បន្ទាយមានជ័យ ៖ ដើម្បីជាកាដូរសម្រាប់ឆ្នាំថ្មី២០១៩ អគារ មណ្ឌល សិក្សាល្អមួយខ្នង ដែលជាអំណោយអង្គការ Good Neighbors Cambodia ដែលមាន៣បន្ទប់ បានរៀបចំកម្មវិធីប្រគល់ទទួល ជូនសហគមន៍ សាលាបឋមសិក្សា សូភី ស្ថិតនៅភូមិសូភី ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ កម្មវិធីប្រគល់ទទួលនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី រស់ សុផានី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សួន បវរ អភិបាលនៃគណៈអភិបាលខេត្ត រួមនឹមានការចូលរួមពីសំណាក់ លោកស្រីអនុប្រធានមន្ទីអបរំ យុវជន និងកីឡា អភិបាលស្រុកអូរជ្រៅ ប្រធានប្រតិបត្តិអង្គការ Good Neighbors Cambodia ប្រចាំកម្ពុជា រួមនឹងប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើនកុះករ នៅព្រឹកថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០១៩ ។
លោក ចាន់ សម្បត្តិ ប្រធានប្រតិបត្តិអង្គការ Good Neighbors Cambodia មានប្រសាសន៍ ថា ៖ មណ្ឌលសិក្សាល្អដែលនឹងប្រគល់ជូនសហគមន៍នាពេលនេះ គឺបានសាងសង់ឡើងនៅថ្ងៃទី៦ ខែតុលាឆ្នាំ ២០១៧ រហូតមកដល់ថ្ងៃ១៥ ខែមករាឆ្នាំ ២០១៨ មណ្ឌលសិក្សាល្អចំនួន១ ខ្នង ដែលស្មើនឹង៣ បន្ទប់ (បន្ទប់កុំព្យូទ័រ បន្ទប់បណ្ណាល័យ បន្ទប់ប្រជុំ) មានទំហំទទឹង៨x១៦ម៉ែត្រ ។ នៅក្នុងអគារមណ្ឌលសិក្សាល្អ មានបំពាក់ទៅដោយប្រព័ន្ធសូឡា ប្រើពន្លឺព្រះអាទិត្យ ប្រព័ន្ធអគ្គីសនី
ប្រព័ន្ធអ៊ិនធើណែនកុំព្យូទ័រលើតុចំនួន១០គ្រឿង កុំព្យូទ័រ យួរដៃចំនួន១គ្រឿង LCD projector រួមនឹងសម្ភារៈមួយចំនួនទៀត ក្នុងនោះក៏មានបន្ទប់ទឹក ផ្លូវ បេតុង និងអណ្តូងទឹកទឹកផងដែរ ។ ដែលការសាងសង់មណ្ឌលសិក្សាល្អមួយខ្នងនេះ បានចំណាយ ថវិការអស់ចំនួន ៧២,៤៣៦ ដុល្លារ អាមេរិក ។
នាឱកាសនោះ លោកស្រី រស់ សុផានី បានមានប្រសាសន៍ ថ្លែងអំណរ គុណ និងកោតសសើរយ៉ាងខ្លាំង ចំពោះអង្គការ Good Neighbors Cambodia ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់វិស័យអប់រំនៅក្នុងកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើន ផ្តល់ឱកាសឲ្យសិស្សានុសិស្សបានរៀនសូត្រ ប្រកបដោយចំណេះដឹង តាមរយៈ ការផ្តល់ជាអគារសិក្សា រួមសម្ភារៈផ្សេងៗ ។
ពិសេសក្នុងស្រុកអូរជ្រៅ ដែលអង្គការ Good Neighbors Cambodia បានជួយជាច្រើនដល់សាលានៅតំបន់ដាច់ស្រយាលជាក់ស្តែងសាលាបឋមសិក្សា សូភីនេះ ជាដើម ។ លោកស្រី អភិបាលរងខេត្ត បានបន្តថា ៖ តាយរយៈ អគារ មណ្ឌល សិក្សាល្អមួយខ្នង វាបានផ្តល់នូវសារៈសំខាន់ណាស់សម្រាប់ឲ្យសិស្សានុសិស្សដែលនៅក្នុងសហគមន៍ទទួលបានចំណេះដឹងបន្ថែម ដោយនៅក្នុងមណ្ឌលសិក្សាល្អនេះ មានបន្ទប់កុំព្យូទ័រ បណ្ណាល័យ រួមនឹងបន្ទប់ប្រជុំជាផងដែរ ។ លោកស្រី រស់ សុផានី ក៏បានធ្វើការផ្តាំផ្ញើរដល់ក្មួយៗសិក្សានុសិស្សត្រូវចូលរួមថែរក្សាអគារមណ្ឌលសិក្សាមួយនេះ រួមនឹងសម្មទិផលនានាដែលមាននៅក្នុងសាលា ឲ្យបានល្អប្រសើរ ពិសេសត្រូវចូលរួមសម្អាតបរិស្ថាននៅក្នុងសាលារៀន ឲ្យបានស្អាតមិនត្រូវចោលពាសវាលពាសកាលឡើយ ។ ម្យ៉ាងវិញទៀត ក្មួយៗ ដែលជាទំពាងស្នងឬស្សីត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ៕ដោយ៖ឃិន គន្ធា




































