ខេត្តកំពង់ធំ ប្រារព្វមហោស្រពប្រឡងចម្រៀងបុរាណ-សម័យ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាបុណ្យជាតិ ៧ មករា

0

កំពង់ធំៈនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំមានរៀបចំមហោស្រព ប្រឡងចម្រៀងបុរាណ-សម័យ កាលពីល្ងាច ថ្ងៃ ២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក ជំទាវ សមាជិកក្រុមប្រឹក្សា ឯកឧត្តម លោក ជំទាវ អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ ។

លោក ហ៊ិន សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានអានរបាយការណ៍សង្ខេប អោយដឹង ថា ការរៀបចំមហោស្រពប្រឡងចម្រៀងបុរាណ-សម័យ នេះមានរយៈពេល ៣រាត្រី
គឺចាប់ពីរាត្រីថ្ងៃទី០៧ ដល់០៩ ខែមករា ឆ្នាំ២០១៩ នៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ
លោកបានបន្តថា កម្មវិធីនេះដំណើរទៅបាន ដោយមានការ ជួយឧបត្ថមពីឯកឧត្តម បណ្ឌិត ងួនញ៉ិល
អនុប្រធានទី១ រដ្ឋសភា និង ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ អាជីវករ រួមទាំងប្រជាពលរដ្ឋក្នុងខេត្ត ។

ក្នុងនោះលោកប្រធានមន្ទីរ បានរៀបរាបថា បេក្ខជន បេក្ខនារី ដែលមកដាក់ពាក្យប្រឡងសរុបចំនួន ៧៤ នាក់ បេក្ខនារី ៣២នាក់ និងធ្វើការសមជម្រុះ នៅសល់បេក្ខជន បេក្ខនារី ចំនួន ៤៣នាក់ អ្នកចម្រៀងសម័យ មានចំនួន ៤៣នាក់ បេក្ខនារី ១៣នាក់ អ្នក ចម្រៀងបុរាណ មានចំនួន ០៧នាក់ បេក្ខនារី ០៤នាក់ ។

ក្នុងឪិកាសនោះដែរ អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានខិតខំយកចិត្តទុកដាក់ និងប្រឹងប្រែងក្នុងការរៀបចំមហោស្រពសិល្បៈប្រឡងចម្រៀង សម័យ-បុរាណនេះ ដើម្បីរួមចំណែកធ្វើឲ្យប្រជាពលរដ្ឋសប្បាយរីករាយ និងបង្ហាញពីប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ដោយមិនមានការភ័យខ្លាចដូចមុនទៀតទេ ។

ឯកឧត្តមបានបន្តថា មហាជ័យជំនះ ៧ មករា ១៩៧៩ គឺជាសច្ចធម៌នៃប្រវត្តិសាស្ត្រកម្ពុជា ដែលគ្មាន នរណាម្នាក់អាចបដិសេធបានឡើយថ្ងៃ ៧ មករា ជារៀងរាល់ឆ្នាំ គឺជា ទិវាបុណ្យជាតិរបស់ប្រជាជនកម្ពុជា ដែលបានជួយរំដោះប្រជាជនកម្ពុជា ឲ្យរួចផុតពីការកាប់សម្លាប់ក្នុងរបប ប៉ុល ពត ប្រល័យពូជសាសន៍នាអំឡុង រយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ប្រសិនបើគ្មានថ្ងៃជ័យជំនះ ៧មករា ១៩៧៩ ប្រជាជនកម្ពុជាក៏គ្មានអ្វីៗ ដូចថ្ងៃនេះដែលប្រជាពលរដ្ឋគ្រប់រូបទទួលបាននូវសិទ្ធិសេរីភាពជាពិសេស សិទ្ធិមានជីវិតរស់នៅ និងមានការស្តារ អភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា ។

ឯកឧត្តមបានបន្តទៀតថា នៅក្នុងខេត្តកំពង់ធំយើង ពិតជាមានមោទនភាពយ៉ាងក្រៃលៃដោយ ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលជា សម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ខែកក្កដា ឆ្នាំ២០១៧
កន្លងទៅនេះ គឺជាអត្តសញ្ញាណរបស់ជាតិ ។
ជាចុងក្រោយ ឯកឧត្តម បានផ្តាំផ្ញើរដល់ក្មួយៗជាបេក្ខជន បេក្ខនារី ដែលចូលរួមប្រឡងចម្រៀងក្នុងមហោស្រពពេលនេះត្រូវខិតខំប្រឹងបញ្ចេញឲ្យអស់ពីសមត្ថភាព និងទេពកោសល្យដែលខ្លួនមានដើម្បីទទួលបាននូវចំណាត់ថ្នាក់ជ័យលាភីសម្រាប់អង្គមហោស្រព ដើម្បីក្លាយជាអ្នកបន្តវេនពីរៀមច្បងបន្តទៅមុខទៀត៕ អត្ថបទដោយ សុផល