កំពង់ធំ៖ សកម្មភាពរបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានយកទុកដាក់ មកលើការរស់នៅ ប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ របស់បងប្អូន ក្រុមគ្រួសាររបស់អតីតយុទ្ធជន និងអតីតយុទ្ធជនពិការ ដែលរស់នៅក្នុងទឹកដីខេត្តកំពង់ធំ ដោយមានការចុះសួរសុខទុក្ខជាប្រចាំ ក្រោមការ បង្អុលបង្ហាញរបស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា
ជាក់ស្តែងនៅរសៀលថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការង យោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខអតីតយុទ្ធជនពិការ ដែលកំពុងតែមានជំងឺប្រចាំកាយ ចំនួន ០៤ នាក់ រស់នៅក្នុងភូមិព្រៃព្រាល.ក និងភូមិព្រៃព្រាល.ខ ឃុំត្រពាំងឬស្សីស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ក្នុងពិធីចុះសួរសុខទុក្ខអតីតយុទ្ធជនពិការ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន និងសហការី បានឧបត្ថម្ភ ជូនគ្រួសារទី១ ឈ្មោះ កែវ ម៉ិល អាយុ ៦០ឆ្នាំ ពិការជើងទាំងពីរ នៅនៅក្នុងសមរភូមិ ដោយសារជាន់មីន ទី២ លោក សុខ ហូ អាយុ ៦១ឆ្នាំ អតីតយុទ្ធជនពិការ ក្នុងសមរភូមិ បច្ចុប្បន្នកំពុងមានជំងឺរលាកថ្លើមធ្ងន់ធ្ងរ សម្រាកព្យាបាលនៅផ្ទះ ទី៣ លោក ស៊ុម អ៊ុន អាយុ ៧១ឆ្នាំ មានជំងឺប្រចាំកាយ ជីវភាពខ្វះខាតការហូបចុកប្រចាំថ្ងៃ ទី៤ លោក ប៊ុន ថន អាយុ ៥៧ឆ្នាំ ពិការ ជើងទាំងពីរ ដោយជម្ងឺ ឡើងសម្ពាធឈាម មានជីវភាពលំបាកខ្វះខាត ការឧត្តមនេះ ០១ គ្រួសារ ទទួលបាននូវ អង្ករចំនួន ៥០ គីឡូក្រាម , មីយើងចំនួន ០២ កេស , ទឹកត្រី ទឹកស៊ីអ៊ីវចំនួន ០២ យួរ និងថវិកាចំនួន ៨០,០០០ រៀល ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង មកលើអតីតយុទ្ធជនគ្រប់រូបទូទាំងប្រទេស និងបានណែនាំផ្តាំផ្ញើរឲ្យ ប្រធានសមាគមរាជធានី ខេត្ត និង សាខាសមាគមស្រុកក្រុង សហការជាមួយអាជ្ញាធរមូល ដ្ឋាន មើលការថែទាំងក្រុមគ្រួសារអតីតយុទ្ធជនឲ្យពិសេសជាងប្រជាពលរដ្ឋធម្មតា ត្រូវដឹងពីសុខទុក្ខនិង ការរស់នៅប្រកបមុខរបរចិញ្ចឹមជីវិត របស់អតីតយុទ្ធជននៅក្នុងមូលដ្ឋាន ដោយមានលេខទូរស័ព្ទ មានរថយន្ត សម្រាប់បំរើការជូនដល់អតីតយុទ្ធជន ក្នុងការជួយអន្តរាគមន៍ពេលឈឺស្កាត់យប់ប្រលប់។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ខណៈនេះអតីតយុទ្ធជនមានសិទ្ធិ និងផលប្រយោជន៍ជាច្រើន ពីសមាគម ដូចជាការចូលមន្ទីរពេទ្យរក្សាព្យាបាល ទទួលប្រាក់បេឡាមរណៈសង្រ្គោះ ដោះស្រាយរាល់បង ប្អូនកង្វះខាតផ្ទះសំបែង ដីធ្លី និងការយកចិត្តទុកដាក់របស់អាជ្ញាធរ ការយកចិត្តទុកដាក់ទាំងនេះ ក៏ដោយសារតែអតីតយុទ្ធជន គឺជាបុគ្គល ឬ គ្រួសារ ដែលធ្លាប់មានគុណបំណាច់លើប្រទេសជាតិ ក្នុងសម័យសង្រ្គាម កន្លងមក ។
ដោយ ប៊ុន រដ្ឋា




































