មិននឹកស្មានសោះ!ថាឃាតករ សម្លាប់ក្មេងតូចនៅឃុំក្តុលសែនជ័យ គឺមានអាយុតែត្រឹម១០ឆ្នាំដោយមានគំនុំខឹងនិងម្តាយក្មេងដែលស្លាប់ គម្រាមវៃ និងសម្លាប់

0

កំពង់ឆ្នាំង: ម្សិលមិញមានការភ្ញាក់ផ្អើលដោយបានបាត់ខ្លួនក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់ តាំងពីព្រឹករហូតដល់រសៀលទើបប្រទះឃើញសាកសពក្នុងទឹកស្ទឹង ដែលហេតុការណ៍នេះបានកើតនៅភួមិក្តុលសែនជ័យ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ភ្លាមៗនោះសមត្ថកិច្ចបានឃាត់ខ្លួនកុមារាម្នាក់ ឈ្មោះប៊ុន សុភារិទ្ធអាយុ 10 ឆ្នាំ មានទីលំនៅ ភូមិ ឃុំ ជាមួយគ្នា និងស្ត្រីម្នាក់យកមកធ្វើការសាកសួរបន្ទាប់មកបានបន្តឃាត់ខ្លួនមនុស្ស២នាក់បន្តទៀត ទាំងអស់៤នាក់។

ចំពោះ សាកសពក្មេងប្រុសអាយុ ៣ឆ្នាំ ត្រូវបានក្រុមគ្រួសារប្រទះឃើញស្លាប់ក្នុងទឹកស្ទឹង នៅចម្ងាយប្រមាណ ១គីឡូម៉ែត្រ ពីផ្ទះកុមាររងគ្រោះ ស្ថិតក្នុងភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុស បានមានប្រសាសន៍ឲ្យដឹងថា កុមារារងគ្រោះមានឈ្មោះ រិន សារ៉ុង អាយុ ៣ឆ្នាំ ត្រូវជាកូនរបស់លោកស៊ិម សារឿន អាយុ 22 ឆ្នាំនិងម្ដាយឈ្មោះ នឿន សុភិន អាយុ 21 ឆ្នាំ គ្រួសារនេះ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។

ប្រភពដដែលបានបន្តថានៅមុនកើតហេតុម៉ោងប្រមាណជាង៨ ព្រឹកថ្ងៃទី ៩ខែមករា មានសាក្សីគេឃើញកុមារា ដែលជាក្មេងសង្ស័យ ឈ្មោះ ប៊ុន សុធារិទ្ធ បានដឹកកុមារារងគ្រោះអាយុ ៣ឆ្នាំទៅខាងជើងផ្ទះរបស់ខ្លួន ហើយចាប់ពីពេលនោះមកក៏បានបាត់ក្មេងប្រុសរងគ្រោះរហូតតែម្តង។

លោកបានបន្តថាក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់និងមានមានសាក្សីដែលបានឃើញក្មេងប្រុសខាងលើ ដឹកកុមារា រងគ្រោះទៅទឹកស្ទឹងដែលមានចំងាយប្រមាណជា ១ គីឡូម៉ែត្រពីខាងជើងផ្ទះរបស់ខ្លួនហើយអ្នកដែលបានឃើញហេតុការណ៍ក៏បានប្រាប់ក្មេងទាំងពីរថាកុំឱ្យទៅលេងទឹកប្រយ័ត្នលង់ទៀតផង។

ចាប់តាំងពីបាត់ក្មេងរងគ្រោះឪពុកម្តាយបានខំដើររកតាំងពីព្រឹករហូតដល់ម៉ោង ១ និង ៣០ នាទីរសៀល​ ទើបបានប្រទះឃើញក្មេងប្រុសរងគ្រោះស្លាប់នៅក្នុងទឹកស្ទឹង ដែលមានចម្ងាយប្រមាណ ១គីឡូម៉ែត្រពីខាងជើងផ្ទះកុមាររងគ្រោះ។

ក្រោយពីពិនិត្យធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចទៅលើសពកុមារារងគ្រោះបានសន្និដ្ឋានថាក្មេងរងគ្រោះគឺរងគ្រោះ មានស្នាមជាំខ្នង ដូចមានស្នាមវៃរយះផ្ទៃមុខ និងកផងដែរ ។

យ៉ាងនេះក្តីសមត្ថកិច្ចនៅមិនទាន់បង្ហាញមុខជនសង្ស័យជាកុមារាអាយុ ១០ឆ្នាំនោះនៅឡើយនោះទេ ជាមួយគ្នានេះ ស្ត្រីម្នាក់ ដែលត្រូវជាយាយរបស់ក្មេងសង្ស័យនោះ សមត្ថកិច្ចក៍មិនទាន់ធ្វើការសន្និដ្ឋានបែបណានៅឡើយនោះដែរ ដោយកំពុងតែស្រាវជ្រាវនៅឡើយ ហើយការឃាត់ខ្លួនស្ត្រីម្នាក់ទៀតក៏ដោយសារតែចម្លើយក្មេងប្រុសខាងលើប្រាប់ថាយាយឲ្យដឹកយកទៅឱ្យ។

សមត្ថកិច្ចនៅមិនទាន់ជឿសម្តីក្មេងជាជនសង្ស័យនៅឡើយនោះទេ ហើយបានបន្តរការស្រាវជ្រាវ រហូតដល់ម៉ោង១០យប់ ក្រោយពីបន្តការសាកសួរ យប់ម៉ិញនេះ កុមារាឈ្មោះ ប៊ុន សុភារិទ្ឋ បានសារភាពថាពិតជាបានសម្លាប់ក្មេងអាយុ៣ឆ្នាំនោះមែន ដោយយកទៅជ្រមុជក្នុងទឹកស្ទឹង ដោយខឹងនិងម្តាយក្មេងតូចនោះបានគម្រាមវៃ និងសម្លាប់ខ្លួននាពេលកន្លងមក ។តែមនុស្ស៣នាក់ទៀត សមត្ថកិច្ចប្រាប់ថាៈ មិនទាន់ជាក់លាក់នៅឡើយ កំពុងបន្តការស្រាវជ្រាវទៀត ។