កងកម្លាំងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំគោរពវិញ្ញាណក្ខន្ទកម្មាភិបាល យុទ្ធ​ជន​ យុទ្ធ​នារី

0

កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ​ រួមជាមួយថ្នាក់ដឹកនាំ មេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ នាយការិយាល័យ ក្រុមប្រឹក្សាសង្កាត់អាចារ្យលាក់ សរុបចំនួន ១៦៨ ​នាក់​ បានគោរពវិញ្ញាណក្ខន្ធ កម្មាភិបាល​ យុទ្ធ​ជន​ យុទ្ធ​នារី​ ដែល​បាន​ពលី​ជីវិត​ ដើម្បី​បុព្វហេតុ​ជាតិ​ និង​ប្រជាជន​កម្ពុជា​ នៅ​វិមាន​រំលឹក​គុណ​យុទ្ធ​ជន​ពលី​ នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ នៅភូមិ​ក្រចាប់​ សង្កាត់​អាចារ្យលាក់​ ក្រុងស្ទឹងសែន​ ខេត្ត​កំពង់ធំ​។

ដើម្បីជាការដឹងគុណចំពោះកម្មាភិបាល យុទ្ធ​ជន​ យុទ្ធ​នារី​ ដែល​បាន​ពលី​ជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​ និង​ប្រជាជន​កម្ពុជា​ រួម​ចំណែក​ក្នុង​ការ​ផ្តួល​រំលំ​  និង​ទប់ស្កាត់​មិន​ឲ្យ​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ ពត​ វឹល​ត្រឡប់​មក​វិញ​ ពិធីនេះបានធ្វើឡើង នៅព្រឹក​ ថ្ងៃទី ០៧មករា ឆ្នាំ​២០១៩​ ដើម្បី​ជាការ​រំលឹក​ខួប​អនុស្សាវរីយ៍លើក​ទី​៤០​ ទិវា​ជ័យជម្នះ​( ៧ មករា ១៩៧៩ – ៧ មករា ២០១៩ )។

គួររំលឹកផងដែរថា នៅមុនឆ្នាំ១៩៧៩ ប្រទេសកម្ពុជា បានធ្លាក់ចូលក្នុងរបបវាលពិឃាតគុកឥតជញ្ជាំង លុបបំបាត់ជំនឿសាសនា វត្តអារាម សាលារៀន  ហើយបានប្រើមនុស្សធ្វើការលើសកម្លាំង កាត់បន្ថយការហូបអាហារ ដោយក្នុងមួយពេលទទួលបានបបរមួយវែក ករណីជំទាស់ ឬមិនព្រមធ្វើតាមអង្គការ គេនិងយកទៅសម្លាប់ចោលដោយគ្មានការតវ៉ា នេះហើយជាការធ្វើទារុណកម្មក្រៅប្រព័ន្ធ ធ្វើឲ្យព្រាត់ប្រាស់ក្រុមគ្រួសារបាត់បង់អាយុជីវិត ឪពុកម្តាយ ប្រពន្ធកូន ដែលជាទីស្រលាញ់ និងប្រជាពលរដ្ឋស្លូតត្រង់ផ្សេងៗទៀតនៅទូទាំងប្រទេសកម្ពុជា​អស់​ជាង​បីលាននាក់​ ។ 

តែជាភ័ព្វសំណាងដែលមានគុណបុណ្យថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ជាចលនាវាយរំដោះសង្គ្រោះជាតិកម្ពុជា ក្រោមការដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  សម្តេច​ធម្មពោធិសាល ជា ស៊ីម និង​សម្តេច​ពញាចក្រី​ ហេង សំរិន បានរំដោះប្រទេសជាតិ​ ធ្វើឲ្យប្រទេសកម្ពុជា  មានភាពសំបូរសប្បាយ សុខសន្តិភាព និងការអភិវឌ្ឍប្រទេសឲ្យមានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះ  ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែធ្នូ កម្ពុជា បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២០នៃទិវា នយោបាយឈ្នះឈ្នះ ដែលសកម្មភាពនេះបានស្តែងឲ្យឃើញយ៉ាងច្បាស់ថា កម្ពុជាទទួលបាន សុខសន្តិភាព ពេញលេញ និងអភិវឌ្ឍបានយ៉ាងច្រើន ដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម អគារតូចធំ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ តំបន់អេកូទេសចរណ៍ និងវិស័យផ្សេងៗជាច្រើនទៀត ។

   ដោយ  ប៊ុន​ រដ្ឋា