោរពវិន័យ មិនត្រូវសប្បាយភ្លេចខ្លួន ដេីរលេងរហេតរហូតនោះឡើយ។ 
ឯកឧត្ដម អភិបាលខេត្ត បានថ្លែងបន្តទៀតថា ការចេញទៅប្រកួតជាមិត្តភាពនៅក្រុងតាខ្មៅ ខេត្តកណ្ដាល នាថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ថ្វីត្បិតតែមិនមែនជាការចេញទៅប្រកួតស៊ីសាច់ហុតឈាម គ្នាក៏ពិតមែន តែយើងត្រូវធ្វើការហ្វឹកហាត់លត់ដំខ្លួន ឲ្យក្លាយខ្លួនទៅជាកីឡាករ ដែលមានសមត្ថភាព ក្នុងការដណ្ដើមជយលាភី ដើម្បីលើកមុខមាត់ខេត្តកំពង់ចាមយើងទាំងមូលផងដែរ។
ជាមួយការជួបសំណេះសំណាលនេះ ឯកឧត្តម អភិបាលខេត្ត ក៏បានជូនពរដល់ក្រុមកីឡាករចំណុះទូក ព្រមទាំងប្រគល់ជូនដល់ក្រុមកីឡាករ និងគ្រូបង្ហាត់ នូវថវិកាចំនួន២លានរៀលផងដែរ ៕





































