សមាគម​អតីត​យុទ្ធ​ជន​កម្ពុជាខេត្តកំពង់ធំ បានប្រគល់ផ្ទះជូនដល់អតីតយុទ្ធជនពិការស្រុកបារាយណ៍

0

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ បាន​ដឹកនាំ​សហការី​ រួម​ជាមួយ​ ឯកឧត្តម​ឧត្ដមសេនីយ៍​ត្រី​ឃួន​ សុវណ្ណ​ នាយក​រង​ នៃអធិការដ្ឋានអគ្គបញ្ជាការ​ នៃកងយោធពលខេមរ​ភូមិ​ន្ទ​  ព្រះសង្ឃ​ អាជ្ញាធរ​ដែនដី​ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​កុះករ​ បាន​ទៅ​ចូលរួមសំណេះសំណាល​សាកសួរ​សុខទុក្ខ​ និង​ប្រគល់​ផ្ទះ​ថ្មី​ជូន​អតីត​យុទ្ធ​ពិការ​ឈ្មោះ​នៅ​ ហ៊ាន​ ។

​លោក ​នៅ​ ហ៊ាន ជាអតីត​យុទ្ធ​ពិការមានឋានៈពលទោ​  អតីត​អង្គភាព​យោធា​ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​ ត្រូវ​របួស​ពិកា​រ​ ក្នុង​សមរភូមិ​  នៅឆ្នាំ​១៩៩១​ បានទទួលផ្ទះថ្មី ដែលជាខ្នងផ្ទះខ្នងផ្ទះ​ទី​១០៨​ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជាបាន​ប្រគល់​ជូន​អតីត​យុទ្ធ​ជន​ពិការ​  ដែលមានជីវភាពខ្វះខាត រស់​ នៅ​ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំនៅ​រសៀល​ថ្ងៃ​ទី​០៨​ ខែ​មករា​ ឆ្នាំ​២០១៩​  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ​មេបញ្ជាការ​រង​យោធភូមិភាគ​ទី​៤​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បានមានប្រសាសន៍ថា ក្រោយពីបានសិក្សាស្វែងពីជីវភាពរស់នៅ របស់ក្រុមគ្រួសារលោក ​នៅ​ ហ៊ាន ដែល មានជីវភាពខ្វះខាត មាន​ភរិយា​ឈ្មោះ​ជុំ​ ស៊ីថុល​ អាយុ​៥៧​ ឆ្នាំ​ មាន​កូន​ចំនួន​១២​ នាក់​ ប្រុស​ ៦នាក់​ និង​ស្រី៦​ នាក់​  មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​រួច​ហើយ​ចំនួន​ ១០​ នាក់​  បច្ចុប្បន្ន​រស់​នៅ​ភូមិ​ខ្លុយ​ខាង​លិច​ ឃុំ​សូយោង​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​  ។ 

ក្នុងឳកាសប្រគល់ផ្ទះ​ថ្មីជូនក្រុមគ្រួសារអតីតយុទ្ធជន ​ដែល​បាន​សាង​សង់​រួច ​គឺមាន​ទំហំ​៤ម៉ែត្រ​x​៦ម៉ែត្រ​ សង់​ពីឈើ​ខ្ពស់​ផុត​ពី​ដី​ រនាប​និង​ជញ្ជាំង​ក្តារ​ ប្រក់​ស័ង្កសី​ ដែល​បាន​ចំណាយ​ថវិកា​ក្នុង​ការ​សាង​សង់​អស់​ទឹក​ប្រាក់​ចំនួន​៧,២៥០,០០០​ រៀល​  ក្នុង​ពិធី​នេះ​ក្រុម​ការងារ ​បាន​ពាំនាំ​នូវ​អំណោយ​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ផ្ដល់​ជូន​គាត់​បន្ថែម​ទៀត​មាន​អង្ករ​ចំនួន​៥០គីឡូ​ក្រាម​  មីយើងចំនួន​២កេស​  ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ចំនួន​២យួរ​  មុង​ជ្រលក់​ថ្នាំ​ចំនួន​ ២​ និង​ថវិកា​ចំនួន​៧២០,០០០​ រៀល  អតីត​យុទ្ធ​ជន​ពិការ​ រំភើបចិត្ត​ទ្រហ៊ោយំ​ មិន​នឹក​ស្មាន​ថា​មាន​ថ្ងៃនេះ​  ដែល​បាន​ទទួល​ផ្ទះ​ថ្មី​   ព្រោះ​គាត់​គិត​ថា​ អាច​រស់​នៅ​ក្នុង​ផ្ទះ​តូច​ចង្អៀត​ ដែល​មាន​សមាជិក​ចំនួន​១២​ នាក់​កន្លង​មក​ជា​រៀង​រហូត​ហើយ​  ។

ដោយ ប៊ុន រដ្ឋា