សិស្ស និស្សិត៣៨៥ នាក់បានដាក់ពាក្យប្រឡងចូលក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ

0

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញសំណេះសំណាលក្មួយៗ សិស្ស និស្សិត ចំនួន៣៨៥ នាក់ដែលបានដាក់ពាក្យប្រឡង ចូលក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ក្នុងវិស័យការពារជាតិ ដើម្បីបន្តវេន ពីរៀមច្បង បំរើជាតិមាតុភូមិ ដែលពិធីនេះ ត្រូវបានរៀបចំឡើង នៅក្នុងបរិវេណទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិ ការសឹករងកំពង់ធំ ព្រឹកថ្ងៃទី ៥ ខែមករា ឆ្នាំ ២០១៩។
សម្រាប់សិស្ស និសិត្ស ដែលបានមកដាក់ពាក្យប្រឡង ដើម្បីចូលបំរើជា កងយោធពលខេមរភូមិន្ទ សម្រាប់ ឆ្នាំសិក្សា២០១៨ , ២០១៩ ដោយយោងតាម លិខិតជូនដំណឹងរបស់ក្រសួងការពារជាតិ លេខ ១៨៥ ស.ជ.ណ ២០១៨ មានសិស្ស និសិត្សមកដាក់ពាក្យ និងពិនិត្យសុខភាព និងបានកំណត់ពេលវេលាក្នុងការចូលរួមប្រឡង មានចំនួន ៣៨៥នាក់ ស្រី២០០នាក់ ក្នុងនោះមាន នាយទាហានសកម្ម ជំនាន់ទី២៣ ចំនួន៨៤នាក់ ស្រី ៤៦នាក់ នាយទាហានជើងគោកជំនាន់ទី១១ ចំនួន១៥៧នាក់ ស្រី ៩៨នាក់ នាយទាហានបន្តវេនជំនាន់ ទី១២ ចំនួន ៧០នាក់ ស្រី ៥៦នាក់ នាយទាហានបច្ចេកទេសយោធា ចំនួន៧៤នាក់ ។
ក្នុងចំណោមសិស្ស និសិត្សទាំងអស់ ដែលបានដាក់ពាក្យនៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គឺមកពីក្រុងស្ទឹងសែន , ស្រុកបារាយណ៍ , ស្រុកសន្ទុក , ស្រុកកំពង់ស្វាយ, ស្រុកស្ទោង ,ស្រុកប្រាសាទបល្ល័ង្គ ស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ ចំនួនសិស្ស និសិត្សដែលបានមកដាក់ពាក្យប្រឡង ចូលបំរើក្នុង ក្របខណ្ទកងយោធពលខេមរភូមិន្ទ ឆ្នាំ ២០១៧ និងឆ្នាំ២០១៨ ចំនួនសិស្ស និសិត្សមានការកើនឡើង១៣៥ នាក់ ចំពោះវិញ្ញាសារប្រឡងមាន ចំណេះដឹងទូទៅ , ភាសារអង់គ្លេស, និងវិញ្ញាសារកីឡា នៅវិទ្យាល័យអង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤.១៧ខែមករា ឆ្នាំ ២០១៩។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើការផ្តាំផ្ញើដល់សិស្ស និស្សិត ទី១ សិស្ស និស្សិត គឺជាទំពាំងស្នង ឫស្សី ជាធនធានមនុស្សដ៏សំខាន់របស់ប្រទេសជាតិ ត្រៀមជំនួសឲ្យរៀមច្បងយើងជំនាន់មុនដែលត្រូវចូលនិវត្តន៍ ទី២ សិស្ស និស្សិត ទាំងអស់ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគោរពវិន័យ បទបញ្ជាឲ្យបានម៉ឺងម៉ាត់បំផុត ទី៣- ត្រូវចេះស្រឡាញ់គ្នា សាមគ្គីឯកភាពគ្នា ក្នុងនាមខ្មែរដូចគ្នា ជ្រោងខ្ពស់ទង់ឯករាជ្យជាតិ អធិបតេយ្យភាពជាតិ ការពារជាតិ ទី៤- សូមសិស្ស និស្សិត ទាំងអស់កុំភ្លេចថ្ងៃ៧មករា ដែលជាថ្ងៃរំដោះប្រជាជនកម្ពុជាទូទាំងប្រទេសឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ក្នុងនោះបានរំដោះឪពុកម្ដាយ ជីដូនជីតាក្មួយៗ ទើបមានក្មួយៗថ្ងៃនេះ និងសូមក្មួយៗចងចាំនូវពាក្យមួយឃ្លាបានពោលថា ពេលបានហូបទឹកសុំកុំភ្លេចប្រភព ពេលបានជ្រកម្លប់កុំភ្លេចអ្នកដាំ ។
ដោយ ប៊ុន រដ្ឋា