កំពង់ចាម: ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើវិនិយោគ នៅក្នុងខេត្តកំពង់ចាម នេះក៏ជាលើកទី២ហើយដែល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំពិភាក្សាផ្លាស់ប្តូរយោបល់គ្នា លេីការបង្កើតសៀវភៅមគ្គុទេសក៍ ទេសចរណ៍ និងការវិនិយោគ ដោយមានការចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងម្ចាស់សហគ្រាស ភោជនីយដ្ឋាន សណ្ឋាគារ និងរមណីយដ្ឋាន ដែលពិធីនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងថា កិច្ចប្រជុំពិភាក្សនេះ ក្នុងគោលបំណងជំរុញឲ្យអ្នកវិនិយោគក្នុងស្រុក ក្រៅស្រុក ឲ្យធ្វើសម្រេចគោលបំណងកាន់តែប្រសើរជាងមុន និងផ្តល់ការប្រឹក្សាជូនអ្នកវិនិយោគទុននូវវិស័យអាទិភាព មុននឹងសម្រេចការដាក់ទុនវនិយោគ។ តាមការពិភាក្សាសៀវភៅនេះ ក៏ផ្តល់ការប្រឹក្សាជូនសហគ្រិន ដែលមានចំណាប់អារម្មណ៍ចង់វិនិយោគ ថាដើរតាមនីតិវិធីច្បាប់ណាខ្លះ និងស្ថាប័នណាខ្លះ ដើម្បីសម្រេចបានដំណើរការវិនិយោគរបស់ខ្លួនទាន់ពេលវេលា នេះជាការបង្ហាញជូនអ្នកវិនិយោគិន ឲ្យបានឃើញភាពងាយស្រួល ក្នុងការប្រាស្រ័យទាក់ទង ក្នុងសង្វាក់ការងាររវាងវិស័យសាធារណៈ និងវិស័យឯកជន។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ជាពិសេសស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគទុន ដែលមានបំណងចូលមកបណ្ដាក់ទុន នៅក្នុងមូលដ្ឋានរបស់ខ្លួន ក៏ដូចជាការវិនិយោគក្នុងខេត្តកំពង់ចាមទាំងមូលផងដែរ ៕





































