មន្ទីរ ដនសស ខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆ្នាំ ២០១៨ និងលើកផែនការសម្រាប់អនុត្តបន្ត ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ឆ្នាំ ២០១៩

0

ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃអង្គារ ៣ កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង លោក លី សុភា ប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារក្រុមនីមួយៗ ក្នុងឆ្នាំ ២០១៨ និងលើកផែនការសម្រាប់អនុត្តការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ សម្រាប់ឆ្នាំ ២០១៩ ។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរក៏បានរំលឹកឡើងវិញនូវ សេចក្ដីសម្រេចលេខ ៤៣ សសរ ស្ដីពី ការកំណត់ក្រមសីលធម៌សម្រាប់ មន្ត្រីអនុវត្តគំរោងរៀបចំដែនដី និង រដ្ឋបាលដីធ្លី ដល់មន្ត្រីអនុវត្តគំរោងកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី (LASSP) ទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរទទួលបន្ទុកការងារសុរិយោដី, លោកប្រធានការិយាល័យរដ្ឋបាល, លោកប្រធានការិយាល័យ សុរិយោដី និងភូមិសាស្ត្រ, ប្រធាន អនុប្រធានក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទាំង ៣ ក្រុម ព្រមទាំងមន្ត្រីរដ្ឋបាល នៃកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី សរុបចំនួន ២៩ រូប (ស្រី ០៤ រូប) ៕