VIDEO មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបន្តសកម្មភាពចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រកំពុងមានជំងឺ

0

កំពង់ធំ៖  ប្រជាពលរដ្ឋ២គ្រួសារ ដែលមានជីវភាពទីទ័ល់ក្រ និងកំពុងតែមានជំងឺប្រចាំកាយ នៅស្រុកប្រាសាទបល្ល័ង្ល ត្រូវបាន ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ និងជា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំសហការី អមដំណើរដោយ លោកវរសេនីយ៍ឯក ផល ធឿន អធិការដ្ឋាន នគរបាលស្រុកប្រាសាទបល្ល័ង្ក រួមជាមួយអាជ្ញាធរដែនដីចុះសួរសុខទុក្ខនៅរសៀលថ្ងៃទី ៤ ខែមករា ឆ្នាំ ២០១៩ ។

ប្រជាពលរដ្ឋដែលមានជំងឺប្រចាំកាយ និងត្រូវបានចុះសួរសុខទុក្ខ មានឈ្មោះ ដៀប ហូ​យ​ អាយុ​ ៨៤ ឆ្នាំ មានរាងកាយស្គម នៅ​សល់​តែ​ស្បែក​ដណ្ដប់​ឆ្អឹង​  ដោយ​សារ​មាន​ជម្ងឺរាំរ៉ៃ​ប្រចាំ​កាយ​  ជាបុរស​ពោះម៉ាយ​ ដោយភរិយាទទួលមរណភាពចោល បន្សល់​កូន​ប្រុស​ម្នាក់​នៅថែរក្សាគាត់ បច្ចុប្បន្ន​រស់នៅ​ភូមិ​វាល​ល្ពាក់​ ឃុំ​សាលា​វិស័យ​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ​  ។

ចំណែកគ្រួសារទី២ គឺលោកតា រស់ យួន​ អាយុ​ ៦៥ ឆ្នាំ​ មាន​ជម្ងឺ​ប្រចាំ​កាយ​ ​វះកាត់​ពោះវៀន​ដុះសាច់ ជា​បុរស​ពោះម៉ាយ​ត្រូវ​បាន​ភរិយា​ទទួល​មរណភាព​ចោល​ បច្ចុប្បន្ន​រស់​នៅ​ជាមួយ​កូន២ នាក់ ​ដែល​មាន​ជីវភាព​ក្រី​ក្រ​លំបាក​ ក្នុង​នោះ​មាន​កូន​ស្រី​ម្នាក់​ជាជនពិការ​ជើង មិន​អាច​ប្រកប​មុខរបរ​អ្វី​បាន​ បច្ចុប្បន្នរស់នៅ​ភូមិ​ខ្មាក់​ ឃុំ​សាលា​វិស័យ​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ​ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះថែរក្សាសុខភាព ក្នុងរដូវរងារនេះ រាល់ប្រជាពលរដ្ឋដែលជួបការលំបាក ត្រូវជួយដោះស្រាយជូនពួកគាត់ភ្លាមៗទៅតាមលទ្ធភាព ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារអត់អាហារនោះទេ  និងបានថ្លែងអំណរគុណដល់បងប្អូនប្រជាជន ដែលបានបំពេញកាតព្វកិច្ចជាពលរដ្ឋដ៏ល្អក្នុងការចូលរួមបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំប្រទេសបន្តទៀត ក្នុងគោលការណ៍សន្តិភាព និងការអភិវឌ្ឍ និងសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងឱកាស ចូលឆ្នាំថ្មី ឆ្នាំសកល ២០១៩ សូមប្រកបរបររកទទួលទានមាន បាន មាស ប្រាក់ ហូរចូលច្រើនៗ និងជួបប្រទះតែនឹងពុទ្ធិពរ បួន ប្រការ។

ក្នុងឳកាសចុះសួរសុខទុក្ខនេះ ក្រុមការងារ បាននាំយកអំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ឧបត្ថម្ភជូនគាត់ក្នុងមួយគ្រួសារទទួលបាន  ​ អង្ករចំនួន ៥០ គីឡូក្រាម , មីយើងចំនួន​ ០២ កេស , ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ចំនួន ២យួរ​ និងមុងជ្រលក់ថ្នាំ ចំនួន ០១   ក្នុងនោះលោកតា ដៀប ហួយ ទទួលបានថវិកា ចំនួន ១០០,០០០ រៀល និងលោកតា រស់ យួន ទទួលបានថវិកា ចំនួន ១៥០,០០០ រៀល ផងដែរ ។

ដោយ  ប៊ុន  រដ្ឋា