មេបញ្ជាការ​រង​យោធភូមិភាគ​ទី​៤​ចុះសួរ​សុខទុក្ខ​ យុទ្ធ​មិត្ត​រៀមច្បង​​ធ្លាប់​រួម​អាវុធ​ជាង​២ទសវត្សរ៍​

0

កំពង់ធំ៖ នេះជាការយកចិត្តទុកដាក់ ពីសំណាក់ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ចំពោះយុទ្ធ​មិត្ត​រៀមច្បងដែល កន្លងមក​​ធ្លាប់បាន​រួម​អាវុធជាមួយគ្នា​ជាង​២ ទសវត្សរ៍ បានអញ្ជើញចុះសួរ​សុខទុក្ខ លោក​វរសនីយ៍​ទោ​ឃួន​  សួន​ អតីត​យុទ្ធ​ជន​ពិការ បច្ចុប្បន្ន​រស់​នៅ​ភូមិ​អង្គរជា​ ឃុំ​ច្រនៀង​ ស្រុក​បារាយណ៍​  ខេត្ត​កំពង់ធំ​  នៅ​ព្រលប់​ថ្ងៃ​ទី​០៨​ខែ​មករា​ ឆ្នាំ​២០១៩​។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ បានមានប្រសាសន៍ថា នេះគឺជាការនឹករលឹកនូវវីរភាពដ៏អង់អាចក្លាហាន របស់យុទ្ធ​មិត្តរៀមច្បង​  និងបានចែករំលែកបទពិសោធន៍ ដ៏មានតំលៃរបស់រៀមច្បង បាននាំមកនូវភាពជោគជ័យ ទាំងចេតសាស្រ្ត និងយុទ្ធសាស្រ្ត ក្នុងការដឹកនាំ យុទ្ធ​មិត្តរួមអាវុធជំនាន់ក្រោយ និងក្មួយដែលជាកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ដើម្បីបន្តវេនដឹកនាំការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងពីការបោះឆ្នោត ដើម្បីការពារជាតិមាតុភូមិ ការពារបូរណៈភាពទឹកដី នាំយកនូវសេចក្តីសុខ សន្តិភាពជូនប្រជាពលរដ្ឋ ទូទាំងប្រទេស ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល នាំមកសិទ្ធសេរីភាព ស្ថេរភាពនយោ​បាយ រួមទាំងការអភិវឌ្ឍន៍រីកចំរើន ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​  រួម​ជាមួយ​ឯកឧត្តម​ឧត្ដមសេនីយ៍​ត្រី​ឃួន​ សុវណ្ណ​ នាយក​រង​នៃអធិការដ្ឋានអគ្គបញ្ជាការ​ នៃកងយោធពលខេមរ​ភូមិ​ន្ទ​ និង​លោក​ជំទាវ​ទ្រី​ ណាត​ បាន​បន្តដំណើ​ ទៅ​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ លោក​វរសនីយ៍​ទោ​ឃួន​  សួន​ អតីត​យុទ្ធ​ជន​ពិការ​  ធ្លាប់​មាន​គុណ​បំណាច់​ចំពោះ​ជាតិ​ ដោយ​បាន​បំពេញ​ភារកិច្ច​ក្នុង​ភាពស្មោះត្រង់​ ម៉ឺងម៉ាត់​ក្នុង​ការ​ងារ​ សម្រេច​គ្រប់​ភារកិច្ច​ដែល​ថ្នាក់​លើ​បាន​ប្រគល់​ជូន​  ។

លោក​វរសនីយ៍​ទោ​ឃួន​ សួន​ ធ្លាប់​បំពេញ​ភារកិច្ច​ជា​គ្រូ​បង្រៀន​នយោបាយ​នៅ​សាលា​យោធភូមិភាគ​ទី​២​ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​ ជា​អនុប្រធាន​យោធា​ស្រុក​បារាយណ៍​  ជា​ប្រធាន​នយោបាយ​បាយយោធាស្រុកស្ទោង​ នៃយោធាខេត្តកំពង់ធំ​ ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​ និង​ចុងក្រោយ​ជា​នាយការិ​យាល័យទី២​  និង​ជា​នាយសេនាធិការ​រង​  នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ក្នុង​ទសវត្សរ៍​ឆ្នាំ​២០០០​ ។

លោក​វរសនីយ៍​ទោ​ឃួន​ សួន បច្ចុប្បន្ន​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​  រស់​នៅ​ជាមួយ​ភរិយា​ ​ ដោយ​មិន​អាច​ប្រកប​មុខរបរ​អ្វី​បាន​ ក្រៅពី​ប្រាក់​បៀវត្ស​ប្រចាំ​ខែ​ ដែល​រាជរដ្ឋាភិបាល​បាន​ផ្ដល់​ជូន​ឡើយ​  គាត់​រស់​នៅ​ ក្នុង​ជីវភាព​លំបាក​ខ្វះខាត​ ក្នុង​ឱកាស​សំណេះសំណាល​សាកសួរ​សុខទុក្ខ​នេះ​ ក្រុម​ការងារ​យេីង​បាន​ឧបត្ថម្ភ​ជូន​គាត់​នូវ​អង្ករ​ចំនួន​៥០​ គីឡូ​ក្រាម​ មីចំនួន១​ កេស​ ទឹក​ត្រី​ ទឹក​ស៊ីអ៊ីវ​ចំនួន​២យួរ​  និង​ថវិកា​ចំនួន​ ៤០០,០០០​ រៀល​  ។

ដោយ ប៊ុន រដ្ឋា