កំពង់ចាម: ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេកំពង់ចាម នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំ ដើម្បី ពិភាក្សា និងត្រួតពិនិត្យការងារ នៃការរៀបចំទិវាបុណ្យជាតិ ៧មករា ខួបអនុស្សារីយ៍ លើកទី ៤០ នៃថ្ងៃជ័យជំនះ (៧ មករា ១៩៧៩-៧ មករា ២០១៩) ដោយមានការអញ្ជើញចូលរួម ពីឯកឧត្ដម ជាអភិបាលរងខេត្ត ព្រមទាំង លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័ននានា ក្នុងខេត្ត ដែលជាអនុ និងសមាជិកគណកម្មការ នៃការរៀបចំបុណ្យ និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូប ផងដែរ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងថា កិច្ចប្រជុំនេះ បានធ្វើឡើង ដើម្បី ពិភាក្សា និងត្រួតពិត្យលើការងាររៀបចំការប្រារព្ធទិវាបុណ្យជាតិ ៧ មករា ខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩ – ៧ មករា ២០១៩ ។ ឯកឧត្ដមបញ្ជាក់ថា ឆ្នាំនេះយើងរៀបចំពិធីខាងលើ ចំនួន ២លើកដែលលើកទីមួយ គឺការត្រៀមមន្ត្រី ដើម្បី ទៅចូលរួមនៅឯថ្នាក់ជាតិ នាថ្ងៃទី៧ មករា ឆ្នាំ២០១៩ នៅពហុកីឡាជាតិអូឡាំពិក និងលើកទី២ យើងធ្វើនៅកម្រិតខេត្ត នាថ្ងៃទី ៨មករា ឆ្នាំ២០១៩ ពោលគឺ ក្រោយពីការប្រារព្ធ នៅថ្នាក់ជាតិមួយថ្ងៃ ។
ប៉ុន្តែ ខុសត្រង់ថា នៅឯថ្នាក់ជាតិ បានរៀបចំមីទ្ទីញ និងការដង្ហែក្បួនរថយន្ត ដោយបានតុបតែងលម្អ បង្ហាញអំពីអត្តសញ្ញាណ ក៏ដូចជា សមិទ្ធិផលនានា របស់ខេត្ត ដែលសម្រេចបានក្នុងរយៈពេល ២០ឆ្នាំ ចុងក្រោយ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ដោយឡែក នៅកម្រិតខេត្ត គឺយើង គ្រាន់តែប្រារព្ធពិធីជួបជុំ និងការតាំងបង្ហាញសមិទ្ធផល របស់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ក៏ដូចជា ការតាំងពិព័រណ៌ផលិតផលខ្មែរ របស់វិស័យឯកជន តែប៉ុណ្ណោះ ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន ក៏បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ របស់គណកម្មាការ នៃការតាំងពិព័រណ៌ លើការបង្ហាញសមិទ្ធផល នៃគម្រោង នៃការអភិវឌ្ឍ របស់ខេត្តក្នុងឱកាស នៃពិធីសម្ពោធវិមានអនុស្សាវរីយ៍ឈ្នះឈ្នះ ដែលប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី ២៩-៣០ និង ៣១ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ ហើយខេត្តកំពង់ចាម ក៏មានការរៀបចំការតាំងពិព័ណ៌អំពីសមិទ្ធផល និងផលិតផលនានា របស់ខេត្ត ដើម្បី បង្ហាញទៅដល់ប្រជាពលរដ្ឋ បានចូលរួមទស្សនាកម្សាន្ត ក្នុងរយៈពេល ៥ថ្ងៃ ដោយសម្រេចបានលទ្ធផលល្អប្រសើរ ផងដែរ ៕





































