កំពង់ធំ៖ ផ្នែកសឹករងស្រុកសន្ទុក ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានជ្រើសរើស វិធីដាំបន្លែបែបធម្មជាតិ គ្មានសារធាតុគេមី សម្រាប់ហូបចុកក្នុងអង្គភាព ដើម្បីសុខភាព និងកាត់បន្ថយការ ចំណាយ។
លោកវរសេនីយ៍ត្រី ប៊ន វណ្ណី មេបញ្ជាការផ្នែកសឹករងស្រុកសន្ទុក បានឲ្យដឹងនៅព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០១៩ថា ដោយទទួលបានការណែនាំ និងចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឲ្យគ្រប់កងឯកភាព វរៈសេនាតូចទាំង២ និងផ្នែកសឹករងស្រុកក្រុងទាំង៨ ជម្រុញការងារប្រឡងប្រណាំង ការងារកសាងបន្ទាយ ចិញ្ចឹមសត្វ ដាំបន្លែ ទើបផ្នែកសឹករងសន្ទុក បានអនុវត្ត តាមការណែនាំ ឲ្យកងកម្លាំងនៃផ្នែកសឹករងសន្ទុក ចូលរួមដាំបន្លែស្ទើរគ្រប់មុខ និងមានគម្រោងចិញ្ចឹមត្រី ដែមានស្រះទឹកចំនួន២ សម្រាប់ដោះស្រាយជីវភាពរបស់អង្គភាព ។
លោកវរសេនីយ៍ត្រី ប៊ន វណ្ណី បានបន្តថា ការដាំដុះបន្លែនៅក្នុងសួនច្បារដំណាំនេះ មានបន្លែដូចស្ពៃ, ឆៅថាវ, សណ្តែកគួរ ,ស្លឹកគ្រៃ ,ម្នាស់,ល្ពៅ,ត្រប់,ម្រះ,ផ្ទី, ពោតបារាំង,ត្រឡាច,ត្រគួន, ជីគ្រប់មុខ, ក្នុងនោះក៏មានដំណាំយុទ្ធសាស្រ្ត ដូចជាស្វាយ ដូង ,ខ្នុរ ដំណាំទាំងអស់នេះ គឺបានប្រើប្រាស់ជីលាមកគោ លោកបានអះអាងថា សព្វថ្ងៃនេះ ពេលចុងភៅទៅផ្សារគឺ ទិញតែត្រី និងសាច់តែប៉ុណ្ណោះ សម្រាប់បន្លែគឺមានស្រាប់ហើយ ដោយមិនបាច់ចំណាយទៅលើបន្លែនោះទេ ហើយលោកនឹងមានគម្រោង ស្តាស្រះទឹកចំនួន២ ដែលនៅក្នុងបរិវេណផ្នែកសឹករងស្រុកសន្ទុកនេះ ដើម្បីចិញ្ចឹមត្រីបន្តទៀត ។
ចំណែក ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រ សាសន៍ថា ក្រៅពីការងារស្នូលរបស់អង្គភាព គឺកងកម្លាំងទាំងអស់ ត្រូវចេះជួយយកអាសារប្រជាពលរដ្ឋ បង្កើនភាពជិតស្និទ្ធជាមួយប្រជាជនតាមមូលដ្ឋាន ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ការពារទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ សហការជាមួយគណកម្មាធិការសមាគមអតីតយុទ្ធជនស្រុក ក្រុង ដើម្បីជួយការងារ មនុស្សធម៌ ចំពោះអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលជួបការលំបាក និងបំផុសចលនា ការដាំដុះដំណាំ រួមផ្សំនៅតាមបណ្តាអង្គភាព ដាំដោយខ្លួនឯង បរិភោគខ្លួនឯង ដើម្បីសុខភាពល្អ ។
ដោយ ប៊ុន រដ្ឋា





































