រយះពេល៤០ឆ្នាំកន្លងផុតទៅ ពលរដ្ឋខេត្តក្រចេះ នៅតែចងចាំថ្ងៃ៧មករា​

0

ក្រចេះ : ប្រជាជនកម្ពុជាទូទាំងប្រទេស ពិតជាមិនអាចបំភ្លេចបានឡើយ នូវអតីតកាលដ៏ងងឹតសូន្យសុង ដែលពោរពេញទៅដោយទុក្ខវេទនា ការឈឺចាប់ខ្លោចផ្សា និរាសព្រាត់ប្រាស់ ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ក្រោមរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម​ ។

ដោយឡែកប្រជាពលរដ្ឋ រួមនឹងអាជីវករ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅក្នុងខេត្តក្រចេះ នៅថ្ងៃ​ទី​០៥​ ខែ​មករា​ ឆ្នាំ​២០១៩​នេះ​បានលើកឡើងដូចៗគ្នាថា «៧មករា ជា​ថ្ងៃកំណើត​ទី​ពីរ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រួច​ផុតពី​របប​ប៉ុលពត»​ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋខ្មែរ ជាពិសេសបានផ្លាស់ប្តូរជីវិតរបស់ប្រជាជនពីនរក មកជាមនុស្សមនា មានសិទ្ធិសេរីភាពគ្រប់សព្វបែបយ៉ាង។

ពួកគាត់ថាក្នុងនាមជាប្រជាជនកម្ពុជាមិនគួរមើលរំលងថ្ងៃជ័យ​ជម្នះ៧មករា​ឆ្នាំ១៩៧៩នោះទេ ព្រោះ​ជា​ថ្ងៃ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស​រួចផុត​ពីរ​បប​ប្រល័យពូជសាសន៍​កម្ពុជា​ប្រជាធិបតេយ្យ ដែលជា​របប​ដែល​កាប់ សម្លាប់​ប្រជាជន​ខ្លួនឯង​យ៉ាង​ព្រៃផ្សៃ​នោះ។

ពួក​គាត់​ថា ដោយសារមានស្ថាបនិកសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន រួមនិងវីរជនខ្មែរ បានប្រឹងប្រែងអស់ពីកម្លំាងកាយចិត្តក្នុងបុព្វ ហេតុជាតិនិងប្រជាជនព្រមទាំងបានយក អាយុ ជីវិតប្តូរនឹងសេចក្តីសុខរបស់ប្រជាជន និងការរីកចម្រើនប្រទេសជាតិ​ ជា​ពិសេស​ខេត្ត​ក្រចេះ​យេីង​បាន​អភិវឌ្ឍន៍​ស្ទេីរ​តែ​គ្រប់​វិស័យ​៕​ ដោយ រដ្ឋា